អន្តរជាតិ
អាមេរិក​បារម្ភ ខណៈ​អុីតាលី​ត្រៀម​ចូលរួម​គំនិត​ផ្ដួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន
07, Mar 2019 , 2:58 pm        
រូបភាព
 រូបភាព AFP
រូបភាព AFP
​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​អុីតាលី នឹងចូលរួម​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ អុីតាលី នឹង​ក្លាយជា​សមាជិក​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ ដែល​ចូលរួម​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ដែលមាន​គោលដៅ​ជំរុញ​ការតភ្ជាប់ និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ប៉ុន្តែ​គម្រោង​របស់​អ៊ីតាលី ធ្វើ​ឲ្យ​អាមេរិក​នៅ​មិន​ស្ងប់ចិត្ត​ឡើយ ខណៈ​ចិន​ឯណោះ​វិញ ស្វាគមន៍​អ៊ីតាលី​ដៃ​ដប់​។​



​អុីតាលី នឹង​ចុះហត្ថលេខា​លើ​អនុស្សារណ​យោគយល់ (MoU) ដើម្បី​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ជា​ផ្លូវការ​នៅ​ចុះ​ខែមីនា​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Michele Geraci មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​អ៊ីតាលី ដែល​ស្រង់​ផ្សាយ​ដោយសារ​ព័ត៌មាន Financial Times ។ ខណៈ​ការចរចា​មិនទាន់​បញ្ចប់​នៅឡើយ លោក Geraci លើកឡើងថា ការចុះហត្ថលេខា​អាចធ្វើ​នៅ​អំឡុងពេល​ទស្សនកិច្ចរ​បស់​មេដឹកនាំ​ចិន​។​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​អ៊ីតាលី​នៅ​ថ្ងៃទី​២២ ខែមីនា មុននឹង​ចាកចេញ​ទៅ​បារាំង និង​អាមេរិក​ជា​ចុងក្រោយ​។ បើតាម​គម្រោង​នេះ អ៊ីតាលី អាច​នឹង​ប្រកាស​ចូលរួម​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​តែម្ដង​។ មន្ត្រី​អ៊ីតាលី​ខាងលើ​សង្ឃឹមថា ផលិតផល​អ៊ីតាលី​អាច​នាំចូល​ទីផ្សារ​ចិន​កាន់តែ​ច្រើនឡើង ព្រោះ​ចិន​ជាទី​ផ្សារ​រីកលូតលាស់​ខ្លាំង​បំផុត​របស់​ពិភពលោក​។​

​យ៉ាងណាមិញ គម្រោង​របស់​អ៊ីតាលី​ក្នុងការ​ចូលរួម​ជាមួយ​គម្រោង​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​របស់​ចិន មិន​ធ្វើ​ឲ្យ​អាមេរិក​សប្បាយចិត្ត​ឡើយ​។ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អាមេរិក Garrett Marquis បានបង្ហាញ​ការសង្ស័យថា ការគាំទ្រ​របស់​រដ្ឋាភិបាល​អ៊ីតាលី ទំនង​មិនអាច​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រទេស​នេះ​វិញ​ឡើយ ហើយ​វា​អាច​ថែមទាំង​បំផ្លាញ​មុខមាត់​រដ្ឋ​សមាជិក​ក្រុម​ប្រទេស​រីកចម្រើន​ទាំង​៧ មួយ​នេះ​ផង​។​

​ខណៈ​អាមេរិក​មិន​ពេញចិត្ត​នោះ ក្រុង​ប៉េកាំង​ដែលជា​ម្ចាស់​កម្មវិធី​នោះ មិនបាន​បដិសេធ​ឡើយ តែ​ក៏​ឆ្លៀត​រិះគន់​អាមេរិក​ដែលមាន​គំនិត​ហាមប្រាម​អ៊ីតាលី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែមីនា លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា អ៊ីតាលី​ដែលជា​ប្រទេស​អភិវឌ្ឍ​មួយ​ដែរ ពិតជា​ដឹង​ច្បាស់​ពី​ផលប្រយោជន៍​របស់ខ្លួន និង​មាន​សមត្ថភាព​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។


​លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែមីនា។ (រូបភាព៖ ក្រសួងការបរទេសចិន)

​ឆ្លើយតប​នឹង​សម្ដី​មន្ត្រី​អាមេរិក​ជុំវិញ​រឿង​អវិជ្ជមាន​របស់​គំនិត​ផ្ដួចផ្ដើម​របស់​ចិន អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ថា មកទល់ពេលនេះ ប្រទេស​ជាង​១៥០ និង​អង្គការ​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ហើយ​កំពុង​ចែករំលែក​ឱកាស​ដើម្បី​ការអភិវឌ្ឍ​រៀងៗ​ខ្លួន​ផងដែរ​។ ម្យ៉ាងទៀត វា​ក៏​ជា​ពិបាក​ស្រមៃ​ដែរ ពេល​ប្រទេស​ខ្លះ​និយាយថា ចូលរួម​ក្នុង​គម្រោង​របស់​មិនបាន​នាំ​រឿង​ល្អៗ​នោះ​។​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រកាស​ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​កាលពី​ឆ្នាំ​២០១៣ ។ ជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ធំ​បំផុត​មួយ​របស់​ចិន ប្រទេស​ជាច្រើន​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប បាន​ចូលរួម​ជាមួយ​ចិន ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​មួយចំនួនទៀត​បានដាក់​សង្ស័យ​លើ​គំនិត​របស់​ចិន និង​រិះគន់​ចិន​ទៀតផង​។ ប្រទេស​ទាំងនោះ​អះអាងថា ប្រទេស​ជាច្រើន​បែរជា​ត្រូវ​ជំពាក់​លុយ​ចិន ហើយ​ចិន​ក៏​ប្រើ​គំនិត​ផ្ដួចផ្ដើម​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន អនុវត្ត​នយោបាយ​ជញ្ជក់​ឈាម​ប្រទេស​ក្រីក្រ ឬ​ការទូត​អន្ទាក់​បំណុល​ជាដើម​៕


Tag:
 អាមេរិក​
  ចិន​
  អុីតាលី​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com