ជប៉ុន នឹង​ផ្តល់ប្រាក់​ជាង​៤៥​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍ​កំពង់ផែ និង​ប្រព័ន្ធធារាសាស្ត្រ​
ជាតិ
សេដ្ឋកិច្ច
ជប៉ុន នឹង​ផ្តល់ប្រាក់​ជាង​៤៥​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍ​កំពង់ផែ និង​ប្រព័ន្ធធារាសាស្ត្រ​
28, Feb 2019 , 7:59 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិហិរញ្ញប្បទាន នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិហិរញ្ញប្បទាន នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩
​ភ្នំពេញ​៖ ជប៉ុន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​៤,៩៣៩​លាន​យ៉េន (​ប្រមាណ​៤៥,៣​លាន​ដុល្លារ​អាមេរិក​) ដល់​កម្ពុជា សម្រាប់​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ និង​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹក​ខាងលិច​នៅ​បឹង​ទន្លេសាប​។  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោក Yuichi SUGANO ប្រធាន JICA ប្រចាំ​នៅ​កម្ពុជា ចុះហត្ថលេខា​លើ​ឯកសារ​ហិរញ្ញប្បទាន​នេះ កាលពី​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០១៩​។

 
 
​សម្រាប់​ថវិកា​៤៥,៣​លាន​ដុល្លារ ដែល​ជប៉ុន​ផ្តល់ឱ្យ​កម្ពុជា​នេះ ត្រូវបាន​បែក​ចែក​យ៉ាងច្បាស់​ទៅតាម​គម្រោង​នីមួយៗ​។ ក្នុងចំណោម​ថវិកា​នេះ មាន​ប្រមាណ ១១,៨​លាន​ដុល្លារ សម្រាប់​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម ។ គម្រោង​នេះ​មាន​ទិសដៅ​ធ្វើ​ប​ច្ចុ​ប្ប​ភាព និង​ទំនើបកម្ម​លើ​ប្រព័ន្ធ​ចាំបាច់​នានា សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ​ឌីជីថល (Digital)​ទៅលើ​ការស្នើសុំ និង​ការ​ផ្តល់ព័ត៌មាន​ជាដើម ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ​។  គម្រោង​នេះ​នឹង​រៀបចំ​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​ដោយឡែក​ថវិកា​ប្រមាណ ៣៣.៥ លាន​ដុល្លារ​ទៀត គឺ​សម្រាប់​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​ខាងលិច​ទន្លេសាប​ជំហាន​ទី​២​។  គម្រោង​នេះ មាន​ទិសដៅ​សាងសង់ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ ដែល​នឹង​អាច​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​ជិត ១,៣​ម៉ឺន​ហិកតា​។ 
 
​បើតាម​ក្រសួង​សេដ្ឋកិច្ច គម្រោង​នេះ នឹង​រៀបចំ​បង្កើត ពង្រឹង​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក និង​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​កសិកម្ម នៅតាម​តំបន់​ជនបទ​ចំនួន​៦ ក្នុង​ខេត្ត​ចំនួន​៣ នៃ​ភាគ​ខាងលិច​បឹង​ទន្លេសាប ដែល​អនុ​គម្រោង​លំហាច ក្នុង​ខេត្តកំពង់ឆ្នាំង​, អនុ​គម្រោង​ដំណាក់​អំពិល អនុ​គម្រោង​វត្ត​ល្លូ​ង និង​អនុ​គម្រោង​វត្ត​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​, អនុ​គម្រោង​រៀម​គុន និង​អនុ​គម្រោង​ប្រឡាយ​ពោធិ៍ ក្នុង​ខេត្តបាត់ដំបង​។ 
 
​គម្រោង​នេះ​នឹង​រួមចំណែក​ផងដែរ ក្នុងការ​បង្កើន​ផលិតកម្ម​កសិកម្ម​យ៉ាង​ខ្លាំង ក្នុង​តំបន់​គោលដៅ និង បង្កើត​វិស័យ​ស​ទេសចរណ៍ធម្មជាតិ ដែលជា​កត្តា​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​តាម​ជនបទ កាន់តែខ្លាំង​។​
 
​ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន ទាំងពីរ​នេះ គឺជា​ឯកសារ​គតិយុត្ត​មួយទៀត បន្ទាប់ពី​លិខិត​ប្តូរ​សារ ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​អាច​នាំ​ឲ្យ​ឈានទៅដល់​ការអនុវត្ត​នីតិវិធី​ប​ន្ត​បន្ទាប់​ទៀត សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។​
 
​កាលពី​២០១៨ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ JICA បាន​ចុះហត្ថលេខា​លើ​ឯកសារ​សី្ត​ពី​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​ជប៉ុន សម្រាប់​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប ១៤,៤៩៧ លាន​យ៉េន (​ប្រមាណ​១៣២,២៧ លាន​ដុល្លារ​អាមេរិក​)​។ ចំនួន​ទឹកប្រាក់​ទាំងនេះ រាប់ទាំង​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​ផងដែរ​។  ក្នុងនោះ មាន​ជំនួយឥតសំណង​ប្រមាណ ១៤,៩១​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ប្រមាណ ១១៧, ៣៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម លោក អូន ព័ន្ធមុនីរ័ត្ន​៕ 

Tag:
 ជប៉ុន​
  កំពង់ផែ​
  ព្រះសីហនុ​
  កំពង់ឆ្នាំង​
  ពោធិ៍សាត់​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com