អន្តរជាតិ
មេទ័ព​អាមេរិក​នៅ​អឺរ៉ុប សុំ​នាវា​ពិឃាត​ពីរ​គ្រឿង​និង​កងទ័ព​បន្ថែម​ដើម្បី​ទប់ទល់​រុស្ស៊ី​
06, Mar 2019 , 7:39 pm        
រូបភាព
ឧត្តមសេនីយ Curtis Scaparrotti មេបញ្ជាការទីបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប។ (រូបភាព AFP)
ឧត្តមសេនីយ Curtis Scaparrotti មេបញ្ជាការទីបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប។ (រូបភាព AFP)
​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ទ្វីបអឺរ៉ុប ឧ​ត្ត​ម​សេនីយ៍ Curtis Scaparrotti បាន​ព្រមាន​ពី​ការកើនឡើង​ការគំរាមកំហែង​របស់​រុស្ស៊ី​នៅក្នុង​តំបន់​មួយ​នេះ​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី​៥ ខែមីនា លោក Scaparrotti លើកឡើងថា លោក​មិនទាន់មាន​អារម្មណ៍​សុខ​ស្រួល​ឡើយ​ចំពោះ​អ្វីដែល​យោធា​អាមេរិក​នៅ​អឺរ៉ុប​មាន​ក្នុង​ដៃ​សព្វថ្ងៃ ខណៈ​រុស្ស៊ី​ប្រឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឥតឈប់ឈរ​នោះ​។ សម្ភារ និង​កងទ័ព​បន្ថែម ជា​រឿង​ចាំបាច់​ដើម្បី​ទ្រទ្រង់​ស្ថានការណ៍​។​



​ចំពោះមុខ​គណៈកម្មាធិកា​រ​កិច្ចការ​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិក ឧ​ត្ត​ម​សេនីយ៍ Curtis Scaparrotti មេបញ្ជាការ​ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​អឺរ៉ុប និយាយ​ត្រង់ៗ​ថា កងទ័ព​អាមេរិក​នៅ​អឺរ៉ុប ជួប​បញ្ហា​ខ្វះខាត​ច្រើន​ទាំង​កម្លាំង​ជើងគោក ជើង​ទឹក ក៏ដូចជា​យុទ្ធោបករណ៍​សម្រាប់​ការធ្វើ​ចារកម្ម និង​ការ​ស៊ើបការណ៍​ជាដើម​។ បញ្ហា​ទាំងនេះ អាចធ្វើ​ឲ្យ​អាមេរិក​ចាញ់​ប្រៀប​រុស្ស៊ី ដែល​កំពុង​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ជា​លំដាប់​។​

​ទូរទស្សន៍ CNN ផ្សាយ​ថា លោក Scaparrotti ដែលជា​មេបញ្ជាការ​កងទ័ព​សម្ព័ន្ធ​យោធា​ណា​តូ​ដែរនោះ មិនមាន​អារម្មណ៍​កក់ក្ដៅ​ឡើយ​ជាមួយនឹង​អានុភាព​របស់​យោធា​អាមេរិក​នៅ​អឺរ៉ុប និង​សមត្ថភាព​ក្នុងការ​ទប់ទល់​រុស្ស៊ី​នោះ​។ លោក​ឆ្លើយ​បែបនេះ ទៅនឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា James Inhofe ដែលជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​យោធា​ជុំវិញ​សមត្ថភាព​របស់​កងទ័ព​អាមេរិក​ដែល​ប្រឈមមុខ​ផ្ទាល់​ជាមួយ​រុស្ស៊ី​។

​ដើម្បី​បំពេញ​ចន្លោះប្រហោង​ដែល​បង្ហាញ​សាច់ដុំ​របស់ខ្លួន​នោះ ប្រមុខ​កងទ័ព​អាមេរិក​រូបនេះ ស្នើ​ឲ្យ​បង្កើន​ចំនួន​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​ទាំង​កម្លាំង​ចល័ត និង​កម្លាំង​ដែល​ត្រូវបំពេញ​មុខងារ​តាម​បទបញ្ជា​ជាដើម​។ ដោយ​អះអាង​ពី​សមត្ថភាព​ទ័ពជើងទឹក​រុស្ស៊ី ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន​ដដែល​នេះ ក៏​ស្នើ​ចំៗ​ថា លោក​ត្រូវការ​នាវា​ពិឃាត​ចំនួន​ពីរ​គ្រឿង​បន្ថែម​ពី​នាវា​ពិឃាត​ដែលមាន​ស្រាប់​ចំនួន​បួន​កំពុង​តាំងនៅ​អេ​ស្ប៉ា​ញ​ជាស្រេច​។​

​ការស្នើ​របស់​មេទ័ព​អាមេរិក​នៅ​អឺរ៉ុប ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ប្រមុខ​កងទ័ព​អាមេរិក និង​រុស្ស៊ី​ជួបគ្នា​ទៅ​ក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​។ នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក Joseph Dunford និង​សម​ភាគី​រុស្ស៊ី Valery Gerasimov បាន​ជួប​ជជែក​គ្នា​ពី​ប្រធានបទ​សន្តិសុខ​អឺរ៉ុប និង​បញ្ហា​នៅ​ស៊ី​រី​។ ជំនួប​នេះ ទំនងជា​ការប្រឹងប្រែង​សម្រាល​ស្ថានការណ៍​តានតឹង​រវាង​មហាអំណាច​ទាំងពីរ​ក្រោយ​អាមេរិក​ដើរ​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​នៅ​អឺរ៉ុប​។​

​រុស្ស៊ី ក៏បាន​ដើរ​ចេញពី​សន្ធិសញ្ញា​នេះ​រួចហើយ​ដែរ បន្ទាប់​ប្រឹង​ឃាត់​អាមេរិក តែ​មិនបាន​ផល​។ មហាអំណាច​យោធា​ទាំងពីរ ក៏​ចាប់ផ្ដើម​សម្ញែង​ធ្មុង​រៀងៗ​ខ្លួន​ពិសេស​ការអភិវឌ្ឍ​មី​ស៊ី​ល​ល្បឿន​លឿន​តែម្ដង​។ ក្រុង​មូ​ស្គូ​បាន​ព្រមាន​អាមេរិក​រួចហើយ បើ​អាមេរិក​ហ៊ាន​ពង្រាយ​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប រុស្ស៊ី​ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​នឹង​ពង្រាយ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​ក្បែរ​ផ្ទះ​អាមេរិក​តែម្ដង​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  អឺរ៉ុប​
  Curtis Scaparrotti
© រក្សាសិទ្ធិដោយ thmeythmey.com