ជាតិ
សង្គមជាតិ
ស៊ុយ​អ៊ែត ឲ្យ​ជាង​២​សែន​ដុល្លារ ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ដោះស្រាយ​វិវាទ​ការងារ
06, Mar 2019 , 8:19 pm        
រូបភាព
រូបភាពពី​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
រូបភាពពី​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
ដោយ:
​ភ្នំពេញ​៖ ថវិកា​ជាង​២​សែន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ស៊ុយ​អ៊ែត នឹង​ផ្តល់​ឲ្យ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ទីផ្សារការងារ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយ​អ៊ែត នៅ​ថ្ងៃទី​៦ ខែមីនា ដែល​ទំហំ​ទឹកប្រាក់​នេះ ជា​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ក្នុង​រយៈពេល​មួយឆ្នាំ​។



​លោក សា​មូ​អ៊ែ​ល ហ៊ូ​ទីក ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា បាន​និយាយថា ការអប់រំ និង​ទីផ្សារការងារ គឺជា​សកម្មភាព​អាទិភាព​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​។ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​។ បើតាម​លោក សា​មូ​អ៊ែ​ល ហ៊ូ​ទីក ថវិកា​នេះ នឹង​អាចជួយ​ដោះស្រាយ​វិវាទ​ការងារ ក្នុង​គោលដៅ​បង្កើត​ឲ្យ​មាន​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា​។


រូបភាពពី​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល

​លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​លើកឡើងថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​បំពេញ​កិច្ចការងារ​ល្អ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​បាន​ច្រើន ដែល​អាចជួយ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក​។ លោក ប្រាប់​ដូច្នេះ​ថា​៖«​ឆ្នាំ​២០១៨ កន្លងទៅ យើង​បានទទួល​សំណុំរឿង​ចុះបញ្ជី​ចំនួន​២៧៦៥ ករណី​ហើយ​ដែលជា​កម្មករនិយោជិត​ពាក់ព័ន្ធ​ចំនួន​ជាង​១​លាន​នាក់​មកពី​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នៅក្នុង​ចំណោម​សំណុំរឿង​ទាំងអស់ យើង​ដោះស្រាយបាន​ជោគជ័យ​ចំនួន​៧៣,២០​ភាគរយ​»​។​

​លោក ម៉ែន និម្មិត បាន​សម្តែង​ក្តី​រីករាយ ដែល​ប្រទេស​ស៊ុយ​អ៊ែត តែងតែ​បន្ត​ការផ្តល់​ថវិកា​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់​ពង្រឹង​កិច្ចការងារ​ដោះស្រាយ​វិវាទ​ការងារ​ដែល​ជួយ​ដល់​អាជីវកម្ម និង​អ្នកវិនិយោគ​ជាច្រើន ព្រមទាំង​កម្លាំង​ពលកម្ម​រាប់ពាន់នាក់​នៅ​ទូទៅ​ប្រទេស​កម្ពុជា​។ 

​គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​ជំនួយ​ជា​ថវិកា​ចំនួន​១,២​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ស៊ុយ​អ៊ែត ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ទីផ្សារការងារ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ឯកជន និង​ការអភិវឌ្ឍ​សង្គម តាមរយៈ​ការ​ផ្តល់នូវ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្តាល​។

​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​ជា​ស្ថាប័ន​ឯករាជ្យ​ដែលមាន​អំណាច​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​ទៅដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល មាន​តួនាទី​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​កម្ពុជា​តាមច្បាប់​ការងារ ដើម្បី​ជួយ​ឲ្យ​មាន​ស្ថិរភាព​ទីផ្សារការងារ និង​រួមចំណែក​ក្នុងការ​អភិ​វ​ឌ្ឃ​សង្គម និង​សេដ្ឋកិច្ចជាតិ​៕


Tag:
 ស៊ុយ​អ៊ែត​
 ​ថវិកា​
 ​កម្មករ​
 ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com