អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តំបន់​មាត់ទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវការ​គម្រោង​អគារ​ខ្ពស់ៗ​បន្ថែមទៀត​
06, Mar 2019 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ គឺជា​ទីក្រុង​ដែល​ព័ទ្ធជុំវិញ​ដោយ​ទឹក​។ ភ្នំពេញ​ស្ថិតនៅ​ចំ​ចំណុចប្រសព្វ រវាង​ទន្លេ​៤​មុខកាត់​គ្នា ក្នុងនោះ​មានដូចជា​៖ ទន្លេសាប ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម និង​ទន្លេបាសាក់​។ កត្តា​នេះ បានធ្វើ​ឲ្យ​តំបន់​តាម​ដង​ទន្លេ មាន​លក្ខណៈពិសេស​បំផុត សម្រាប់​សំណង់​អគារ​ខ្ពស់ៗ ប៉ុន្តែ​បច្ចុប្បន្ន តំបន់​មាត់ទន្លេ​នៅមាន​ការសាងសង់​តិចតួច​នៅឡើយ ហើយ​ដី​មួយផ្នែកធំ​នៅ​ជា​ដី​ទំនេរ​។​

​គម្រោង​ធំៗ​មួយចំនួន នៅតាម​តំបន់​មាត់ទន្លេ បាន​កំពុងដំណើរការ​សាងសង់ និង​ខ្លះទៀត​ស្ថិតនៅក្នុង​ផែនការ​សាងសង់​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ តំបន់​ទាំងនេះ​នៅ​មិនទាន់មាន​ការវិនិយោគ​ធំៗ និង​ប្រភេទ​អគារ​ខ្ពស់ៗ​ច្រើន​នៅឡើយ ដែល​នេះ​គឺ​ផ្ទុយ​ពី​តំបន់​កណ្តាល​ក្រុង​ដូចជា​សង្កាត់​បឹង​កេងកង​១ និង​ខណ្ឌទួលគោក ដែលមាន​គម្រោង​អភិវឌ្ឍន៍​ខ្ពស់ៗ​ជាច្រើន​ទាំង​ប្រភេទ​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម​។​

​ប៉ុន្តែ​តំបន់​កោះ​ពេជ្រ អាចជា​ករណី​លើកលែង​មួយ​។ កោះ​ពេជ្រ មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាមួយគ្នានេះ តំបន់​មាត់ទន្លេ​ផ្សេងទៀត​ដូចជា ជ្រោយចង្វារ កោះនរា និង​អរិយ​ក្សត្រ នឹង​អាច​ក្លាយជា​តំបន់​រីកចម្រើន​នៅពេល​អនាគត​។​



​លោក ស៊ន សៀ​ប ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត បាន​និយាយថា ទីក្រុង​ភ្នំពេញ​មាន​ទីតាំង​ល្អ​បំផុត ភ្ជាប់​មក​ជាមួយនឹង​ទន្លេ​បួន​មុខ​។ លោក​បាន អះអាងថា ទីតាំង​ទាំងនេះ​គឺ​ល្អឥតខ្ចោះ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​អគារ​ខ្ពស់ៗ​។ លោក សៀ​ប បាន​បន្ថែមទៀតថា អ្នក​អភិវឌ្ឍន៍​បានចាប់ផ្តើម​សាងសង់​គម្រោង​អគារ​ខ្ពស់ៗ នៅតាម​ដង​ទន្លេ សាប និង​ទន្លេបាសាក់ ខណៈដែល​ដី​នៅតាម​ដង​ទន្លេមេគង្គ​លើ និង​មេគង្គ​ក្រោម មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ​។​

​លោក សៀ​ប បាន​បញ្ជាក់ដែរថា​៖«​កោះ​ពេជ្រ និង​ជ្រោយចង្វារ កំពុងមាន​សកម្មភាព​សាងសង់​ច្រើន​។ អ្នក​អភិវឌ្ឍន៍​មានបំណង​កែប្រែ​តំបន់​ទាំងនេះ ឲ្យ​ទៅជា​តំបន់​លំនៅដ្ឋាន​ខ្ពស់​ប្រកបដោយ​លក្ខណៈ​ប្រណិត​។ ចំណែក​តំបន់​ភូមិ​កោះនរា និង​អរិយ​ក្សត្រ ត្រូវ​រង់ចាំ​គម្រោង​អភិវឌ្ឍន៍​ធំៗ បោះទុន​វិនិយោគ​នៅពេល​អនាគត​»​។​

​តំបន់​កោះនរា ស្ថិតនៅ​ជិត​កោះ​ពេជ្រ ដែល​ស្ថិតនៅ​ខណ្ឌ​ចែកគ្នា​ដោយ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​។ រីឯ​តំបន់​អរិយ​ក្សត្រ​វិញ ស្ថិតនៅតាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ ប៉ែក​ខាងកើត​នៃ​ទីក្រុង នៅក្នុង​ខេត្តកណ្តាល​។​

«​ការអភិវឌ្ឍ​នៅ​តំបន់​កោះនរា និង​អរិយ​ក្សត្រ អាច​នឹងត្រូវ​ចំណាយរ​យៈ​ពេល​មធ្យម​ទៅ​រយៈពេល​វែង​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត​។ តំបន់​នេះ ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​ជាច្រើន​ទៀត​ដូចជា​ស្ពាន​ជាដើម​។ នៅពេល​មាន​ស្ពាន វា​នឹង​នាំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សៀ​ប​។​



​ថ្មីៗ​នេះ ក្រុមហ៊ុន OCIC បាន​អះអាងថា ក្រុមហ៊ុន​នេះ​គ្រោង​នឹង​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​មួយទៀត ទំហំ​ជាង​១០០​ហិកតា លាតសន្ធឹង​ពី​កោះនរា ដល់​កៀនស្វាយ​។ គម្រោង​នេះ នឹងត្រូវ​អភិវឌ្ឍ​ស្រដៀង​គ្នា ទៅនឹង​ការ​ភិ​វ​ឌ្ឍ​នៅ​កោះ​ពេជ្រ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Fresh News​។​

​លោក តេង រិទ្ធី ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន R'Investment Group បាន​អះអាងថា ភាគច្រើន​នៃ​តំបន់​នៅតាម​បណ្តោយ​ដង​ទន្លេ ត្រូវបាន​គេ​កំណត់​រួចរាល់ សម្រាប់​ការសាងសង់​អគារ​កម្ពស់​ខ្ពស់ និង​មធ្យម​នៅពេល​ខាងមុខ​។​

​លោក រិទ្ធី បាន​និយាយថា​វត្តមាន​របស់​គម្រោង OCIC តាម​បណ្តោយ​ច្រាំងទន្លេ នៅ​ច្បារអំពៅ​នឹងធ្វើ​ឲ្យ​តំបន់​ទាំងមូល កាន់តែ​មាន​ភាព​ទាក់ទាញ​។ លោក​បាន​បន្តទៀតថា វិនិយោគិន​ជាច្រើន បាន​សំឡឹង​ឃើញ​ពី​សក្តានុពល​របស់​តំបន់​នេះ​រួចទៅហើយ​។​

​លោក រិទ្ធី បាន​បញ្ជាក់ថា​៖«​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ គឺ​ស្រដៀង​គ្នា​ទៅនឹង​ការអភិវឌ្ឍ​ទីក្រុង​បាងកក ឬ​ការអភិវឌ្ឍ​ទីក្រុង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០»​។ លោក​បាន​និយាយថា វា​មាន​ភាពសមហេតុ​ផល ក្នុងការ​សន្ម​ត់​ថា រាជធានី​ភ្នំពេញ នឹង​ពង្រីក​ទៅ​ផ្នែក​ម្ខាង​ទៀត [​ខាងកើត​] នៃ​ទន្លេ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាពិសេស​នៅពេល​មានការ​អភិវឌ្ឍ​ពេញលេញ​នៅ ផ្នែក​ខាងលិច​នៃ​ទន្លេ​។​

​ដូចគ្នា​នឹង​លោក ស៊ន សៀ​ប ដែរ លោក រិទ្ធី ជឿថា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន គឺ​ចាំបាច់​ត្រូវ​ផ្តល់​ដោយ​រដ្ឋាភិបាល​ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​។​

​បើ​ពិនិត្យ​អោយ​ស៊ីជម្រៅ​អំពី​សក្តានុពល​នៅ​តំបន់​ជ្រោយចង្វារ លោក James Hewson ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន CBRE Cambodia បាន​និយាយថា តំបន់​នេះ​មាន​សក្តានុពល​ខ្លាំង​។ លោក​បាន​បញ្ជាក់ថា ដី​នៅ​តំបន់​ជ្រោយចង្វារ មានតម្លៃ​សមរម្យ និង​នៅ​ទំនេរ​ច្រើន និង​ថែមទាំង​នៅ​ជិត​តំបន់​កណ្តាល​ក្រុង​ទៀតផង​។​

​លោក Hewson បញ្ជាក់ថា​៖«​គម្រោង OCIC ដែលមាន​ទំហំ​ជាង ៣០០​ហិកតា ស្ថិតនៅ​តំបន់​ជ្រោយចង្វារ នឹងត្រូវ​បង្កើតជា​គម្រោង​អភិឌ្ឍន៍​ចម្រុះ ដែលមាន​អគារ​ខ្ពស់ៗ​ជាច្រើន​។ ចំណែក​នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ ៦A វិញ ក៏មាន​ឱកាស​វិនិយោគ​ជាច្រើន​សម្រាប់​អគារ​លំនៅដ្ឋាន​ខ្ពស់​ផងដែរ​»​។​

​ពាក់ព័ន្ធ​នឹង​តម្លៃ​ដី លោក សៀ​ប បាន បង្ហាញ​តម្លៃ​ដី​ផ្សេងៗ​គ្នា នៅតាម​តំបន់​មាត់ទន្លេ​។ លោក​ថា កោះ​ពេជ្រ​មានតម្លៃ​ដី​ថ្លៃ​ជាងគេ ដោយ​ដី​នៅទីនេះ​មានតម្លៃ​ពី​៣,៥០០​ដុល្លារ​ទៅ ៥,០០០ ដុល្លារ​/​ម៉ែត្រការ៉េ​។ ចំណែក​ដី​នៅ​ជ្រោយចង្វារ​អាចមាន​តម្លៃ​ចាប់ពី​៧០០ ទៅ ២,០០០​ដុល្លារ​/​ម៉ែត្រការ៉េ​។​

​បច្ចុប្បន្ន ដី​នៅ​កោះនរា មានតម្លៃ​ចាប់ពី​៥០០ ដុល្លារ​ដល់ ១,០០០ ដុល្លារ​/​ម៉ែត្រការ៉េ រីឯ​អរិយ​ក្សត្រ​ជា​តំបន់ ដែលមាន​តម្លៃ​ទាប​ជាងគេ គឺមាន​តម្លៃ​ក្រោម ៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​លោក រិទ្ធី បន្ត​ដោយ​ជឿជាក់ថា​៖«​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​អគារ​ខ្ពស់ៗ​ជាច្រើន នឹង​ត្រូវបាន​អភិវឌ្ឍ​ឡើង​នៅ​តំបន់​ទាំងនេះ ហើយ​ច្រាំងទន្លេ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ប្រែក្លាយជា​ទីក្រុង​ទំនើប​»៕

​ប្រភព​៖ realestate.com.kh!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com