ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​រក្សា​សុខភាព​ភ្នែក​ល្អប្រសើរ និង​មើលឃើញ​កាន់តែច្បាស់ ទទួលទាន​អាហារ​ទាំងនេះ​ឱ្យ​ច្រើន​
07, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា ការ​ទទួលទាន​ការ៉ុត គឺ​ល្អ​ណាស់​សម្រាប់​ភ្នែក​! ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា ក្រៅពី​ការ៉ុត​ហើយ​នោះ ក៏​នៅមាន​អាហារ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​រក្សា​សុខភាព​ភ្នែក​ដែរ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​រក្សា​ពង្រឹង​សុខភាព​ភ្នែក ក៏ដូចជា​ការពារ​ប្រឆាំងនឹង​ជំងឺ​ភ្នែក​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ ៖

១. បឺ​រី និង​ផ្លែឈើ​រសជាតិ​ជូរ​

​ផ្លែក្រូច​គ្រប់​ប្រភេទ​, ទំពាំងបាយជូរ និង​បឺ​រី ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្សោយ​ភ្នែក និង​ជំងឺភ្នែកឡើងបាយ​។​

២. បន្លែ និង​ផ្លែឈើ​ស្រស់ៗ​ចម្រុះ​ពណ៌​

​រួមបញ្ចូល​ទាំង​ប៉េងប៉ោះ​, ការ៉ុត​, ស្ត្រ​បឺ​រី​, ម្ទេសផ្លោក​, ពោត និង​ល្ពៅ សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A , វីតាមីន C ក៏ដូចជា​សមាសធាតុ carotenoids មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ផ្សេងៗ​គួរឱ្យកត់សម្គាល់​។​

៣. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​

​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុតមាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អប្រសើរ និង​មើលឃើញ​បាន​ច្បាស់ ដោយ​ការពារ​ការចុះ​ខ្សោយ​នៃ​សរសៃ​បាត​ភ្នែក​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា អ្នក​ជ្រើសរើស​ទទួលទាន​ស៊ុត​ធម្មជាតិ​ដែលមាន​គុណភាព​ខ្ពស់​ទើប​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​មិន​ប៉ះពាល់​សុខភាព​។​

៤. ត្រី​សម្បូរ​ខ្លាញ់​

​ដើម្បី​ការពារ​ប្រឆាំងនឹង​ជំងឺភ្នែកឡើងបាយ​, ជំងឺ​ខ្សោយ​ភ្នែក ក៏ដូចជា​ជំងឺ​ភ្នែក​ស្ងួត ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ រួមមាន​ត្រី​សា​ឌី​ន​, ត្រី​ធូ​ណា​, ត្រី​សាល​ម៉ុ​ន និង ត្រី mackerel ឱ្យបាន​ច្រើន​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ទទួលទាន​ត្រី​សមុទ្រ​ទាំងនេះ ចូរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ និង​បន្លែ​ផ្សេងៗ​ដែលជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ឬ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​ជំនួស​វិញ​ក៏បាន​។​

៥. បន្លែ​ស្លឹក​បៃតង​

​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ zeaxanthin និង lutein ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ភ្នែក​ឡើងបាយ និង​ជំងឺ​ខ្សោយ​ភ្នែក​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ភ្នែក​ល្អប្រសើរ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​ឱ្យបាន​ច្រើន​។​

៦. គ្រាប់​ផ្កាឈូករ័ត្ន​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី និង​វីតាមីន E ដែល​ជួយ​ការពារ​ភ្នែក​ពី​ជំងឺ​ផ្សេងៗ និង​រក្សាបាន​នូវ​សុខភាព​ភ្នែក​ល្អប្រសើរ​មើលឃើញ​បាន​កាន់តែច្បាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com