កីឡាជាតិ
ជាតិ
លោក Felix យក U22 ធ្វើ​ជម្រើសជាតិ​ឈុត​ធំ ដោយ​បញ្ចូល​សាន គឹម​ហេង និង​កាន់ ពិសាល​
02, Mar 2019 , 6:29 am        
រូបភាព
ដោយ: រួបរួម
​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas បាន​រក្សា​ឈ្មោះ​កីឡាករ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ដោយ​តម្លើង​ពួកគេ​ទៅជា​ឈុត​ធំ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​បង់​ក្លា​ដែ​ស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី​៩ ខែមីនា ខាងមុខ​។ នេះ​បើតាម​បញ្ជី​កីឡាករ​២៤​រូប​សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់ ដែល​ផ្សាយ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​



​ក្នុងចំណោម​សមាសភាព​ទាំង​២៤​រូប កីឡាករ​២២​រូប សុទ្ធតែ​បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ដែល​កម្ពុជា​បាន​ចំណាត់ថ្នាក់​លេខ​៤ និង​ពានរង្វាន់ Fair Play​។ ខ្សែបម្រើ​វិសាខា ម៉ាត់ សាក់​រ៉ាវី ដែល​បាន​រងរបួស​ក្រោយ​ប្រកួត​បាន​៣​នាទី​នា​ជំនួប​ជាមួយ U22 មី​យ៉ាន់​ម៉ា គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈុត​ធំ​។ កីឡាករ​ពីររូប ដែល​ត្រូវបាន​កោះហៅ​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​បង់​ក្លា​ដែ​ស​នោះ គឺ​ខ្សែបម្រើ សាន គឹម​ហេង នៃ​ក្លិប​វិសាខា និង​ខ្សែប្រយុទ្ធ កាន់ ពិសាល នៃ​ក្លិប​ក្រសួងការពារជាតិ​។

​នេះ​ជា​លើកដំបូង​បំផុត​ដែល​ក្រុម​ជម្រើសជាតិ មាន​សមាសភាព​កីឡាករ​ក្មេងៗ ដោយ​មិនមាន​វត្តមាន​កីឡាករ​ជើងចាស់​ល្បីៗ ដូចជា ចាន់ វឌ្ឍនាកា​, ឈិន ឈឿន​, ប៊ិន ធា​រី​, សុះ ស៊ូ​ហា​ណា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ស៊ូ យ៉ា​ទី ឬ សឿ​យ វិសាល ជាដើម​។ លោក Felix ទំនងជា​ប្រើប្រាស់​ជំនួប​មិត្តភាព​នេះ ជា​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នៅ​ហ្វីលីពីន នា​អំឡុង​ខែវិច្ឆិកា និង​ធ្នូ ខាងមុខ​។​

​សមាសភាព​កីឡាករ​៖
​អ្នកចាំទី​៖ ហ៊ុល គឹម​ហ៊ុយ (​បឹងកេត​), កែវ សុខ​សិលា (​វិសាខា​), សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​)។

ខ្សែការពារ​៖
ស៊ិន សុ​ផា​ណាត់ (​វិសាខា​), កែន ច័ន្ទ​សុភ័ក្ត្រ (​វិសាខា​), អ៊ុក សុវណ្ណ (​វិសាខា​), សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​), ឆេង ម៉េង (​វិសាខា​), យ៉ើ សា​ហ្វី (​ភ្នំពេញ​ក្រោ​ន​), សេត រ៉​ស៊ី​ប (​បឹងកេត​), លី វ៉ា​ហេ​ទ (​បឹងកេត​), ឈ​ង់ ប៊ុន​ណាត (​អង្គ​រថា​យ​ហ្គឺ​រ​)​។​

ខ្សែបម្រើ​៖
អ៊ិន សូ​ដា​វីដ (​វិសាខា​), យ៉ើ មូស្លីម (​ភ្នំពេញ​ក្រោ​ន​), អ៊​ន ចាន់​ប៉ូ​លីន (​ភ្នំពេញ​ក្រោ​ន​), ប្រាក់ ធី​វ៉ា (​ភ្នំពេញ​ក្រោ​ន​), ទៀត គឹម​ហេង (​វិសាខា​), ទេស សម្បត្តិ (​បឹងកេត​), សាន គឹម​ហេង (​វិសាខា​)​។

​ខ្សែប្រយុទ្ធ​៖
ស៊ិន កក្កដា (​វិសាខា​), ណា​រ៉ុង កក្កដា (​ក្រសួងការពារជាតិ​), សៀង ច​ន្ធា (​សាលា​បាល់ទាត់​ជាតិ​បាទី​), ឃៀង ម៉េង​ហ៊ួ (​ព្រះខ័ន​រាជ​ស្វាយរៀង​), កាន់ ពិសាល (​ក្រសួងការពារជាតិ​)៕

© រក្សាសិទ្ធិដោយ thmeythmey.com