អន្តរជាតិ
លោក ត្រាំ នឹង​ជួប​លោក ស៊ី ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​
26, Feb 2019 , 10:39 pm        
រូបភាព
លោក ស៊ី ជិនភីង និងលោក ដូណាល់ ត្រាំ នាជំនួបនៅអាហ្សង់ទីន (រូបភាព AFP)
លោក ស៊ី ជិនភីង និងលោក ដូណាល់ ត្រាំ នាជំនួបនៅអាហ្សង់ទីន (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។ លោក ត្រាំ និយាយ​បែបនេះ ខណៈ​ការចរចា​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​មាន​ទទួលបាន​លទ្ធផល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង ក្រោយ​ការចរចា​ច្រើន​ជុំទាំង​នៅ​វ៉ាស៊ីនតោន និង​នៅ​ប៉េកាំង​។

 
​ចាប់តាំងពី​ជម្លោះ​ពាណិជ្ជកម្ម​ផ្ទុះឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៨ អាមេរិក និង​ចិន​ស្វះ​ស្វែងរក​ច្រក​ចេញពី​ជម្លោះ​នេះ សំដៅ​បញ្ចៀស​គ្រោះកាច​នេះ​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​។ មេដឹកនាំ​អាមេរិក និង​ចិន​ក៏​ណាត់​ជួបគ្នា​នៅ​ដើមខែ​ធ្នូ ឆ្នាំ​ដដែល​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅ​អា​ហ្ស​ង់​ទីន ហើយក៏​ព្រមព្រៀងគ្នា​ផ្អាក​ការអនុវត្ត​ការដំឡើង​ពន្ធ​ដាក់​ទំនិញ​គ្នា​រយៈពេល​៩០​ថ្ងៃ ដើម្បី​ទុកពេល​ចរចា​រក​ដំណោះស្រាយ​។​
 
​ក្រោយៗ​មកទៀត មន្ត្រីជាន់ខ្ពស់​អាមេរិក និង​ចិន​ក៏​ជួបចរចា​គ្នា​ជាច្រើនលើក​ទាំង​នៅ​រដ្ឋធានី​ប៉េកាំង និង​វ៉ាស៊ីនតោន​ផង ក្នុង​គោលដៅ​ស្វែងរក​ចំណុច​រួមគ្នា​។ ការជជែក​គ្នា​ក៏​ទទួលបាន​លទ្ធផល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ រហូតដល់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ពន្យារពេល​អនុ​វត្ត​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ដែល​គ្រោង​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​២ ខែមីនា​ខាងមុខ​បណ្ដោះអាសន្ន​ផង​។ 
 
​បន្ទាប់ពី​ជំនួប​ចរចា​ចុងក្រោយ​នៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​ចំណាយពេល​បួន​ថ្ងៃ​កាលពី​សប្ដាហ៍​មុន លោក ត្រាំ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ក៏​លើកឡើង​ពី​លទ្ធភាព​ដែល​លោក​នឹង​ជួប​សម​ភាគី​ចិន ស៊ី ជិន​ភីង ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​បញ្ហា​តែម្ដង​។ លោក​ក៏​រំពឹងថា ការចរចា​មួយ​ជុំ​ទៀត​នឹងធ្វើ​ឡើង​ឆាប់ៗ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​។ កាលពី​សប្ដាហ៍​មុន លោក​និយាយថា ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​អាចធ្វើ​នៅ​រដ្ឋ Florida នៅ​ខែមីនា​។​
 
​គេ​មិនដឹង​ច្បាស់​ថា ចិន​សុខចិត្ត​ធ្វើតាម​លក្ខខណ្ឌ​អាមេរិក​លើ​ចំណុច​ណាខ្លះ​ឡើយ ខណៈ​អាមេរិក​ទាមទារ​ឲ្យ​ចិន​ចាត់វិធានការ​ច្រើន​គួរសម​ចាប់តាំងពី​ការការពារ​កម្មសិទ្ធិបញ្ញា ការបើកចំហ​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​អាមេរិក រហូតដល់​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផងដែរ​។ ប៉ុន្តែ​ក្នុង​សារ​តាមរយៈ​បណ្ដាញ​សង្គម Twitter ក្នុង​ដំណើរ​ទៅ​ជួប​លោក គីម ជុង​អ៊ុន នៅ​ហាណូយ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​ជាមួយ​ចិន​ឈានដល់​ដំណាក់​រីកចម្រើន​ហើយ​។​
 
​វិបត្តិ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​មានការ​ដំឡើង​ពន្ធ​ទៅមក​អស់​៣១០​ពាន់​លាន​ដុល្លារ​ហើយ​នោះ ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាង​យកចិត្ត​ទុក​បំផុត ដ្បិត​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​កំណើនសេដ្ឋកិច្ច​សាកល​មិន​ខាន បើ​គ្មាន​ដំណោះស្រាយ​ទេនោះ​។ ទោះជា​យ៉ាងណា ស្ថានការណ៍​ល្អប្រសើរ​ដូច​បច្ចុប្បន្ននេះ ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជុំវិញ​ពិភពលោក​សប្បាយ​ចិត្តខ្លាំង និង​រំពឹងថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​បាន​៕

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com