ជាតិ
សង្គមជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន​៖ វេទិកា​យុវជន​កម្ពុជា​-​ឡាវ​-​វៀតណាម អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងបី​
05, Mar 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​វេទិកា​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍ​កម្ពុជា ឡាវ និង​វៀតណាម នៅ​ថ្ងៃទី​៥ ខែមីនា ដែល​ធ្វើឡើង​នៅ​ខេត្តក្រចេះ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា តាមរយៈ​វេទិកា​នេះ ប្រទេស​ទាំងបី នឹងធ្វើ​កិច្ចការ​រួមគ្នា​ចំនួន​បី​ចំណុច​សំខាន់ៗ ដូចជា យុវជន និង​បច្ចេកវិជ្ជា​, យុវជន និង​បំ​ណិ​ន​សតវត្ស​ទី​២១ និង​យុវជន និង​សហគ្រិនភាព  ដើម្បី​ឲ្យ​ប្រទេស​ទាំងបី មាន​ភាព​រីកចម្រើន​។


 
​នៅ​ចំពោះ​ប្រតិ​ភូត​ឡាវ និង​វៀតណាម លោក ហង់ ជួន ណា​រ៉ុ​ន សម្តែង​ការជឿជាក់​យ៉ាង​ម៉ុ​ត​មាំ​ថា វេទិកា​នេះ នឹង​ជួយ​ឲ្យ​យុវជន​នៅ​ប្រទេស​ទាំងបី អាច​ផ្លាស់ប្តូរ​បទពិសោធ និង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​រួម​គ្នា ក្នុងការ​បណ្តុះបណ្តាល​យុវជន​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅតាម​ព្រំដែន ប្រកបដោយ​ប្រសិទ្ធភាព និង​ជា​ឱកាស​ឲ្យ​យុវជន​ទទួលបាន​ការងារ​ធ្វើ​។ លើសពីនេះទៅទៀត វា ក៏​អាច​ពង្រឹង និង​លើកកម្ពស់​ការវិនិយោគ​ទុន​នៅតាម​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​របស់​ប្រទេស​ទាំងបី​ផងដែរ​។ 
 
​លោក​រដ្ឋមន្ត្រី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​ខិតខំ​ធ្ចើ​កិច្ចការ​រួមគ្នា ដើម្បី​ឲ្យ​ប្រទេស​ទាំងបី ទទួលបាន​នូវ​ការអប់រំ​មួយ​ឲ្យ​មាន​កម្រិត​ខ្ពស់​។ ដូច្នេះ យើង ក៏ត្រូវ​យកចិត្តទុកដាក់​លើ​ការអប់រំ​យុវជន ពី​ថ្នាក់​មតេយ្យ​សិក្សា បឋមសិក្សា មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ប្រែ​តំបន់ត្រីកោណ​នេះ ឲ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ ឲ្យ​ដូចនឹង​តំបន់​ផ្សេងទៀត​ផងដែរ​»​។​
 
​សំឡេង​របស់លោក​រដ្ឋ​មន្ត្រី​៖ 



 
​នៅ​ដើមឆ្នាំ​២០០០ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងបី បានសម្រេច​រៀបចំ​វេទិកា​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍ​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​គោលដៅ​ពង្រឹង​ខេត្ត​ព្រំដែន​នៃ​បី​ប្រទេស ឲ្យ​មាន​វិសាលភាព​។ ភាគី​ទាំងបី បានរៀបចំ​វេទិកា​នេះ​ជា​លើក​ទី​៨​ហើយ ដែល​បង្ហាញ​ពី​លទ្ធផល​ល្អប្រសើរ ដូចជា ការពង្រឹង​ចំណេះដឹង​ផ្នែក​វិទ្យា​ជីវៈ ការរក​ទីផ្សារ​សម្រាប់​កសិករ បង្កើត​សហគ្រាស និង​ប្រើប្រាស់​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​នៅតាម​ព្រំដែន​ផងដែរ​៕ 
 
 

Tag:
 ហង់ ជួន ណា​រ៉ុង​
  យុវជន​
 ​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com