អន្តរជាតិ
លោក គីម ជុង​អ៊ុន ស្វាគមន៍​អាមេរិក​បើក​ការិយាល័យ​ទំនាក់ទំនង​នៅ​ព្យុងយ៉ាង
28, Feb 2019 , 12:49 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រកាស​ស្វាគមន៍​ការបើក​ការិយាល័យ​ទំនាក់ទំនង​របស់​អាមេរិក​នៅ​រដ្ឋធានី​ព្យុងយ៉ាង​។ ការបើក​ការិយាល័យ​នេះ អាចជា​ការបោះ​ជំហាន​ទៅកាន់​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ ព្រោះ​អាមេរិក និង​កូរ៉េខាងជើង​គ្មាន​ចំណង​ការទូត​ផ្លូវការ​ឡើយ​។

 
​អំឡុង​ជំនួប​ចរចា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវបាន​អ្នកសារព័ត៌មាន​សួរ​ពី​លទ្ធភាព​នៃ​ការបើក​ការិយាល័យ​ទំនាក់ទំនង​របស់​អាមេរិក​នៅ​ទឹកដី​កូរ៉េខាងជើង​។ ឆ្លើយ​នឹង​សំណួរ​ថា លោក​ត្រៀមខ្លួន​ទទួលយក​ការិយាល័យ​ទំនាក់ទំនង​នេះ​ឬ​អត់​នោះ លោក គីម តប​តាម​អ្នកបកប្រែ​ថា​៖ «​ខ្ញុំ​គិតថា វា​ជា​រឿង​គួរ​ឲ្យ​ស្វាគមន៍​។​» 
 
​ការិយាល័យ​ទំនាក់ទំនង មាន​កម្រិត​ក្រោម​ស្ថានទូត ប៉ុន្តែ​បើ​អាមេរិក​អាច​បើក​ការិយាល័យ​បែបនេះ​នៅ​រដ្ឋធានី​ព្យុងយ៉ាង​មែន​នោះ ជា​រឿង​ដំណើរការ​ដ៏​ល្អ​មួយ​ក្នុងការ​ស្ដារឡើងវិញ​ទំនាក់ទំនង​រវាង​គូសត្រូវ​ទាំងពីរ​។ បច្ចុប្បន្ននេះ អាមេរិក​គ្មាន​ស្ថានទូត​នៅ​កូរ៉េខាងជើង​ឡើយ ហើយ​ប្រើប្រាស់​ស្ថាន​បេសកម្ម​បរទេស​ផ្សេងទៀត​ដើម្បី​មើល​ការខុសត្រូវ​ផលប្រយោជន៍​របស់ខ្លួន​។ ឯ​កូរ៉េខាងជើង​ក៏​គ្មាន​ស្ថានទូត​នៅ​អាមេរិក​ដែរ ក្រៅពី​បេសកម្ម​ទូត​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ញូវយ៉ក​។​
 
​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី គឺជា​ចំណុច​សំខាន់​ដែល​បាន​ព្រមព្រៀងគ្នា​តាំងពី​ជំនួប​លើកទីមួយ​សិង្ហ​បុរី​មកម្ល៉េះ​។ លោក ត្រាំ ដែល​អង្គុយ​ទល់មុខ​លោក គីម ក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​រដ្ឋធានី​ហាណូយ ក៏​គាំទ្រ​គំនិត​ខាងលើ​ដែរ និង​និយាយថា វា​ជា​រឿង​អស្ចារ្យ​។​
 
​នា​ជំនួប​ដែលមាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​ផង លោក គីម ក៏​ឆ្លើយ​សំណួរ​មួយទៀត​របស់​អ្នកសារព័ត៌មាន គឺ​តើ​លោក​ត្រៀមខ្លួន​បោះបង់​នុយក្លេអ៊ែរ​ឬ​នៅ​? មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ក៏​ឆ្លើយ​តាម​អ្នកបកប្រែ​វិញ​ថា បើ​មិនទាន់​ត្រៀមខ្លួន លោក​មិនមែន​មក​ហាណូយ​ឡើយ​។ លោក ត្រាំ ក៏​ឆ្លៀត​បន្ថែមថា ការ​តប​របស់លោក គីម ជា​ចម្លើយ​ដ៏​ល្អ​បំផុត​៕ 
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com