អន្តរជាតិ
ឥណ្ឌា នឹង​ជួល​នាវា​មុជ​ទឹ​ក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ពី​រុស្ស៊ី​ក្នុងតម្លៃ​៣​ពាន់​លាន​ដុល្លារ​
05, Mar 2019 , 8:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ:
​ឥណ្ឌា​និង​រុស្ស៊ី គ្រោង​បញ្ចប់​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​មួយ​ស្តីពី​កិច្ចសន្យាជួល​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សម្រាប់​រយៈពេល​១០​ឆ្នាំ​។ កិច្ចព្រមព្រៀង​ដែល​គេ​ប៉ាន់​ស្មាន់ថា​មានតម្លៃ​៣​ពាន់​លាន​ដុល្លារ​នេះ ទំនងជា​នឹងត្រូវ​ភាគី​ទាំងពីរ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៧ ខែមីនា​ខាងមុខ​។



​កិច្ចសន្យាជួល​នាវាមុជទឹក​ប្រភេទ  Akula  ដែល​គេ​ស្គាល់​ថា Chakra III នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដ៏​ធំ​បំផុត​មួយ​ជាមួយ​ក្រុង​ម៉ូស្គូ ចាប់តាំងពី​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល  S-400 តម្លៃ ៥,៥​ពាន់​លាន​ដុល្លារ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​បញ្ចប់​កាលពី​ឆ្នាំមុន អំឡុង​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង​ញូ​វ​ដេលី​។ 

​បើតាម​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​ថ្មី​នេះ នឹង​អាច​រួចរាល់​សម្រាប់​ដាក់​ដំណើរការបាន​នា​ឆ្នាំ​២០២៥​។ ហើយ​វា​នឹងត្រូវ​យកទៅ​ប្រើប្រាស់​ជំនួស​នាវាមុជទឹក Chakra II ដែល​ឥណ្ឌា​ទទួលបាន​ពី​រុស្ស៊ី​កាលពី​ឆ្នាំ​២០១២​កន្លងទៅ​។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Economic Times កិច្ចសន្យាជួល​នាវាមុជទឹក Chakra II ដែល​នឹង​អស់​សុពលភាព​ក្នុង​ឆ្នាំ​២០២២ អាច​នឹងត្រូវ​អូសបន្លាយ​ពេល​ដល់​៥​ឆ្នាំ​បន្ថែមទៀត ពោលគឺ​រហូតដល់​នាវាមុជទឹក​ថ្មី​ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ​។​

​ទាក់ទិន​នឹង​គុណសម្បត្តិ​របស់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដែលមាន​ប្រដាប់​ដោយ​អាវុធ​នេះ វា​នឹង​ជួយ​ពង្រីក​សមត្ថភាព​ផ្នែក​វាយ​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​ឥណ្ឌា​។ នាវាចម្បាំង​ប្រភេទ​នេះ​អាច​មុជ​ក្នុង​ទឹកបាន​រយៈពេល​ជាច្រើន​ខែ ដែល​អាចធ្វើ​ឲ្យ​វា​គេច​ផុតពី​ការ​តាម​ចាប់​របស់​រ៉ា​ដាស​ត្រូវ​។ មួយវិញទៀត វា​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ការគំរាមកំហែង​ដ៏​ធំ​មួយ​ផងដែរ​សម្រាប់​នាវាចម្បាំង​របស់​សត្រូវ​ក្នុង​តំបន់​។

​សូមបញ្ជាក់ថា ការចរចា​លើ​កិច្ចសន្យាជួល​នាវាមុជទឹក Chakra III បានចាប់ផ្តើម​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្រោយមក​វា​ត្រូវ​ផ្តល់​សន្ទុះ​ក្នុង​ឆ្នាំ​២០១៥ នៅពេល​ភាគី​ទាំងសងខាង​ផ្តួចផ្តើម​កិច្ចពិភាក្សា​ពី​តម្លៃ​និង​បច្ចេកទេស ក្នុង​គោលដៅ​ឈានដល់​បញ្ចប់​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​នេះ​។

​មែនទែនទៅ នេះ​នឹង​ក្លាយជា​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទី​បី ដែល​បើក​ប្រតិបត្តិការ​ដោយ​ឥណ្ឌា ពោលគឺ​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៨ នៅពេលដែល​នាវា Chakra I បាន​ដឹក​មកដល់​ឥណ្ឌា​សម្រាប់​កិច្ចសន្យាជួល​រយៈពេល​៣​ឆ្នាំ​។ ចំណែក​កិច្ចសន្យាជួល​លើក​ទី​ពីរ ដែលមាន​ឈ្មោះថា Chakra II ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១២ សម្រាប់​ការជួល​រយៈពេល ១០​ឆ្នាំ​៕

Tag:
 ​រុស្ស៊ី​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com