ជាតិ
សង្គមជាតិ
ការបំពុល​សំណល់​ប្លា​ស្ទិ​ក​ក្លាយជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​កម្ពុជា តែមាន​ដំណោះស្រាយ​...
01, Mar 2019 , 3:42 pm        
រូបភាព
វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សាលើបញ្ហាគ្រប់គ្រងសំណល់ប្លាស្ទិករៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សាលើបញ្ហាគ្រប់គ្រងសំណល់ប្លាស្ទិករៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
​ការជំរុញ​ការគ្រប់គ្រង និង​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ពី​គ្រប់​វិស័យ​ជា​រឿង​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ពេលបច្ចុប្បន្ន ខណៈ​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​នេះ​បន្ត​កើនឡើង​ទាំង​ទីក្រុង និង​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ផងដែរ​។ នេះ​ជា​យោបល់​រួម​របស់​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​អាហារ​ពេលព្រឹក​ស្តីពី «​ផលប៉ះពាល់​នៃសំណល់​ប្លា​ស្ទិ​ក និង ដំណោះស្រាយ​»​ដែល​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia)​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែកុម្ភៈ​។​


 
​ក្នុង​ពិភាក្សា​អាហារ​ពេលព្រឹក​ផ្តោតលើ​ប្រធានបទ​«​ផលប៉ះពាល់នៃ​សំណល់​ប្លា​ស្ទិ​ក និង ដំណោះស្រាយ​» ភាគី​ពាក់ព័ន្ធ​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ឯកជន វិស័យ​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ជួបពិភាក្សា​គ្នា និង​លើកឡើង​ពី​ដំណោះស្រាយ​ដែល​ត្រូវធ្វើ​ដើម្បី​ប្រយុទ្ធប្រឆាំង​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​។  
 
​លោកស្រី Marianne Teoh ប្រធាន​គម្រោង​អភិរក្ស​តំបន់​សមុទ្រ​និង​ឆ្នេរ​នៃ​អង្គការ Fauna and Flora International បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ថា ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​ជារួម​ទាំង​ទីក្រុង និង​សមុទ្រ​ជា​បញ្ហា​ធំ​សម្រាប់​កម្ពុជា ហើយ​វា​ជា​រឿង​ចាំបាច់​ត្រូវមាន​ការយកចិត្តទុកដាក់​។​
 
​ដោយ​លើកយក​លទ្ធផល​ស្រាវជ្រាវ​បឋម​របស់​ស្ថាប័ន​ខ្លួន​ជា​សម្អាង លោកស្រី Marianne Teoh បាន​បញ្ជាក់ថា កាកសំណល់​នៅ​សមុទ្រ​បច្ចុប្បន្ន ៨០​ភាគរយ​ទៅហើយ​ដែលជា​ប្លា​ស្ទិ​ក  ហើយ​ក្នុងនោះ​មាន ៤៨ ភាគរយ​ឯណោះ​ត្រូវបាន​គេ​បោះចោល​ផ្ទាល់​ចូលទៅក្នុង​សមុទ្រ​។​
 
​ប៉ុន្តែ​លោកស្រី បាន​សង្កត់ធ្ងន់ថា ថ្វីបើ​ស្តាប់ទៅ​វា​ហាក់បីដូចជា​រឿង​អវិជ្ជមាន​ក៏ដោយ វា​មានរឿង​ច្រើនណាស់​ដែល​កម្ពុជា​ជា​ពិស​ស​វិស័យ​ពាក់ព័ន្ធ​អាចធ្វើ​ទៅបាន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​នេះ​។ 
 
«​ស្ថានភាព​បំពុល​ដោយ​ប្លា​ស្ទិ​ក​ប្រហែល​ហាក់​មាន​ភាពអវិជ្ជមាន​នៅ​កម្ពុជា ប៉ុន្តែ​មានរឿង​ច្រើន​ដែល​កម្ពុជា​ត្រូវធ្វើ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ក្នុងនោះ​មាន​ទាំង​ការកែប្រែ​បទបញ្ញត្តិ​ពាក់ព័ន្ធ​, ជំរុញ​ការវិនិយោគ​លើ​ដំណោះស្រាយ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​, ជំរុញ​ដំណោះស្រាយ​ក្នុង​ក្រុមហ៊ុន​ឯកជន និង​លើកទឹកចិត្ត​ប្រជាជន​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ជាដើម​»​។ 
 
​លោក នី ផល្លី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​យល់ស្រប​ថា បញ្ហា​បំពុល​ប្លា​ស្ទិ​កជាប​ញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​រួចហើយ​ក្នុង​ដាក់ចេញ​បទបញ្ញត្តិ​ជាច្រើន​ក្នុងន័យ​សំដៅ​ការពារ​បរិស្ថាន និង​សុខុមាលភាព​ប្រជាជន​ជាពិសេស​ការដាក់ចេញ​បទបញ្ញត្តិ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ពី​ឆ្នាំ ២០១៧ និង​យន្តការ «​ទីក្រុង​ស្អាត​»​ជាដើម​។ 
 
​តំណាង​រដ្ឋាភិបាល​រូបនេះ​ទទួលស្គាល់ថា ថ្វីបើ​មានការ​ដាក់ចេញ​យន្តកា​រ​ច្រើន​កន្លងមក​ពិតមែន ការអប់រំ​ប្រជាពលរដ្ឋ​ពី​បញ្ហា​សំណល់​ប្លា​ស្ទិ​ក និង​ការសម្របសម្រួល​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ ដូច្នេះ​លោក នី ផល្លី ផ្តល់យោបល់​ថា សម្រាប់​ការដោះស្រាយ​បញ្ហា​បំពុល​ប្លា​ស្ទិ​ក​នេះ វា​គួរ​មាន​វេទិកា​រួមមួយ​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​ចូល​ពិភាក្សា និង​ប្រឹក្សា​យោបល់​ដែល​អនុញ្ញាត​ឲ្យ​មាន​ដំណោះស្រាយ​រួម​ផង​។​
 
​ចំណែក​លោក Blaise KILIAN អគ្គនាយក​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ដែល​រៀបចំ​កិច្ចពិភាក្សា​នេះ​ឡើង​នោះ ឯកភាព​ទាំងស្រុង​ថា បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ពិតជា​រឿង​ប្រឈម​ធំ​មួយ​សម្រាប់​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ​នៅពេលនេះ​។ លោក​សង្ឃឹមថា ក្រុមហ៊ុន​ឯកជន តំណាង​វិស័យ​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម​នឹង​បន្ត​ចូល​ពិភាក្សា​និង​ប្រឹក្សា​យោបល់​គ្នា​ទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ 
 
​លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​បញ្ហា​សំណល់​ប្លា​ស្ទិ​កជាប​ញ្ហា​ប្រឈម​នៅ​ស្រុក​ខ្មែរ​។ ក្នុង​កិច្ចពិភាក្សា​នេះ​យើង​មាន វាគ្មិន​ទាំងពី​វិស័យ​សាធារណៈ បញ្ហា​ឯកជន និង​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​យល់ស្រប​គ្នា​ពី​បញ្ហា​ប្រឈម និង​ការ​ឈានទៅ​ចាត់វិធានការ​នេះ​។ កន្លងមក​រដ្ឋាភិបាល​មាន​វិធានការ​ហើយ​ដែរ ហើយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក៏មាន​គោលការណ៍​រួចរាល់​ដោយ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​កន្លែងធ្វើការ​ជាដើម​។ យើង​ឃើញថា វា​មានការ​រួបរួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​បា្ល​ស្ទិ​ក​នេះ ហើយ​វា​ជាការ​គិតគូរ​ពី​ផលប៉ះពាល់​សុខភាព និង​ធានា​បរិស្ថាន​នៅ​កម្ពុជា​ដែរ​»​។ 
 
​និយាយ​ពី​តួនាទី​ក្រុមហ៊ុន​ឯកជន​ក្នុងការ​រួមចំណែក​ស្វែងរក​ដំណោះស្រាយ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក លោក ឌិន សុមេធា​រិ​ទ្ធ ដែលជា​វាគ្មិន និង​ជា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា (Cambodia Hotel Association)​ផង​នោះ  បាន​ចែករំលែក​ពិសោធន៍​ដែល​សណ្ឋាគារ Frangipani របស់លោក​បាន​អនុវត្ត ដើម្បី​ជំរុញ​កាត់បន្ថយ​ការផ្គត់ផ្គង់​សម្ភារ​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ដែល​មក​ស្នាក់នៅ​សណ្ឋាគារ​របស់លោក​។​
 
«​យើង​ដាក់​ទឹក​ឲ្យ​ភ្ញៀវ​តែ​ពីរ​ដប​ប៉ុណ្ណោះ ហើយ​ពេល​ភ្ញៀវ​ពិសា​អស់គេ​អាច​ប្រើ​ដប​ដដែល​ច្រក​ទឹក​ពី​ម៉ាស៊ីន​ចំរោះ​ទឹក​។ ក្រៅពី​ឲ្យ​ទឹកតែ​ពីរ​ដប យើង​ក៏​សន្សំសំចៃ​ផងដែរ​ចំពោះ​ផ្តល់​សម្ភារ​ប្រើប្រាស់​មួយចំនួន​ក្នុង​បន្ទប់ទឹក​ដែរ​។ ពេលខ្លះ​យើង​មិនចាំបាច់​បំពេញចិត្ត​ភ្ញៀវ​ខ្លាំងពេក​ទេ​។ នេះ​ជា​សារ​របស់​យើង​។ យើង​ចង់​ឲ្យ​ភ្ញៀវ​យល់ដឹង​ពីអ្វី​ដែល​យើង​កំពុង​ធ្វើ​ដែរ ហើយ​ចូលរួម​ជាមួយគ្នា​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ដប​ជ័រ​ឬ​ប្លា​ស្ទិ​ក​»​។ លោក សុមេធា​រិ​ទ្ធ បាន​អះអាង​ដូច្នេះ​៕

Tag:
 សំណល់​ប្លា​ស្ទិ​ក​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com