អន្តរជាតិ
ប្រមុខ​ការពារជាតិ​ហ្វីលីពីន​៖ ហ្វីលីពីន​អាចធ្វើ​សង្គ្រាម​ជាមួយ​ចិន​ដោយសារ​សកម្មភាព​អាមេរិក​
05, Mar 2019 , 10:19 pm        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana នៅ​ថ្ងៃទី​៥ ខែមីនា និយាយថា សកម្មភាព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង អាច​អូសទាញ​ហ្វីលីពីន​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជាមួយ​ចិន​។ លោក Lorenzana និយាយ​បែបនេះ ដោយយោង​លើ​សន្ធិសញ្ញា​ទ្វេភាគី​រវាង​អាមេរិក និង​ហ្វីលីពីន​ដែល​ចែង​ពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​មាន​វិបត្តិ​។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ចង់​ឲ្យ​មានការ​បកស្រាយ​ឲ្យ​ច្បាស់​ពី​ចំណុច​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ពេល​ក្រោយ​។​

 
​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​រវាង​ចិន និង​ប្រទេស​បួន​ទៀត យោធា​អាមេរិក​បានធ្វើ​សកម្មភាព​នាវាចរណ៍​របស់ខ្លួន​ដោយ​មិន​ក្រែង​ចិត្ត​ចិន​ឡើយ​។ លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន ដែលជា​ភាគី​ជម្លោះ​មួយ​ដែរនោះ ព្រមាន​ថា ការប៉ះទង្គិច​ដោយ​អាវុធ​អាច​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត បើ​អាមេរិក​នៅតែ​ធ្វើ​សកម្មភាព​យោធា​ក្រោម​ហេតុផល​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​ទៀត​នោះ​។ 
 
​អ្វីដែល​ប្រមុខ​ការពារជាតិ​រូបនេះ​ហ្វីលីពីន​បារម្ភ​ខ្លាំង​នោះ គឺ​ហ្វីលីពីន​អាចធ្វើ​សង្គ្រាម​ជាមួយ​ចិន​ដោយសារតែ​ទង្វើ​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង​។ លោក Lorenzana លើកឡើងថា បើ​អាមេរិក​ប៉ះទង្គិច​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហ្វីលីពីន​នឹងត្រូវ​ជាប់​ពាក់ព័ន្ធ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​បើតាម​សន្ធិសញ្ញា​ការពារ​ទៅវិញទៅមក ហ្វីលីពីន​មិនអាច​ឈរ​ឱបដៃ​បានឡើយ ទោះ​វា​ជា​សង្គ្រាម​ដែល​ហ្វីលីពីន​មិន​ចង់បាន​ក៏ដោយ​។​
 
​សន្ធិសញ្ញា​ការពារ​វិញ​ទៅមក ជា​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​អាមេរិក និង​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​ជាងគេ​មួយ​នៅ​អាស៊ី​។ ក្រោម​សន្ធិសញ្ញា​នេះ អាមេរិក និង​ហ្វីលីពីន​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក បើ​មានការ​វាយប្រហារ​ពី​កម្លាំង​ខាងក្រៅ​លើ​ប្រទេស​ណាមួយ​។ នៅ​អតីតកាល ហ្វីលីពីន​ធ្លាប់​សួរ​អាមេរិក​ពី​វិសាលភាព​នៃ​សន្ធិសញ្ញា​នេះ​ថា គ្របដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង​ឬ​យ៉ាងណា បើ​យោធា​ហ្វីលីពីន​រង​ការវាយប្រហារ​នៅ​តំបន់​នោះ​។​
 
​ជុំវិញ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធានា​ច្បាស់ៗ​រួចហើយ គឺ​អាមេរិក​នឹង​ជួយ បើ​ហ្វីលីពីន​ជួប​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អំឡុងពេល​ទស្សនកិច្ច​នៅ​រដ្ឋធានី​ម៉ានីល​កាលពី​សប្ដាហ៍​មុន ប្រមុខ​ការទូត​អាមេរិក​ក៏​ប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​បើកចំហ​សម្រាប់​រាល់​សក​ម្ម​ភាព​នាវាចរណ៍​ទាំងអស់ ពិសេស​ធានាថា អាមេរិក​មិន​បង្ក​ការ​គំរាម​ដល់​ថ្នាក់​មានការ​បិទ​ចរាច​រណ៍​ឡើយ​។​
 
​អាមេរិក មិនមែន​ភាគី​ជម្លោះ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ តែ​មហាអំណាច​មួយ​នេះ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ដែនទឹក​ដែល​ចិន​ទាមទារ​ជាមួយ​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ​ជាដើម​។ ជារឿយៗ អាមេរិក​បញ្ជូន​នាវា​របស់ខ្លួន​ទៅ​កៀក​កោះ​ដែល​ចិន​គ្រប់គ្រង​ក្រោម​ហេតុផល​សេរីភាព​នាវាចរណ៍ ហើយ​វា​ក៏​ដុត​កម្ដៅ​ជម្លោះ​កាន់តែខ្លាំង ព្រោះ​ចិន​មិន​សប្បាយចិត្ត​បន្តិច​សោះឡើយ​៕ 
 

Tag:
 ហ្វីលីពីន​
  អាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com