ជាតិ
សេដ្ឋកិច្ច
លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​យានដ្ឋាន​ជួសជុល ប្តូរ​ទីតាំង​ទៅ​ជាយក្រុង
27, Feb 2019 , 8:59 pm        
រូបភាព
រូបភាពពី​​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​
រូបភាពពី​​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំៗ ប្តូរ​ទីតាំង​ទៅ​ជាយក្រុង ដើម្បី​បញ្ចៀស​បញ្ហា​ស្ទះចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​

 
​ខណៈដែល​ស្ថានភាព​កម្ពុជា កំពុងមាន​ការរីកចម្រើន លើ​វិស័យ​សេវា​ដឹកជញ្ជូន​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​អគារ​ជាច្រើន​នោះ វា​ក៏​ជះ​ឥ​ទ្ធ​ពល​អវិជ្ជមាន​ខ្លះ ដល់​ការគ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ និង​បញ្ហា​ស្ទះចរាចរណ៍ ដែលជា​ចំណុច​អាទិភាព ក្នុងចំណោម​ប្រឈម​ផ្សេងទៀត សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ដោះស្រាយ​ដែរ​។ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹង​ពី​រឿងនេះ​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំៗ ប្តូរ​ទីតាំង​ទៅ​ជាយក្រុង​វិញ ។​
 
​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​រៀបរាប់​ពី​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយ​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​រក្សាបាន​នូវ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំ​ព​ញ ស្នើសុំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំៗ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ រៀបចំ​ផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ឲ្យ​ទៅ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​កំពុង​ស្ថាបនា​»​។​
 
​ទីតាំង​ដែល​សាលា​រាជធានី​ភ្នំពេញ ចង់​ឲ្យ​ម្ចាស់​អាជីវកម្ម​ខាងលើ ផ្លាស់​ទីតាំង​ឈរជើង នោះ​គឺ​ស្ថិតនៅ​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤+១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​កាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ។ គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ នឹង​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ​២០២១​ខាងមុខ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​តឹងរ៉ឹង​លើ​រថយន្ត​ធំ ដែល​បើកបរ​ចូល​ក្រុង​តែម្ដង​។​
​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រោយពេល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ សាងសង់​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​ទៀតឡើយ​»​។​
 
​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ដាក់​វិធានការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ,​បំពាក់​បរិក្ខារ​ប្រព័ន្ធ​ចរាចរណ៍ និង​ហាមឃាត់​រថយន្ត​ធុន​ធំ​ចរាចរណ៍​ក្នុង​ក្រុង​នៅពេល​ថ្ងៃ​ក្តី ប៉ុន្តែ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ នៅតែមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ជាពិសេស​ការ​ចរាចរណ៍​រថយន្ត​ធុន​ធំ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅតែ​កើតមាន​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៦ កុម្ភៈ រដ្ឋបាល​រដ្ឋធានី​ភ្នំពេញ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច ឃាត់​អ្នកបើកបរ និង​រថយន្ត​មួយគ្រឿង ដែល​បាន​ចរាចរណ៍​ខុស​បម្រាម ហើយ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ នៅក្រោម​ស្ពាន​ស្ទឹងមានជ័យ ។ អ្នកបើកបរ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ស្នងការ​នគរបាលជាតិ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕
 

Tag:
 ឃួ​ង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com