អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រាប់​មន្ត្រី​កុំ​ទារ​គុណសម្បត្តិ​ពី​គម្រោង​រដ្ឋាភិបាល ព្រោះ​កើតចេញពី​លុយ​ពន្ធ​រាស្ត្រ​ទេ​
04, Mar 2019 , 11:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា គ្មាន​អ្នកនយោបាយ​ណា​ម្នាក់​អាច​យកគុណ​សម្បត្តិ​ពី​គម្រោង​នានា​ដែល​បង្កើតឡើង​ក្នុង​រដ្ឋបាល​លោក​បានឡើយ​។ មេដឹកនាំ​រូបនេះ លើកឡើងថា គម្រោង​ទាំងនោះ​ត្រូវ​សាងសង់​ដោយ​ប្រើប្រាស់​លុយ​ពន្ធ​របស់​ពលរដ្ឋ​។

 
«​យើង​មិន​ទាមទារ​គុណសម្បត្តិ​ស្អី​នោះទេ​…​ហើយ​គ្មាន​អ្នកណាម្នាក់​អាច​យកគុណ​សម្បត្តិ​ជំនួសមុខ​ប្រជាជន​បានឡើយ ព្រោះថា​វា​គឺជា​លុយ​របស់​ពួកគេ​។ ខ្ញុំ​ប្រាប់​នេះ​គឺ​គ្រាន់តែ​ជាការ​រម្លឹក​ឲ្យ​ដឹង​ប៉ុណ្ណោះ​»​។ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយ​បែបនេះ អំឡុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​គម្រោង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ក្នុង​ទីក្រុង Caloocan កាលពី​សប្តាហ៍​មុន​។ 
 
​ទន្ទឹមនឹង​អរគុណ​ដល់ដៃ​គូរ​បស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ម៉ៅការ លោក ឌូ​ទើ​តេ បាន​សង្កត់ធ្ងន់ថា គម្រោង​នេះ​គួរតែ​ផ្តល់​គុណសម្បត្តិ​ដល់​លុយ​ពន្ធ​របស់​ពលរដ្ឋ​ហ្វីលីពីន​។ ត្រង់ចំណុច​នេះ លោក​គូសបញ្ជាក់ថា ៖«​រាល់​គម្រោង​ទាំងអស់​ដែល​យើង​កំពុង​ធ្វើ យើង​ផ្តល់​ការដឹងគុណ​ដល់​ក្រុមហ៊ុន​សាងសង់​, អ្នកម៉ៅការ​, ដៃគូ​របស់​រដ្ឋាភិបាល និង​ជាពិសេស​ប្រជាជន​ហ្វីលីពីន​តែម្តង​»​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Philippine Star មេដឹកនាំ​រូបនេះ​និយាយ​បែប​លេងសើច​ថា ផ្លូវ​កាន់តែ​ងាយស្រួល មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បញ្ជូន​អ្នកបើកបរ​ទៅកាន់ «​ឋាន​សួ​គ៍​» ផងដែរ ប្រសិនបើ​ពួកគេ​ជិះ​មិន​ប្រុងប្រយ័ត្ន​នោះ​៕
 

Tag:
 ហ្វីលីពីន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com