អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង់​ក្លា​ដែ​ស ប្រាប់ UN ថា ខ្លួន​លែង​ទទួល​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​បាន​ទៀតហើយ​
03, Mar 2019 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​ព្រមាន​ពី​ការបិទ​ច្រកព្រំដែន​ជា​លើកដំបូង បន្ទាប់ពី​លំហូរ​នៃ​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​នៅតែមាន​ជា​បន្តបន្ទាប់​។ បង់​ក្លា​ដែ​ស ក៏បាន​ប្រាប់​ត្រង់ៗ​ទៅកាន់​អង្គការសហប្រជាជាតិ ថា​ខ្លួន លែង​ទទួល​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​បាន​ទៀតហើយ ខណៈ​ជនភៀសខ្លួន​កំពុងតែ​ស្នាក់នៅ​បង់​ក្លា​ដែ​ស​រាប់សិប​ម៉ឺន​នាក់ គឺជា​បន្ទុក​ដ៏​ធ្ងន់​មួយ​រួចទៅហើយ​នោះ​។

 
« ខ្ញុំ ពិតជា​សោកស្តាយ​ក្នុងការ​ជូនដំណឹង​ទៅកាន់​ក្រុមប្រឹក្សា ថា បង់​ក្លា​ដែ​ស នឹង​លែង​ក្លាយជា​កន្លែង ផ្តល់​ទីស្នាក់អាស្រ័យ​សម្រាប់​ប្រជាជន​មកពី​មី​យ៉ាន់​ម៉ា​បន្ថែមទៀត​បាន​ទៀតហើយ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស លោក Shahidul Haque នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ​២៨ កុម្ភៈ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​ទៅ​។ 
 
​តាមរយៈ​កិច្ចប្រជុំ​ដដែល​នេះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​បញ្ហា​ប្រឈម​របស់ខ្លួន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ និង​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​ការខ្វះចន្លោះ​ក្នុងការ​អនុវត្ត​ចំណាត់ការ​ដើម្បី​ដោះស្រាយ​វិបត្តិ​។ លោក ក៏បាន​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​ដែល​ព្យាយាម​ទាញយក​រឿង​បញ្ហា​ភេរវកម្ម ជា​រឿង​នៅ​ពីក្រោយ ជាជាង​ចំណាត់ការ​ជាក់ស្តែង​។ 
 
​តាម​ប្រមុខ​ការទូត​រូបនេះ ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការរៀបចំ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ទៅ​ត្រលប់​មី​យ៉ាន់​ម៉ា​វិញ បរាជ័យ​ជា​បន្តបន្ទាប់​នោះ ក៏​ព្រោះតែ គ្មាន​ជនភៀសខ្លួន​ណាមួយ ព្រម​ស្ម​គ្រ័​ចិត្ត​ទៅវិញ​ឡើយ ដោយសារតែ​ពួកគេ នៅតែ​មិនទាន់មាន​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏ដូចជា លក្ខខណ្ឌ​ដែល​ពួកគេ ចង់បាន​ដែល​រួមទាំង​ការសុំ​សិទ្ធិ​ជា​ពលរដ្ឋ​ស្របច្បាប់ នៅ​មិនទាន់​អាច​ន​ធានាបាន​នោះ​។ 
 
​គួរ​រម្លឹក​បន្តិច​ថា ដោយសារតែ​ការប៉ះទង្គិច​នៅក្នុង​តំបន់ រ៉ា​ខាន ( Rakhine) របស់​មី​យ៉ាន់​ម៉ា បាន​បង្ក​ឲ្យ​មាន​ប្រជាជន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ប្រមាណ ៧០ ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​តាម​ការលើកឡើង​របស់​បង់​ក្លា​ដែ​ស បន្ទាប់ពី​ការចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ជាមួយនឹង​ហេតុផល​ថា​មានការ​គំរាមកំហែង និង​ធ្វើ​ទុក​បុក​ម្នេញ​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នោះ ពួកគេ មិន​ព្រម​វិល​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ឡើយ​។ 
 
​ដោយសារតែ​ការទទួល​រាប់​រង​លើ​ជនភៀសខ្លួន​នេះ កន្លងមក​បង់​ក្លា​ដែ​ស ទទួលបាន​ការកើត​សរសើរ​ច្រើន ព្រោះ​ទោះបីជា​ការចំណាយ​សម្រាប់​ជនភៀសខ្លួន មានការ​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ក៏ដោយចុះ ចំនួន​ជនភៀសខ្លួន​ទាំងនេះ លើសលប់​នឹង​លទ្ធភាព​ដែល​បង់​ក្លា​ដែ​ស​អាចធ្វើ​ទៅបាន​ហើយ​៕ 

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com