អន្តរជាតិ
កូរ៉េខាងជើង ចាប់ផ្តើម​សកម្មភាព​ទាក់ទង​មី​ស៊ី​ល​ឡើងវិញ ក្រោយ​ជំនួប​នៅ​វៀតណាម​បរាជ័យ​
07, Mar 2019 , 1:29 am        
រូបភាព
ទាហានកូរ៉េខាងជើងឈរនៅឯស្ថានីយ៍បាញ់ផ្ការណប Sohae នៅ Dongchang-ri ។ (រូបភាព AFP)
ទាហានកូរ៉េខាងជើងឈរនៅឯស្ថានីយ៍បាញ់ផ្ការណប Sohae នៅ Dongchang-ri ។ (រូបភាព AFP)
​កូរ៉េខាងជើង ទំនងជា​កំពុង​ធ្វើ​សកម្មភាព​របស់ខ្លួន​ទាក់ទង​មី​ស៊ី​ល​ឡើងវិញ បន្ទាប់​ជំនួប​នៅ​វៀតណាម​បរាជ័យ​។ កាលពី​ថ្ងៃទី​៥ ខែមីនា មន្ត្រី​ចារកម្ម​កូរ៉េខាងត្បូង​ប្រាប់​សមាជិកសភា​ថា កូរ៉េខាងជើង​បាន​សក​ម្ម​ភាព​ថ្មីៗ​នៅឯ​រោងចក្រ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប ហើយ​បន្ត​ប្រតិបត្តិការ​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទៀតផង​។ លើសពីនោះ ក្រុង​ព្យុងយ៉ាង​ក៏​សាងសង់​ឡើងវិញ​ផ្នែក​ខ្លះ​នៅឯ​ស្ថានីយ៍​បាញ់​ផ្កាយរណប​ទៅទៀត​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ជឿជាក់​លើ​ព័ត៌មាន​ទាំងនេះ​ឡើយ​។​



​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​វៀតណាម គ្មាន​បាន​ផល គេ​ឃើញ​មាន​របាយការណ៍​ជាច្រើន​លេចឡើង​ទាក់ទង​សកម្មភាព​របស់​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​។ ព័ត៌មាន​ដំបូង​ផ្ដើមចេញពី​ការបញ្ចេញ​រូបថត​តាម​អវកាស​របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (CSIS) និង​របាយការណ៍​រប​ស់​អង្គភាព​ចារកម្ម​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៥ ខែមីនា​ពី​សកម្មភាពរ​បស់​កូរ៉េខាងជើង​នៅឯ​ទីតាំង Dongchang-ri ។​

​បើតាម​រូបថត គេ​ឃើញ​មាន​សកម្មភាព​សាងសង់​ផ្នែក​ខ្លះ​ឡើងវិញ​នៅ​ស្ថានីយ៍​បាញ់​ផ្កាយរណប Sohae ហើយ​សមកម្ម​ភាព​ខ្លះ​កើតឡើង​មុន​ជំនួប​នៅ​វៀតណាម​ទៅទៀត​។ ប៉ុន្តែ​គេ​មិនទាន់​អាច​តម្លៃ​បាន​ថា សកម្មភាព​ទាំងនោះ​ទាក់ទង​នឹង​ការត្រៀម​បាញ់​មី​ស៊ី​ល​ឡើយ​។ នៅ​អាមេរិក​ឯណោះ លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ប្រតិកម្ម​ខ្លាំង​នឹង​ព័ត៌មាន​នេះឡើយ ហើយ​រង់ចាំ​មើល​សិន​។ លោក​ឆ្លៀត​ព្រមាន​ថា លោក​នឹង​ខកចិត្ត បើ​កូរ៉េខាងជើង​ក្បត់​សម្ដី​។​

​ទីតាំង Dongchang-ri នេះហើយ​ដែល​លោក គីម ជុង​អ៊ុន សន្យា​បោះបង់ចោល​។ កូរ៉េខាងជើង​បានធ្វើ​សកម្មភាព​បំផ្លាញ​ផ្នែក​ជាច្រើន​នៃ​ស្ថានីយ៍ Sohae កាលពី​ឆ្នាំ​២០១៨ ឲ្យ​ស្រប​នឹង​ការប្ដេជ្ញាចិត្ត​របស់លោក គីម ដែល​ចង់​រំសាយ​នុយក្លេអ៊ែរ​។  

​បន្ទាប់មក​នៅ​ថ្ងៃទី​៧ ខែមីនា ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​ស្រង់​សម្ដី​ប្រធាន​អង្គភាព​ចារកម្ម​កូរ៉េខាងត្បូង Suh Hoon ថា កូរ៉េខាងជើង​ក៏មាន​សកម្មភាព​នៅឯ​រោងចក្រ Sanumdong ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង គេ​ឃើញ​មានការ​ចល័ត​រថយន្ត​ដឹកជញ្ជូន​នៅ​រោងចក្រ Sanumdong ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ជាទី​តាំង​ដែល​កូរ៉េខាងជើង​ផលិត​មី​ស៊ី​ល​អន្តរទ្វីប Hwasong-15 ចំនួន​ពី​ដើម​។

​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ​នេះ អាច​ហោះ​ដល់​គោលដៅ​ចម្ងាយ​១៣​ពាន់​គីឡូម៉ែត្រ គឺរ​ត់ដល់​ទឹកដី​អាមេរិក​តែម្ដង​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា លោក Suh Hoon ចាត់ទុក​សកម្មភាព​ថ្មីៗ​នេះ ជា​សកម្មភាព​ដែល​ទាក់ទង​នឹង​មី​ស៊ី​ល​។​

​ជាងនេះទៅទៀត កូរ៉េខាងជើង​ក៏ត្រូវ​រាយការណ៍​ថា ដំណើរការ​កន្លែង​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ Yongbyon ផង​។ លោក Suh និយាយថា ដំណើរការ​នៅ​កន្លែង​ចម្រាញ់​នោះ មាន​តាំង​មុន​ជំនួប​នៅ​វៀតណាម​ក៏​ថា​បាន​។ រោងចក្រ Yongbyon ហើយ​នេះ ជា​ចំណុច​ខ្ទាស់​មួយ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក្នុងការ​ចរចា​នៅ​ក្រុង​ហាណូយ​។ កូរ៉េខាងជើង​ស្នើ​បោះបង់​ផ្នែក​ខ្លះ​នៃ​ទីតាំង​នេះ​ជា​ថ្នូរ​ការលើកលែង​ទណ្ឌកម្ម តែ​អាមេរិក​ចង់បាន​ការកម្ទេច​នៅ​ទីតាំង​សម្ងាត់​ផ្សេងទៀត​។​

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com