អន្តរជាតិ
លោក ត្រាំ ថា លោក​មិន​ប្រញាប់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​ឡើយ​
28, Feb 2019 , 10:52 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជជែកជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅវៀតណាម (រូបភាព Reuters)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជជែកជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅវៀតណាម (រូបភាព Reuters)
​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​ពីរ ឈានដល់​ថ្ងៃទី​ពីរ​ហើយ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​។  ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួបគ្នា​ជាថ្មី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បន្ទាប់ពី​បាន​ជួបគ្នា​ម្ដង​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ​។ ការរំសាយ​នុយក្លេអ៊ែរ ជា​របៀប​សំខាន់​លើ​តុ​ចរចា ប៉ុន្តែ​លោក ត្រាំ និយាយ​ចំពោះមុខ​លោក គីម ថា លោក​មិន​ប្រញាប់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​។​

 
​ចាប់ដៃ​ចំពោះមុខ​កាមេរ៉ា​រាប់ពាន់​គ្រឿង សំណេះសំណាល​គ្នា និង​ទទួលទាន​អាហា​ពេល​ល្ងាច​រួចហើយ ឥឡូវនេះ​ដល់ពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជជែក​គ្នា​រឿង​មែនទែន​វិញ​ម្ដង​។ លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​ម្ដងទៀត​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​នៅ​សណ្ឋាគារ Sofitel Legend Metropole ក្នុង​រដ្ឋធានី​ហាណូយ​។ 
 
​លោក ត្រាំ និង​លោក គីម នឹង​ជជែក​គ្នា​ពី​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ដែល​ជាប់គាំង​តាំងពី​ជំនួប​ចរចា​លើកទីមួយ​នៅ​សិង្ហ​បុរី​មក​។ សម្រាប់​ជំនួប​លើក​ទី​ពីរ​នេះ ប្រធានាធិបតី​អាមេរិក​ដែល​ចាត់ទុក​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ជា​ជោគជ័យ​របស់ខ្លួន ហាក់​មិន​រំពឹង​ខ្ពស់​ពេក​ឡើយ​ក្នុងការ​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ឈានដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​តាម​ការចង់បាន​របស់​ខ្លួន ខណៈ​កូរ៉េខាងជើង​ក៏​បង្ហាញ​ជំហរ​អល់អែក​ច្រើន​ដែរ​ក្នុងការ​ចរចា​កន្ល​មក​។​
 
​នា​ជំនួប​ទល់មុខ​ថ្ងៃទី​ពីរ លោក ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​ថា ល្បឿន​នៃ​ការរំសាយ​នុយក្លេអ៊ែរ មិនមែនជា​រឿង​សំខាន់​សម្រាប់​លោក​ឡើយ ហើយ​លោក​ពេញចិត្ត​ដែល​កូរ៉េខាងជើង​មិន​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយ​ក្លេ​អ៊ែរ​ក្នុងពេល​កន្លងមក​។ អ្វីដែល​លោកចង់បាន ​គឺ​កិច្ចព្រមព្រៀង​ដ៏​ត្រឹមត្រូវ​មួយ ទោះជា​ត្រូវ​ចំណាយពេល​យូរ​ក៏ដោយ​។ ចំណែក​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​វិញ ក៏​ប្រា​ប់លោក ត្រាំ វិញ​ដែរ​ថា លោក​នឹង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​គាប់ចិត្ត​។​
 
​ក្រោយ​​ជួប​តទល់​គ្នា​ម្ដងទៀត មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​បើក​ការចរចា​ទ្រង់ទ្រាយ​ធំ​ដែលមាន​មន្ត្រី​ចូលរួម​ផង បន្ទាប់មក​នឹងមាន​អាហារ​ការងារ​ថ្ងៃត្រង់​។ នៅ​ថ្ងៃរសៀល លោក ត្រាំ និង​លោក គីម នឹង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​ហាណូយ​។ បន្ទាប់​ទៀត លោក ត្រាំ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​កិច្ចប្រជុំ​នេះ មុន​ធ្វើដំណើរ​ត្រឡប់​ទៅ​អាមេរិក​វិញ​។ គេ​មិនដឹងថា លោក គីម នឹងចូលរួម​ក្នុង​សន្និសីទ​ដែរ​ឬ​យ៉ាងណា​ឡើយ​។​
 
​នា​ជំនួប​មុន​អាហារ​ពេល​ល្ងាច លោក ត្រាំ បាន​ប៉ុនប៉ង​បញ្ចុះបញ្ចូល​លោក គីម ឲ្យ​បោះបង់​នុយក្លេអ៊ែរ ដោយ​លើកឡើង​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក្រោយ​ការរំសាយ​អាវុធ​មហា​ប្រល័យ​។ ដោយ​សម្លឹងមុខ​លោក គីម ចំៗ លោក ត្រាំ និយាយថា កូរ៉េខាងជើង​មាន​សក្ដា​នុព​ល​សេដ្ឋកិច្ច​ធំ​សម្បើម មិនគួរ​ឲ្យ​ជឿ និង​គ្មាន​កំណត់ ហើយ​អាមេរិក​ត្រៀម​ជាស្រេច​ដើម្បី​ជួយ​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ប្រទេស​រីកចម្រើន​៕  

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  វៀតណាម​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com