វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ស្វែងយល់​ពី​អត្ថន័យ​តំណាង​របស់​ពណ៌​នីមួយៗ​
02, Mar 2019 , 5:30 pm        
រូបភាព
 ទោះបីជា​ពេលខ្លះ​ពណ៌​ត្រូវបាន​មនុស្ស​ក្នុង​ជាតិ​សាសន៍​ផ្សេងគ្នា និង​មាន​ប្រវត្តិ​ខុសគ្នា ឲ្យ​និយមន័យ​ខុសគ្នា​មែន​ក្តី ក៏​ន័យ​មួយចំនួន​នៃ​ពណ៌​ត្រូវបាន​មនុស្ស​ទូទៅ​យល់​ស្រដៀងៗ​គ្នា​ដែរ​។ តាម​គេហទំព័រ color-wheel-pro.com ខាងក្រោម​នេះ​ជាការ​បកស្រាយ​ពី​អត្ថន័យ​ពណ៌​មួយចំនួន​៖

 
​ក្រហម​៖ តំណាង​ឲ្យ​ឈាម ភាព​អង់អាច កម្លាំង​អនុភាព ភាព​ចង់បាន ភាព​ទាក់ទាញ ការស្រឡាញ់ តែ​ពេលខ្លះ​វា​បង្ហាញ​ពី​អសុ​វត្តិភាព ជំលោះ សង្គ្រាម​ជាដើម​។ ក្រហម​ជា​ពណ៌​មុត និង​ជះ​ខ្លាំង ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍រ​ហ័យ​។ 
 
​ទឹកក្រូច​៖ ទឹកក្រូច​ផ្សំ​ចេញពី​កម្លាំង​នៃ​ពណ៌​ក្រហម និង​ភាពសប្បាយ​រីករាយ​ដែល​ចេញពី​ពណ៌​លឿង​។ វា​បង្ហាញ​ពី​អារម្មណ៍​រំភើប ភ្ញាក់ផ្អើល ច្នៃប្រឌិត ការលើកទឹកចិត្ត និង​ជ័យជំនះ​។ ទឹកក្រូច​បង្ហាញ​ពី​កម្តៅ​។ ពេលខ្លះ​វា​បង្ហាញ​ពី​ជីវជាតិ ដូចជា​អាហារ​ល្ពៅ ការ៉ុត និង​រំដេង​ជាដើម​។ 
 
​លឿង​៖ ស្រដៀង​គ្នា​ទៅនឹង​ទឹកក្រូច​ដែរ​។ វា​បង្ហាញ​ពី​ភាព​ទុកចិត្ត និង​កិត្តិយស​។ ប៉ុន្តែ​បើ​ប្រើ​វា​ច្រើនពេក វា​ក៏​បង្ហាញ​បី​មិនល្អ​ផងដែរ​។ ពេលខ្លះ គេ​គិតថា​លឿង​ជា​ពណ៌​មួយ​ដែល​បញ្ជាក់​ពី ភាព​ស្អុយរលួយ ជំងឺ និង​ការ​ច្រណែន​។ 
 
​បៃតង​៖ ធម្មជាតិ ការលូតលាស់ ស្រស់បំព្រង សុ​វត្តិភាព​។ គេ​មានជំនឿថា ការមើល​ពណ៌​
​បៃតង ជួយ​ជំរុញ​សុខភាព​ភ្នែក​។ បៃតងចាស់ ភាគច្រើន​សំដៅលើ​ទឹកប្រាក់ និង​លុយ​។ 
 
​ខៀវ​៖ មេឃ និង​សមុទ្រ​។ ជម្រៅ និង​ស្ថេរភាព​។ ស្មោះត្រង់ ចំណេះដឹង ជំនឿ​ចិត្ត ការពិត​ជាដើម​។ តែ​គេ​មិនសូវ​ប្រើ​វា​សម្រាប់​បង្ហាញ​ពី​ចំណីអាហារ​ហូបចុក​នោះទេ​។​
 
​ស្វាយ​៖ ស្ថេរភាព​ពី​ពណ៌​ខៀវ និង​កម្លាំង​ពី​ពណ៌​ក្រហម​។ វា​បញ្ជាក់​ពី ភាព​ស្តុកស្តម្ភ ម​ហិ​ច្ច​តា ឯករាជ្យភាព អាថ៌កំបាំង​ជាដើម​។ 
 
​ស​៖ បង្ហាញ​ពី​ភាព​ស្រាល សាមញ្ញ ល្អ ស្លូតបូត ថ្លា​ស្អាត និង​ព្រហ្មចារី​។ គេ​ភាគច្រើន​វា​ក្នុង​មន្ទីរពេទ្យ ផលិតផល​លាង​សម្អាត នឹង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច​ដូចជា​ទឹកដោះគោ​ជាដើម​។ 
 
​ខ្មៅ​៖ ភាព​សង្ហា សមសួន ផ្លូវការ ភាព​ងងឹត ផ្លូវ​អាក្រក់ អាថ៌កំបាំង​។ គេ​ភាគច្រើន​ប្រៀប​វា​ទៅនឹង​ភាពមិន​ល្អ និង​ភាពភ័យខ្លាច​។ ប៉ុន្តែ​ពេលខ្លះ គេ​ប្រើ​វា​សម្រាប់​បង្ហាញ​ពី​អំណាច ការគ្រប់គ្រង និង​ភាពច្បាស់លាស់​។  

Tag:
 ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com