ជាតិ
សង្គមជាតិ
បេឡា​ជាតិ​ចំណាយ​ជាង​៦,៥​លាន​ដុល្លារ​លើ​ការឧបត្ថម្ភ​កម្មការិនី​សម្រាលកូន​ក្នុង​ឆ្នាំ​២០១៨
08, Mar 2019 , 8:39 am        
រូបភាព
ដោយ: រួបរួម
​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ចំណាយ​ប្រាក់ឧបត្ថម្ភ ២៦ ២១៣ ៦០០ ០០០ រៀល (​ជាង​៦,៥​លាន​ដុល្លារ​អាមេរិក​) លើ​ការឧបត្ថម្ភ​កម្មការិនី​សម្រាលកូន​រយៈពេល​១​ឆ្នាំ​ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៨​។​

 
​ទិន្នន័យ​របស់ ប​.​ស​.​ស បាន​បង្ហាញថា ឆ្នាំ​២០១៨​កន្លងមក កម្មការិនី​ចំនួន ៦៥ ០៥៤​នាក់ បាន​សម្រាលកូន​សរុប​ចំនួន ៦៥ ៥៣៤​នាក់​។ ក្នុងចំណោម​នោះ ស្ត្រី​ដែល​កើតកូន​ភ្លោះ​ពីរ មាន​ចំនួន​៤៧០​នាក់ និង​ស្ត្រី​កូនភ្លោះ​បី មាន​៥​នាក់​។​
 
​តាម​គោលការណ៍ កម្មការិនី​សម្រាលកូន​មួយ ទទួលបាន​ថវិកា ៤០​ម៉ឺន​រៀល កូនភ្លោះ​ពីរ បាន​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី បាន​១២០​ម៉ឺន​រៀល និង​៥​លាន​រៀល​បន្ថែមទៀត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​កម្មការិនី​ដែលមាន​ផ្ទៃពោះ​ចាប់ពី​២៦​សប្តាហ៍​ឡើងទៅ អាច​ទៅ​បំពេញ​ទម្រង់ «​លិខិត​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​ពេល​សម្រាលកូន​» នៅ​អគារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​ស្នាក់ការ ប​.​ស​.​ស ខណ្ឌ​/​ខេត្ត ឬ​អាចទាក់ទង​ភ្នាក់ងារ ប​.​ស​.​ស ដែល​ប្រចាំការ​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល ចំនួន ៤០​ម៉ឺន​រៀល (៤០០ ០០០​រៀល​)​។​
 
​ក្រៅពីនេះ កម្មការិនី​ទាំងនោះ ទទួលបាន​លក្ខខណ្ឌ​អនុគ្រោះ និង​ការឧបត្ថម្ភ​បន្ថែម​ផ្សេងៗ​ទៀត​ពី​ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំង​រដ្ឋាភិបាល​ផងដែរ​៕

Tag:
 បេឡា​ជាតិ​
  កម្មការិនី​
© រក្សាសិទ្ធិដោយ thmeythmey.com