សង្គមអន្តរជាតិ​
អន្តរជាតិ
​គ្រូ​ម្នាក់​ជួយ​ពរ​កូនស្រី​របស់​សិស្ស​ខ្លួន ដើម្បី​ឲ្យ​គេ​អាច​កត់ត្រា​មេរៀន​
04, Mar 2019 , 10:39 pm        
រូបភាព
ដោយ: ធីតា
​លោក Nathan Alexander ជា​គ្រូបង្រៀន​គណិតវិទ្យា​ម្នាក់​នៅ​សាលា Morehouse College នៃ Atlanta University Center នា​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ចរចា សហរដ្ឋអាមេរិក​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ កូនសិស្ស​ម្នាក់​របស់លោក បាន​យក​កូន​ទៅ​ខ្លួន ដោយសារតែ​គេ​មិនអាច​រក​កន្លែង​មើលថែ​ក្មេង​ទាន់ពេលវេលា​។ លោក Nathan បាន​យក​ក្មេង​ទៅ​ពរ ដោយ​ទុក​ឲ្យ​សិស្ស​អាច​ងាយស្រួល​កត់ត្រា​មេរៀន​។​

 
​រូបថត លោក Nathan ពរ​ក្មេង​បណ្តើរ ពន្យល់​មេរៀន​គណិតវិទ្យា​បណ្តើរ ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​គណនី​ឈ្មោះ Original Vaughn ដែលជា​កូនសិស្ស​ម្នាក់​របស់លោក​។ គណនី​នោះ បានសរសេរថា​៖ «​សិស្ស​ម្នាក់​បានមក​ដល់​ថ្នាក់រៀន​ដោយ​កូន​មកជា​មួយ ដោយសារ​គ្មាន​កន្លែង​មើល​កូន ឬក៏​គ្មាន​អ្នកណាម្នាក់​ទទួល​មើល​កុមារី​រូបនោះ​»​។ 
 
​ម្ចាស់​គណនី​បាន​បន្ថែម​ដោយ​ដកស្រង់​សំដី​គ្រូ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​អាច​ពរ​កូន​ឲ្យ​បាន សូម​កត់ត្រា​មេរៀន​ឲ្យ​បានល្អ​ទៅ​ចុះ​»​។ ទារិកា​នោះ​មាន​ឈ្មោះថា Assata ជា​កូនស្រី​របស់​និស្សិត​ប្រុស​ឈ្មោះ Wayne Hayer​។​


 
​យោងតាម​ការផ្សាយ​រប​ស់ BuzzFeed News លោក Nathan ពរ Assata រយៈពេល​៥០​នាទី​ពេញ​នៅពេល​បង្រៀន ហើយ​ពរ​បន្ថែម​ពី​១០ ទៅ​១៥​នាទី ក្រោយ​ពេលដែល​បើក​ឲ្យ​និស្សិត​សួរ​សំណួរ​ទាក់ទង​នឹង​មេរៀន​ដែល​លោក​បង្រៀន​។​
 
​រូបភាព​របស់ Nathan ទាក់ទាញ​អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​អ្នកខ្លះ​លើកឡើងថា គ្រូ​អាចធ្វើ​អ្វី​គ្រប់បែបយ៉ាង ក្រៅពី​ការងារ​បង្រៀន​។ លោក Nathan បាន​រៀបរាប់ថា​៖ «​លោក​មិន​ធ្លាប់​មានកូន​ឡើយ ហើយ​លោក​ភ័យ​យ៉ាងខ្លាំង ខ្លាច​ក្មេង​យំ ប៉ុន្តែ​អ្វីៗ​ដំណើរ​ការល្អ ពីព្រោះ​ក្មេងស្រី​នោះ​ស្លូត​ខ្លាំងណាស់​»​។​
 
​គ្រូបង្រៀន​រូបនេះ បាន​លើកឡើងថា លោក​តែងតែ​សង្កេតឃើញ និស្សិត​ឈ្មោះ Hayer ចេញ​មុន​ម៉ោង​ញឹកញាប់​ដើម្បី​ទៅ​មើល​កូនស្រី​។ បន្ថែម​ពីនេះ គេ​ក៏​ធ្លាប់​សុំ​ការអនុញ្ញាត​យក​កូន​ទៅ​ថ្នាក់រៀន​ផងដែរ​។​
 
​អ្នកស្រី Firda ដែលជា​ម្តាយ​របស់ Assata បាន​បញ្ជាក់ថា គាត់ និង​ស្វាមី ទើប​មានកូន​ដំបូង ខណៈ​ពួកគាត់​រវល់​ការងារ​រៀងៗ​ខ្លួន​។ លោក Hayer ធ្វើការ​ពីរ​កន្លែង ហើយ​ឆ្លៀត​រៀន​ពេញ​ម៉ោង​ទៀត​។ គាត់​រៀបរាប់ថា​៖ «​យើង​នៅ​ឆ្ងាយ​រាប់សិប​គីឡូម៉ែត្រ​ពី​គ្រួសារ និង​មិត្តភក្តិ ខ្ញុំ​យក​កូន​តាម​ខ្លួន​ជា​ញឹកញាប់ ហើយ​ស្វាមី​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​សម្រាក​ខ្លះ គាត់​សម្រេចចិត្ត​មើល​កូន​ផង និង​រៀន​ផង​។ នេះ​ជា​ជីវិត​ឪពុកម្តាយ​ដំបូង​»​។​
 
​ភរិយា លោក Hayer សំដែង​នូវ​ការដឹងគុណ​ចំពោះ​លោក Nathan ដែលមាន​ការយោគយល់​ចំពោះ​ស្វាមី ហើយ​ថែមទាំង​ជួយ​មើល Assata នៅពេល​កំពុង​បង្រៀន​ថែមទៀត​។ អ្នកស្រី​ថា នេះ​ជា​ក្តី​ស្រឡាញ់​មួយ​ដ៏​ធំធេង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com