អន្តរជាតិ
ប៉ា​គី​ស្ថាន ហៅ​ឥណ្ឌា​ចរចា តែ​ឆ្លៀត​ព្រមាន​ពី​សង្គ្រាម​នុយក្លេអ៊ែរ​
28, Feb 2019 , 9:16 am        
រូបភាព
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​រដ្ឋកា​ស្មៀ​រដែ​ល​កំពុង​តានតឹង​ខ្លាំង​។ ប៉ុន្មាន​ថ្ងៃ​មកនេះ យោធា​ប្រទេស​ទាំងពីរ​បានធ្វើ​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​ដោយ​ឆ្លងកាត់​ខ្សែ​គ្រប់គ្រង​ដែល​ខណ្ឌ​ចែក​រដ្ឋកា​ស្មៀ​ជា​ពីរ​។ ហេតុការណ៍​ចុងក្រោយ គឺ​ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​ពីរ​គ្រឿង​ដោយ​អះអាងថា ឆ្លង​ចូល​ទឹកដី​ខ្លួន​គ្រប់គ្រង​។​

 
​ស្ថានការណ៍​នៅ​រដ្ឋកា​ស្មៀ​រ បាន​ពុះកញ្ជ្រោល​ខ្លាំង​ចាប់តាំងពី​ក្រុម​ជ្រុលនិយម​ដែលមាន​មូលដ្ឋាន​នៅ​ទឹកដី​ប៉ា​គី​ស្ថាន ធ្វើ​ប្រតិបត្តិការ​បំផ្ទុះ​សម្លាប់​យោធា​ឥណ្ឌា​ជាច្រើន​នាក់​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។ ឥណ្ឌា​ក៏​ឆ្លើយតប​វិញ​តាមរយៈ​ការធ្វើ​ប្រតិបត្តិការ​ដែនអាកាស​ក្នុង​ទឹកដី​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​។ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ យោធា​ប៉ា​គី​ស្ថាន​ក៏​ប្រកាសថា ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​ពីរ​គ្រឿង​ដែល​បំពាន​ខ្សែ​ត្រូតពិនិត្យ (LoC) ហើយ​ចាប់​អ្នកបើក​បរបាន​ម្នាក់​។​
 
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ ចាត់ទុក​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​ដល់​ទៅ​ពីរ​គ្រឿង​ធុន MiG-27 នេះ ជាការ​បង្ហាញ​សមត្ថភាព​របស់​ប៉ា​គី​ស្ថាន ខណៈ​គ្មាន​អ្នករបួស ឬ​ការបំផ្លាញ​អ្វី​ឡើយ​។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ លោក ខាន់ ក៏​ស្នើ​ទៅកាន់​ឥណ្ឌា​ដើម្បី​បើក​ការចរចា​បញ្ចៀស​សង្គ្រាម ហើយ​លោក​សង្ឃឹមថា ទាំង​ប៉ា​គី​ស្ថាន ទាំង​ឥណ្ឌា​នឹង​យល់​ជំហាន​ដែល​ត្រូវធ្វើ​។​
 
​ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​ឆ្លៀត​ពី​រំឭក​ពី​អាវុធ​នុយក្លេអ៊ែរ​ដែល​ប្រទេស​បងប្អូន​គូសត្រូវ​នេះ​សុទ្ធ​តែមាន​ក្នុង​ឃ្លាំង​រៀងៗ​ខ្លួន​។ ដោយសារ​តែមាន​អាវុធ​មហា​ប្រល័យ​បែបនេះ លោក ខាន់ ក៏​ដាក់​ជា​សំណួរ​ថា​៖ «​តើ​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​អាច​ដើរ​ផ្លូវខុស​បាន​ឬទេ​? ប្រសិន​ការ​រាលដាល​ផ្ទុះឡើង បើ​វា​នឹង​បញ្ចប់​នៅឯណា​?
 
​តាមពិតទៅ ឥណ្ឌា​ក្ដៅ​ស្លឹក​ខ្លាំង​ក្រោយ​ហេតុ​ការវាយប្រហារ​ថ្ងៃទី​១៤ ខែកុម្ភៈ​ដែល​សម្លាប់​ទាហាន​ខ្លួន​អស់​៤០​នាក់​។ ជាការ​សងសឹក ឥណ្ឌា​ក៏​វាយប្រហារ​គោលដៅ​ក្រុម​ជ្រុលនិយម​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​តែម្ដង ដែល​នោះ​ជា​លើកដំបូង​តាំងពី​សង្គ្រាម​ឆ្នាំ​១៩៧១ មក ដែល​ឥណ្ឌា​បើក​ប្រតិបត្តិការ​យោធា​លើទឹក​ដី​ប៉ា​គី​ស្ថាន​។ សង្គ្រាម​ឆ្នាំ​១៩៧១ ដែល​ទាំង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​មិនទាន់មាន​នុយក្លេអ៊ែរ​ដូចគ្នានេះ ក៏​នាំទៅរក​ការប្រកាស​ឯករាជ្យ​រប​ស់បង់​ក្លា​ដែ​ស​តែម្ដងទៅ​។​
 
​ភាព​តានតឹង​ខ្លាំង​បែបនេះ បង្ខំ​ឲ្យ​មាន​ការបិទ​ព្រលានយន្តហោះ​ជាច្រើន​កន្លែង ហើយ​ជើងហោះហើរ​ជាច្រើន​ក៏ត្រូវ​បាន​លុបចោល​ដែរ​។ នៅ​ប៉ា​គី​ស្ថាន ព្រមាន​យន្តហោះ​នៅ​ទីក្រុង​ធំៗ​ដូចជា​Karachi, Peshawar, Lahore, Faisalabad, Multan និង Sialko ត្រូវបាន​ផ្អាក​ដំណើរការ​។ នេះ​បើតាម​ការប្រកាស​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ប៉ា​គី​ស្ថាន​។ ឯ​ឥណ្ឌា​វិញ ព្រលានយន្តហោះ​ចំនួន​៦ ត្រូវបាន​បិទ ហើយ​ដែនអាកាស​ភាគ​ខាងជើង​រដ្ឋធានី​ញូវដែលី ក៏​ត្រូវបាន​ហាមឃាត់​សម្រាប់​យន្តហោះ​ស៊ីវិល​ដែរ​។​

Tag:
 ប៉ា​គី​ស្ថាន​
  ឥណ្ឌា​
  កា​ស្មៀ​រ​
  Imran Khan
© រក្សាសិទ្ធិដោយ thmeythmey.com