ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​មន្ត្រី និង​អាជ្ញាធរ​កុំ​យក​អង្គរ​ជាទី​តាំង​ជួញដូរ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​មន្ត្រី និង​អាជ្ញាធរ​កុំ​យក​អង្គរ​ជាទី​តាំង​ជួញដូរ​
27, Feb 2019 , 9:32 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប​៖ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២៦ កុម្ភៈ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​បេតិកភណ្ឌ​។ ក្នុងនោះដែរ លោកស្រី ភឿង ស​កុ​ណា បាន​រម្លឹក​ពី​បញ្ហា​មួយ​ដែល​កំពុង​កើតឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ ទាំង​ការងារ​អភិរក្ស ការទន្ទ្រាន​ដី​ក្នុង​តំបន់ រួម​និង​សំណង់​ខុសច្បាប់​ជាដើម​។​

 
 
​សូម​ស្ដាប់​សំឡេង​លោកស្រី ភឿង ស​កុ​ណា​



 
​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​អារម្មណ៍​រីករាយ​ទៅនឹង​សមិទ្ធិផល​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​ទទួលបាន​ទាក់ទង​នឹង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។ តែ​ទន្ទឹមនឹងនោះ លោកស្រី ភឿង ស​កុ​ណា ក៏បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ត្រូវ​បន្ដ​ខិតខំ​ទៀត ក្នុង​ស្មារតី​ខ្ពស់​លើ​ការងារ​បេតិកភណ្ឌ​មួយ​នេះ​។ 


 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ពី​ករណី​សំណង់​ខុសច្បាប់ និង​ការទន្ទ្រាន​ដី​ក្នុង​តំបន់​មក​និយាយ​ផងដែរ​។ សម្រាប់​លោកស្រី ភឿង ស​កុ​ណា ករណីនេះ​អាចមាន​មូលហេតុ​ច្រើន ដូចជា​កង្វះ​ការផ្សព្វផ្សាយ ការ​លោភលន់​របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ផ្ទាល់ រួម​និង​ការឃុបឃិត​ពី​មន្ត្រី​មូលដ្ឋាន​ជាដើម​។ លោកស្រី ភឿង ស​កុ​ណា បន្ថែមថា​៖« ពេល​គេ​ធ្វើ​អ្វី​មិន​សមរម្យ​ចំពោះ​អង្គរ យើង​គួរ​មានចិត្ត​ឈឺ ហេតុអ្វី​ឱ្យ​បរទេស​មក​ឈឺ​ជំនួស​យើង​ទៅវិញ​...​ត្រូវមាន​ការណែនាំ ផ្សព្វផ្សាយ ពេលខ្លះ​មេភូមិ​ខ្លះ​ឱ្យទាន់​យល់ដឹង ចេះតែ​ចុះហត្ថលេខា​លក់ (​ដី​) ដោយ​មិនដឹងថា ជា​តំបន់​ការពារ​...​បច្ចុប្បន្ន អប្សរា ឈឺក្បាល​រឿងនេះ​ចង់​ពិបាក​ជាង​បញ្ហា​ជួសជុល​ប្រាសាទ ការងារ​ស្រាវជ្រាវ រឿងនេះ​ធ្វើឱ្យ​ខាត​ពេល​ច្រើន​»​។​
 
​យ៉ាងណា​លោកស្រី​ថា បញ្ហា​ខាងលើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រឹងប្រែង​ធ្វើ​ច្រើន​ហើយ តែ​ភាពអវិជ្ជមាន​នៅតែមាន​ចំពោះ​អ្នក​អត់​ដឹង និង​អ្នក​លោភលន់​មួយចំនួន​។ ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​លើកឡើង​ទៀតថា ករណីនេះ​លោកស្រី​ទទួលបាន​ព័ត៌មាន​ច្រើន ដែលថា​បុគ្គលិក​អប្សរា​យកលុយ​ពី​គេ ជា​ថ្នូរ​នឹង​ការសាងសង់ ការទិញ​ដូរ​ដី​ក្នុង​តំបន់ ហើយ​ថា​ករណីនេះ​អាចមាន​អ្នក​ក្លែងបន្លំ​ជាម​ន្ដ្រី​អប្សរា​ក៏មាន ឬ​វា​ជាការ​ពិត​ក៏​ថា​បាន ដែល​គួរ​មាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ក្នុងការ​លុបបំបាត់​។​


 
​លោកស្រី ភឿង ស​កុ​ណា ក៏​មិន​ភ្លេច​រំលឹក​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ខួប​២៥​ឆ្នាំ ថ្ងៃ​បង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ដែលថា ត្រូវ​បញ្ឈប់​ការ​ញុះញង់​ឱ្យ​ពលរដ្ឋ​រំលោភ និង​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ ដែល​នេះ​រួមបញ្ចូល​ទាំង​បេតិកភណ្ឌ​បាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​និង​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​យល់ដឹង​ពី​បញ្ហា​នេះ មិន​រំលោភ​ដីធ្លី​នៅក្នុង​តំបន់​ការពារ​និង​តំបន់​មាន​ប្រាង្គ​ប្រាសាទ​តទៅទៀត​។ 
 
​គួររម្លឹកថា ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​ប្រកាស​ទទួល​ភារកិច្ច និង​តំណែង​ថ្មី ដែល​ក្នុងនោះ​រួមមាន លោក ហង់ ពៅ ត្រូវបានតែងតាំង​ជា​អគ្គ​នាយ​អាជ្ញាធរ​ជាតិ​អប្សរា ជំនួស​លោក ស៊ុំ ម៉ាប់ ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក យិ​ត ចាន់​ដារ​ដ្ឋ និង​លោក គឹម សុ​ធិ​ន ត្រូវបានតែងតាំង​ជា​អគ្គនាយករង​ថ្មី​អាជ្ញាធរ​ជាតិ​អប្សរា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​អគ្គនាយករង​សព្វថ្ងៃ​ពីររូប​ទៀត គឺ​លោក សុខ សង្វារ និង​លោក ជុំ សុភ​មករា​៕

© រក្សាសិទ្ធិដោយ thmeythmey.com