អន្តរជាតិ
នាយករដ្ឋមន្ត្រី​ចិន​៖ យុទ្ធនាការ​«​ចិ​នូ​ប​នីយកម្ម​សាសនា​» បន្ត​អនុវត្ត​ដោយ​មិន​បន្ធូរដៃ​
06, Mar 2019 , 2:33 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​៥ ខែមីនា បានប្រកាស​ជំរុញ​យុទ្ធនាការ​ចិ​នូ​ប​នីយកម្ម​សាសនា ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​សាសនា​ទាំងអស់​នៅ​ចិន​មាន​លក្ខណៈ​ចិន និង​ស្របតាម​គោលការណ៍​បក្ស​កុម្មុយនីស្ត​ចិន​កំពុង​ដឹកនាំ​ប្រទេស​។ ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​ចិន​ដូចនេះ ប្រៀបដូចជា​ការធ្វើ​គ​ធ្វើ​ថ្លង់​នឹង​ការអំពាវនាវ​របស់​ស​ហគ​មន៍​អន្តរជាតិ​ឲ្យ​មហាអំណាច​មួយ​នេះ​បន្ធូរដៃ​ក្នុងការ​បង្ក្រាប​លើ​សាសនា​ឥស្លាម និង​គ្រិស្តសាសនា​។



​ចិ​នូ​ប​នីយកម្ម​សាសនា ជា​យុទ្ធនាការ​មួយ​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ឆ្នាំ​២០១៥ ។ បក្ស​កុម្មុយនីស្ត​ចិន​ដែល​ប្រកាស​ខ្លួន​ជា​បក្ស​មិន​គោរព​តាម​សាសនា​ណាមួយ​នោះ ចង់​ឲ្យ​គ្រប់​សាសនា​ទាំងអស់​នៅ​ចិន​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់ខ្លួន និង​ធានាថា រាល់​សាសនា​ទាំងអស់​សុទ្ធ​តែមាន​លក្ខ​ណៈ​ចិន​។ នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង ប្រកាសថា យុទ្ធនាការ​នេះ នឹងត្រូវ​អនុវត្ត​ដោយ​មិន​ដាក់​ដៃ​ឡើយ​។​

​ក្នុង​កិច្ចប្រជុំសភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​៥ ខែមីនា លោក លី ប្រាប់​សមាជិកសភា​ថា គោលនយោបាយ​ក្របខណ្ឌ​របស់​បក្ស​ស្ដីពី​កិច្ចការ​សាសនា នឹងត្រូវ​អនុវត្ត​ឲ្យ​ពេញលេញ ហើយ​ការធ្វើ​ចិ​នូ​ប​នីយកម្ម​សាសនា ក៏ត្រូវ​ដើរ​តាម​ឲ្យ​ដាច់ខាត​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​

​យុទ្ធនាការ​នេះ ធ្វើឡើង​ស្របពេល​ដែល​ក្រុង​ប៉េកាំង​ប្រើ​ធម៌​ក្ដៅ​ក្នុងការ​គ្រប់គ្រង​ការអនុវត្ត​សាសនា​នៅ​ទូទាំងប្រទេស​។ សាសនា​ឥស្លាម គ្រិស្តសាសនា​និកាយ​កាតូលិក និង​ប្រូ​តេស្ត​ង់ សុទ្ធតែជា​គោលដៅ​របស់​បក្ស​កុម្មុយនីស្ត​ចិន ព្រោះ​បក្ស​កាន់អំណាច​នេះ​បារម្ភ​ថា សាសនា​ទាំងនេះ​អាចជា​ឈ្នាន់​ឲ្យ​ក្រុម​លោកខាងលិច​បង្កបញ្ហា​នៅ​ចិន​ដូច​ជាការ​ងើប​តវ៉ា ឬ​ការ​បំបែក​ទឹកដី​ជាដើម​។ តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង គឺជា​ទីតាំង​សំខាន់​ដែល​ចិន​ផ្ដោត​ការអនុវត្ត​ចិ​នូ​ប​នីយកម្ម​សាសនា​របស់ខ្លួន​។​

​បើតាម​របាយការណ៍​នានា ជនភាគតិច​កា​ហ្សា​ក់ និង​វី​ហ្គ័​រ​ជាង​មួយ​លាន​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​របស់​រដ្ឋា​ភិ​បាល​ចិន​។ ពួកគេ​ទាំងនោះ ត្រូវបាន​រាយការណ៍​ថា ត្រូវ​បង្ខំ​ឲ្យ​បោះបង់​សាសនា​របស់ខ្លួន ហើយ​ប្រកាស​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនីស្ត​ចិន​វិញ​។ ពីដំបូង ក្រុង​ប៉េកាំង​បដិសេធថា មិនមាន​មន្ទីរ​ឃុំខ្លួន​អ្វី​ឡើយ មានតែ​កន្លែង​អប់រំ​ប៉ុណ្ណោះ​។ ក្រោយមក ក្រុង​ប៉េកាំង​អះអាងថា កន្លែង​ឃុំខ្លួន​ទាំងនោះ ជា​វិធីសាស្ត្រ​សម្អាត​គំនិត​ជ្រុលនិយម និង​ដើម្បី​រក្សា​ស្ថិរភាព​នៅ​ស៊ីន​ជាំ​ង​។​

​កាលពី​ឆ្នាំមុន ក្បាលម៉ាស៊ីន​ដឹកនាំ​សាសនា​នានា​នៅ​ចិន​មាន​ប្រូ​តេស្ត​ង់ កាតូលិក និង​ឥស្លាម​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​រដ្ឋា​ភិ​បាល​នោះ បាន​ដាក់ចេញ​ផែនការ​ប្រាំ​ឆ្នាំ​របស់ខ្លួន​ស្របតាម​យុទ្ធនាការ​ចិ​នូ​ប​នីយកម្ម​សាសនា​។ សម្រាប់​សាសនា​គ្រិស្ត គម្ពីរ Bible ត្រូវ​បកប្រែ​ជា​ភាសា​ចិន​ឡើងវិញ ហើយ​ការរៀបរាប់​ផ្សេង​ពីសា​សនា​នេះ ក៏ត្រូវ​សរសេរ​ឡើងវិញ​ដែរ​។ លើសពីនោះ អាគារ​សាសនា សម្លៀកបំពាក់ និង​ការ​សូត្រធម៌​ជាដើម ក៏ត្រូវ​បញ្ចូល​បែបផែន​ចិន​ទាំងអស់​៕


Tag:
 ចិន​
  លី ខឹ​ឈាំ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com