ជាតិ
សង្គមជាតិ
វៀតណាម​ឲ្យ​២៥​លាន​ដុល្លារ​សង់​អគារ​សភា ក្រោយពី​ឲ្យ​១០​លាន​សង់​អគារ​ក្រសួងការពារជាតិ​
26, Feb 2019 , 2:37 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ៥ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រមុខរដ្ឋ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម​មកកាន់កម្ពុជា។ មួយ​ក្នុងចំណោម​នោះ​គឺជា​កិច្ចសន្យា​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋា​ភិ​បាល​វៀតណាម​សម្រាប់​ស្ថាបនា​អគារ​រដ្ឋបាល​នៃ​រដ្ឋសភា​របស់​កម្ពុជា​។​


 
​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ ភាគី​កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ ក្រោម​អធិបតី​របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន និង​លោក Nguyen Phu Trong ប្រមុខរដ្ឋ​វៀតណាម​។​
 
​ឯកសារ​ទាំងនោះ​រួមមាន​៖ ១, ពិធីសារ​ស្ដីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​កម្ពុជា​-​វៀតណាម​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវគោក ២, សេចក្ដី​បន្ថែម​ស្ដីពី​ការកែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​កម្ពុជា​-​វៀតណាម​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវទឹក ៣, អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ២៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់រ​ដ្ឋ​សភា ៤, ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ស្ដីពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩-២០២០ និង​ទី​៥, អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២០១ រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរ​វៀតណាម​។​
 
​សូមបញ្ជាក់ថា ប្រមុខរដ្ឋ​វៀតណាម​លោក Nguyen Phu Trong មក​ទស្សនកិច្ច​កម្ពុជា​ចំនួន​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កម្ពុជា និង​វៀតណាម​។​
 
​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៨ កន្លងទៅ ក្នុង​ដំណើរ​ទស្សនកិច្ច​កម្ពុជា​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​វៀតណាម រដ្ឋាភិបាល​វៀតណាម​បានផ្ដល់​ថវិកា ១០​លាន​ដុល្លារ​សម្រាប់​កសាង​អគារ​ក្រសួងការពារជាតិ​រប​ស់​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com