ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការលើកម្ពស់សិទ្ធិស្ត្រីលើវិស័យធុរកិច្ច និងច្បាប់ ដោយទទួលបានពិន្ទុសរុបចំនួន ៧៥ លើសូចនាករចំនួន ៨ នៃការវាស់វែងលើការលើកកម្ពស់ស្ត្រីរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅថ្ងៃទី២៨ កុម្ភៈ។
របាយការណ៍ខាងលើបង្ហាញថាកម្ពុជាទទួលបានពិន្ទុ១០០ លើសូចនាករចំនួនបី ក្នុងនោះមានការផ្ដល់ឱកាសដល់ស្ត្រីក្នុងការមានការងារ, ការផ្ដល់ឱកាសក្នុងការធ្វើជំនួញ, និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ប៉ុន្តែកម្ពុជាក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍(ស្ត្រីត្រូវបានរិតត្បិតសិទ្ធិក្រោយរៀបការរួច) ទទួលបានការវាយតម្លៃពិន្ទុ ៨០, ការទទួលបានប្រាក់ខែខ្ពស់ (ស្ត្រីនៅទទួលបានប្រាក់ខែទាបជាងបុរស) មានពិន្ទុ ៧៥, ប្រាក់សោធននិវត្តន៍មានពិន្ទុ ២៥ និងការគាំពារស្រី្តមានកូន ទទួលបានពិន្ទុ ២០។
ក្នុងតំបន់អាស៊ាន ប្រទេសឡាវទទួលបានពិន្ទុខ្ពស់ជាងគេ ៨៨ពិន្ទុ, សិង្ហបុរីទទួលបាន ៨៣ពិន្ទុ, វៀតណាម ទទួលបាន៨២ពិន្ទុ, ហ្វីលីពីន ទទួលបាន៨១ពិន្ទុ, ថៃទទួលបាន៧៥ពិន្ទុ, ឥណ្ឌូណេស៊ី ទទួលបាន ៦៤ ,មីយ៉ាន់ម៉ាទទួលបាន ៥៦ ,ព្រុយណេ ទទួលបាន ៥៣ និងម៉ាឡេស៊ី ទទួលបាន ៥០ពិន្ទុ ខណៈជប៉ុន មាន៧៩ពិន្ទុ និងចិន មាន៧៦ពិន្ទុ ។
ប្រធានស្តីទីនៃធនាគារពិភពលោក អ្នកស្រី Kristalina Georgieva បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើស្ត្រីមានឱកាសក្នុងការបង្ហាញសក្តានុពលពេញបរិបូររបស់ពួកគេនោះ ពិភពលោកនឹងមានយុត្តិធម៌ និងវិបុលភាពពេញលេញ។
អ្នកស្រីបាននិយាយថា៖«ការផ្លាស់ប្តូរពិតជាមាន ប៉ុន្តែក្នុងល្បឿនយឺតនៅឡើយ ខណៈស្ត្រី ២,៧ ពាន់លាននៅតែត្រូវបានរារាំងមិនឲ្យមានជម្រើសការងារដូចបុរស។ អ្វីដែលសំខាន់បំផុតនៅពេលនេះត្រូវដកចេញនៅឧបសគ្គទាំងនោះចេញពីស្ត្រី ហើយរបាយការណ៍នេះយើងចង់បង្ហាញពីការកំណែទម្រង់ក្នុងការពន្លឿនការផ្លាស់ប្តូរ»។
ប្រទេសអភិវឌ្ឍន៍ចំនួន៦ប៉ុណ្ណោះ ដែលទទួលបានពិន្ទុ ១០០ពេញ លើការផ្ដល់សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី មានដូចជា ប្រទេសបែលហ្ស៊ិក, ដាណឺម៉ាក, បារាំង, សាធារណរដ្ឋឡាតវីយ៉ា, លុចសំបួរ និងប្រទេសស៊ុយអែត។ ក្នុងរបាយការណ៍ក៏បានកត់សម្គាល់ថា កម្ពុជាទទួលបានពិន្ទុល្អត្រង់ចំនុចនៃការផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការគ្រប់គ្រងទ្រពសម្បត្តិ ខណៈចំណុចនឹងមានកំណែទម្រង់យឺតនៅប្រទេសដ៏ទៃក្នុងពិភពលោក។
ដ្បិតមិនទាន់បានឃើញរបាយការណ៍នេះក្តី តែកញ្ញា សេង រាសី នាយិកាអង្គការសីលការ បានទទួលស្គាល់ថា ស្ថានភាពទូទៅរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើច្រើន ក្នុងយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវាក៏នៅមានចំណុចខ្វះខាតខ្លះដែរ។ ត្រង់ចំណុចនេះកញ្ញា រាសី បានសង្គត់ធ្ងន់ថាការចូលរួមរបស់ស្រី សម្រាប់ការផ្ដល់យោបល់និងសម្រេចចិត្តមានតិចនៅឡើយ ដោយសារកត្តាសង្គមដែលបានធ្វើឲ្យរាំងស្ទះដល់ការចូលរួមនេះ ។ ដូច្នេះកញ្ញាជំរុញឲ្យរាជរដ្ឋភិបាល បន្តលើកកម្ពស់ស្ត្រីក្នុងកម្រិតថ្នាក់សម្រេចចិត្តបន្ថែមទៀត។
នាយិកាអង្គការសីលការរូបនេះ បានលើកឡើងដូច្នេះថា៖«ក្នុងរយៈពេលចុងក្រោយនេះ ស្ត្រីមានការចូលរួមច្រើននូវគ្រប់គម្រិត និងគ្រប់អាជីពដែរ ខណៈពីមុនមិនមានច្រើនទេ។ បើនិយាយពីការចូលរួមមានច្រើនប៉ុន្តែសំនួរសួរថាតើស្ត្រីដែលបានចូលរួមក្នុងថ្នាក់សម្រេចិត្តឬនៅ? តើស្ត្រីបានឈរក្នុងថ្នាក់សម្រេចិត្តស្មើនឹងបុរសឬនៅ?»។
កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ និងគោលនយោបាយស្តីពីអំពើហិង្សាលើស្ត្រី ហើយក៏មានការខិតខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីធ្វើឲ្យការផ្ដល់សេវាសម្រាប់ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងអំពើហិង្សា កាន់តែល្អប្រសើរជាងមុន ដូចជា គំនិតផ្តួចផ្តើមប្រយុទ្ធនឹងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ និងក្នុងសហគមន៍ជាដើម។ ប្រទេសកម្ពុជាក៏បានអនុវត្តសកម្មភាពសំខាន់ៗជាជំហានៗ ក្នុងការរៀបចំច្បាប់ ដើម្បីការពារសិទ្ធិរបស់ស្ត្រី នៅកន្លែងធ្វើការ។ ច្បាប់នេះចែងថា បុរស និងស្ត្រី ត្រូវទទួលបានប្រាក់ឈ្នួលស្មើគ្នា សម្រាប់ការងារដែលមានតម្លៃស្មើគ្នា ហើយការរើសអើងភេទក្នុងការជួលបុគ្គលិក គឺជាអំពើខុសច្បាប់។ សិទ្ធិសម្រាកលំហែមាតុភាព និងសិទ្ធិបំបៅកូន ក៏ត្រូវបានការពារដោយច្បាប់នេះផងដែរ។ រាជរដ្ឋភិបាលក៏កំពុងជម្រុញគោលនយោបាយថ្មីៗ សម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ស្ត្រី ដើម្បីបង្កើនជំនាញដល់ស្ត្រីក្នុងការប្រគួតប្រជែងទីផ្សារការងារផងដែរ៕