អន្តរជាតិ
អាមេរិក ពិចារណា​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​បន្ត​ទទួលស្គាល់​របប ម៉ា​ឌុយ​រ៉ូ
06, Mar 2019 , 9:59 pm        
រូបភាព
លោក ហ័ន ក្វៃដូ និយាយទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទមួយថ្ងៃ​ទី ៥ ខែមីនា (AFP)
លោក ហ័ន ក្វៃដូ និយាយទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទមួយថ្ងៃ​ទី ៥ ខែមីនា (AFP)
​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា មិនមែន​តែ​ធ្វើ​ឲ្យ​ប្រទេស​នេះ​បែកបាក់​ជា​ពីរ​ឡើយ សូម្បីតែ​អន្តរជាតិ​ក៏ត្រូវ​ហែក​ជា​ពីរ​រវាង​ក្រុម​ម្ខាង​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និង​ក្រុម​ម្ខាង​ទៀត​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ។ ជារឿយៗ អាមេរិក​ដែល​ដឹកនាំ​ប្រទេស​ជាង​៥០ នៅ​ខាង​លោក ក្វៃ​ដូ បានស្នើ​ឲ្យ​ប្រទេស​ផ្សេង​គាំទ្រ​មេដឹកនាំ​ប្រឆាំង​រូបនេះ​។ ប្រេសិត​ពិសេស​អាមេរិក​សម្រាប់​កិច្ចការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ថែមទាំង​ព្រមាន​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​មិន​ដើរ​តាម​ខ្លួន​ទៅទៀត​។​

 
​ស្ថានការណ៍​នៅ​រដ្ឋ​អាមេរិក​ខាងត្បូង​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅតែ​មិនទាន់​ថមថយ​កម្ដៅ​ដដែល​។ ក្រុមប្រឆាំង​ដឹកនាំ​លោក ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​របប​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ នៅក្រៅ​ប្រទេស​វិញ អាមេរិក​ដែល​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏​ប្រឹង​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដើរ​តាម​ខ្លួន​ក្នុងការ​ទទួលស្គាល់​ក្រុមប្រឆាំង​ដែរ​។​
 
​សព្វថ្ងៃ ប្រទេស​ចំនួន​៥៤ បានទទួល​ស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ពេញ​ច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប៉ុន្តែ​ប្រទេស​ច្រើន​ទៀត​នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​លោក ម៉ា​ឌុយ​រ៉ូ ដដែល​។ ចិន រុស្ស៊ី តួ​ក​គី អ៊ីរ៉ង់ និង​គុយបា សុទ្ធតែ​មិន​ដោះដៃ​ពី​មេដឹកនាំ​សង្គមនិយម​មួយ​នេះ ស្របពេល​ប្រទេស​ខ្លះទៀត​ចង់ឃើញ​ភាគី​ជម្លោះ​ជួបចរចា​គ្នា​ដោះស្រាយ​បញ្ហា និង​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ទូទៅ​ឡើងវិញ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ 
 
​ខណៈ​មាន​ប្រទេស​ជាច្រើន​នៅមាន​ចំណងទាក់ទង​ជាមួយ​លោក ម៉ា​ឌុយ​រ៉ូ តំណាង​អាមេរិក​សម្រាប់​កិច្ចការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា Elliot Abrams ក៏​លើកឡើង​ពី​គំនិត​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ផ្សេង​ដែល​មិន​ព្រម​ទទួលស្គាល់​លោក ក្វៃ​ដូ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៥ ខែមីនា មន្ត្រីការទូត​ដែលមាន​និន្នាការ​ប្រើ​ធម៌​ក្ដៅ​ដោះស្រាយ​បញ្ហា​នោះ​ព្រមាន​ថា​៖ «​ទណ្ឌកម្ម​លើ​ប្រទេស​ផ្សេង ជា​លទ្ធភាព​ដ៏​ច្បាស់លាស់ ហើយ​ទណ្ឌកម្ម​អាច​កើតឡើង អាស្រ័យ​តាម​សកម្មភាព​របស់​របប​លោក ម៉ា​ឌុយ​រ៉ូ​»​។​
 
​ការអធិប្បាយ​របស់លោក Abrams មានន័យថា រដ្ឋបាល​លោក ត្រាំ កំពុង​បង្ខំ​ឲ្យ​ប្រទេស​នានា​ជ្រើសរើស​ផ្លូវ​មួយ​ក្នុងចំណោម​ពីរ គឺ​ត្រូវ​គាំទ្រ​អាមេរិក​ដែល​កំពុង​ប្រឹងប្រែង​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ ពី​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឬ​ត្រូវ​បន្ត​ទទួលស្គាល់​រដ្ឋាភិបាល​កាន់អំណាច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​អាមេរិក​ចង់​អូស​ទម្លាក់​ពី​អំណាច​វិញ​។​
 
​យ៉ាងណាមិញ វា​ជា​រឿង​លំបាក​សម្រាប់​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ផ្សេង ដោយ​គ្រាន់តែ​មិន​ដើរ​តាម​ខ្លួន​ក្នុង​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ក្រុង​វ៉ាស៊ីនតោន​មានតែ​ដាក់​សម្ពាធ​កាន់តែ​ថែមទៀត​លើ​របប​លោក ម៉ា​ឌុយ​រ៉ូ ដែល​នៅតែ​ចចេស​មិន​ព្រម​ចុះចេញ​តាម​សម្រួល​។ ជាមួយ​វត្តមាន​លោក ក្វៃ​ដូ ក្រុមប្រឆាំង​នៅតែមាន​លទ្ធភាព​តទល់​ជាមួយ​រដ្ឋាភិបាល​កាន់អំណាច​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​៕
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  Elliot Abrams
© រក្សាសិទ្ធិដោយ thmeythmey.com