កីឡាអន្តរជាតិ
អន្តរជាតិ
Tadic ៖ ក្រោយ​មើល​វីដេអូ​ឃ្លី​បរ​បស់ Zidane ទើប​ខ្ញុំ​លេង​បានល្អ ដើម្បី​ជួយ Ajax ទម្លាក់ Real
06, Mar 2019 , 3:27 pm        
រូបភាព
​ខ្សែបម្រើ Dusan Tadic ថា Zinedine Zidane បាន​ជួយ​ជំរុញ​ខ្លួន ក្នុងការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ នា​ការប្រកួត​ដែល Ajax ទម្លាក់​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid នៅ​វគ្គ​១៦​ក្រុម នៃ​ជំនួប​ជើង​ទី​២ ដើម្បី​ឈានទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​៥ ខែមីនា​។



​ខ្សែបម្រើ​សញ្ជាតិ​ស៊ែ​ប៊ី វ័យ​៣០​ឆ្នាំ​រូបនេះ ជា​អ្នក​បញ្ជូន​បាល់​យ៉ាង​ល្អ (Assists) ទៅ​ឲ្យ​មិត្ត​រួម​ក្រុម Hakim Ziyech និង David Neres សម្រេច​ទី​ម្នាក់​១​គ្រាប់ និង​ថែមទាំង​ស៊ុត​ខ្លួនឯង​មួយ​គ្រាប់​ទៀត​ក្នុង​ជ័យជម្នះ ៤-១ លើ​ម្ចាស់ផ្ទះ Real នៅ​ទឹកដី Bernabeu​។​



Tadic បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​ការប្រកួត​នោះ​ថា​៖«​នេះ​ប្រហែលជា​ការប្រកួត​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដែល​ខ្ញុំ​ធ្លាប់​លេង​ពីមុនមក​។ យើង​បាន​ទម្លាក់​ក្រុម​ល្អ​បំផុត​លើ​លោក​។ ខ្ញុំ​មាន​មោទកភាព​ណាស់ ហើយ​ខ្ញុំ​គិតថា​យើង​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សប្បាយចិត្ត​នៅ​រាត្រី​នេះ​»​។​

​អតីត​សមាជិក​ក្រុម Southampton ដែល​ផ្លាស់​ទៅ​ក្រុម​នៅ​ហូ​ឡង់ Ajax កាលពី​ឆ្នាំមុន បានបង្ហាញ​ទម្រង់​លេង​លេចធ្លោ​បំផុត ជាមួយនឹង​ការគ្រប់គ្រង​បាល់​ស្ទើរ​ទាំងស្រុង​លើ​ទីលាន​។ សម្ថ​ភាព​របស់ Tadic បាន​គ្របដណ្តប់​លើ​ខ្សែបម្រើ​ឆ្នើមៗ​របស់ Real ដូចជា Toni Kroos, Luka Modric និង Casemiro ផងដែរ​។​

​ត្រង់ចំនុច​នេះ​Tadic រៀបរាប់ថា​ខ្លួន​បាន​យក​គំរូ​តាម​វីរបុរស​បារាំង និង Real Madrid លោក Zinedine Zidane​។ «Zidane គឺជា​កីឡាករ​បាល់ទាត់​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត ហើយ​ប្រហែលជា​ខ្ញុំ​បាន​មើល​វីដេអូ​ឃ្លី​ប​ការប្រកួត​ជាច្រើន​របស់គាត់​ហើយ​ទើប​ខ្ញុំ​អាចធ្វើ​បាន​បែបនេះ​»​។​



​អ្វីដែល​រឹតតែ​អស្ចារ្យ​នោះ គឺ​គ្រាប់​បាល់​ទី​២​របស់ Ajax កើតឡើង​ដោយសារ Tadic ប្រើ​ស្ទីល​ញាក់​របស់ Zidane (Roulette Skill) តែម្តង ហើយក៏​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​។​



សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង Ajax ឈ្នះ Real Madrid ៥-៣​។ Ajax បាន​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ ជា​លើកដំបូង​ចាប់តាំងពី​រដូវ​កាល ២០០២-២០០៣ មក​៕


Tag:
 បាល់ទាត់​
  Dusan Tadic
  UEFA Champions League
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com