អន្តរជាតិ
អតីត​មេធាវី​៖ លោក ត្រាំ មិន​បោះបង់​តំណែង​ប្រធានាធិបតី​តាម​សម្រួល​ឡើយ បើ​ចាញ់ឆ្នោត​
28, Feb 2019 , 7:39 pm        
រូបភាព
​លោក Michael Cohen អតីត​មេធាវី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រិះគន់​ធ្ងន់​លើ​អតីត​មេ​កើយ​របស់ខ្លួន​ចំពោះមុខ​សមាជិក​រដ្ឋសភា​អាមេរិក​។ លោក Cohen ចោទ​លោក ត្រាំ ថា បំពាន​ច្បាប់​ប្រទេស​ពេល​កំពុង​កាន់អំណាច និង​បានដឹង​រឿង​ជាមុន​ទាក់ទង​នឹង​លួច​យក​ទិន្នន័យ​ក្នុង​សារ​អេឡិចត្រូនិក​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ។ មេធាវី​រូបនេះ​ថែមទៀត​ព្រមាន​ថា លោក ត្រាំ ទំនងជា​មិន​ចុះចេញ​តាម​សម្រួល​ឡើយ បើ​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០២០ នោះ​។​

 
​ជា​មនុស្ស​ជំនិត​រាប់សិប​ឆ្នាំ លោក Michael Cohen បែរជា​និយាយ​វាយប្រហារ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខ្លាំងៗ​ទៅវិញ​។ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ លោក Cohen បាន​ទៅ​ផ្ដល់​សក្ខីកម្ម​ចំពោះមុខ​គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក​។ ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក ត្រាំ លោក Cohen អះអាងថា លោក ត្រាំ យល់ព្រម​បង់ថ្លៃ​ដើម្បី​បិទបាំង​ទំនាក់ទំនង​ជាមួយ​តារា​ស៊ិ​ច​ស៊ី​ម្នាក់ ដែល​នោះ​ជា​សកម្មភាព​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនា​ការបោះឆ្នោត​។​
 
​ដោយ​ហៅ​លោក ត្រាំ ជា​មនុស្ស​បោកប្រាស់​ផង​នោះ លោក Cohen ក៏​ប្រាប់​សមាជិក​រដ្ឋសភា​ពី​ការដឹក​ឮ​របស់លោក ត្រាំ ជុំវិញ​ការទម្លាយ​សារ​អេឡិចត្រូនិក​ពី​សំណាក់ Wikileaks ដែល​ធ្វើ​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ រង​បរាជ័យ​ហើយ​ជ័យជម្នះ​ក៏​ធ្លា​ក់លើ​លោក ត្រាំ តែម្ដង​។ សក្ខីកម្ម​របស់លោក Cohen ជាការ​ដាក់​សម្ពាធ​ខ្លាំង​ថែមទៀត​លើ​លោក ត្រាំ ដែល​កំពុង​ស្ថិតនៅ​វៀតណាម​។​
 
​យ៉ាងណាមិញ មេធាវី​រូបនេះ​មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​អ្វី​ក្នុង​សំណុំរឿង​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​រុស្ស៊ី​ឡើយ​។ ក្នុងការ​ផ្ដល់​សក្ខី​ដែល​ផ្សាយ​ផ្ទាល់​ផង លោក Cohen អះអាងថា លោក​គ្មាន​ភស្តុតាង​អ្វី​ដើម្បី​ពី​ការចូល​ដៃ​ចូល​ជើង​របស់លោក ត្រាំ នៅក្នុង​ការចោទប្រកាន់​លើ​រុស្ស៊ី​ឡើយ ប៉ុន្តែ​យល់ឃើញថា ទំនាក់ទំនង​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន គឺ​ខុសប្លែក​ពី​ធម្មតា​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក Cohen បានបញ្ចប់​ការផ្ដល់​សក្ខីកម្ម​របស់​ខ្លួន​ជាមួយនឹង​ការព្រមាន​ថា លោក ត្រាំ នឹងមិន​ចុះចេញ​ពី​តំណែង​តាម​សម្រួល​ឡើយ បើ​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០២០ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេធាវី​ខាងលើនេះ​បានលើកឡើង​ពីបទ​ពិសោធ​ធ្វើការ​ជាមួយ​លោក ត្រាំ ជាច្រើន​ឆ្នាំ​មកនេះ ហើយក៏​និយាយ​ចំៗ​ថា អាមេរិក​ទំនងជា​មិនអាច​មានការ​ផ្ទេរអំណាច​ដោយ​សន្តិភាព​ឡើយ បើ​លោក ត្រាំ អស់តំណែង​នោះ​។​
 
​លោក Cohen ជា​មនុស្ស​ជំនិត និង​ជា​អ្នក​ប្រឹក្សា​ច្បាប់​របស់លោក ត្រាំ ។ ជាង​មួយ​ទសវត្សរ៍​មកនេះ លោក​បានធ្វើការ​ជាច្រើន​ជាមួយ​លោក ត្រាំ ទាំង​ការងារ​មុខ​ជំនួញ និង​កិច្ចការផ្ទាល់ខ្លួន​ផង​។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៨ លោក Cohen បែរខ្នង​ដាក់​លោក ត្រាំ និង​សហការ​ជាមួយ​រដ្ឋអាជ្ញា​ទៅវិញ បន្ទាប់ពី​បាន​សារភាព​លើ​បទល្មើស​គេចវេស​មិន​បង់ពន្ធ និង​ការ​កំហុស​ផ្សេងទៀត​។ ក្រុម​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​រដ្ឋសភា​ឡើងវិញ ក៏​ហៅ​លោក​ទៅ​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​លោក​ត្រាំ​តែម្ដង​។​
 
​ពី​រដ្ឋ​ហាណូយ លោក ត្រាំ ក៏​ពន្លះ​អតីត​មេធាវី​របស់ខ្លួន​។ តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ សរសេរថា លោក Cohen ធ្វើអំពើ​ខុសច្បាប់​តែម្នាក់ឯង ហើយ​កុហក​ដើម្បី​កាត់​បន្ថយទោស​ជាប់ពន្ធនាគារ​របស់ខ្លួន​ប៉ុណ្ណោះ​៕ 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Michael Cohen
© រក្សាសិទ្ធិដោយ thmeythmey.com