អន្តរជាតិ
លោកស្រី មឺ​ហ្គែ​ល បដិសេធ​សំណើ​អាមេរិក​ដែល​ចង់​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរ​រុស្ស៊ី
08, Mar 2019 , 2:07 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្គែល នាជំនួបនៅអាល្លឺម៉ង់។ (រូបភាព AP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្គែល នាជំនួបនៅអាល្លឺម៉ង់។ (រូបភាព AP)
​អាល្លឺម៉ង់ បាន​បដិសេធ​សំណើ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​ខ្លួន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​ក្បែរ​រុស្ស៊ី ក្នុង​គោលដៅ​សម្ញែង​អានុភាព និង​បញ្ឆេះ​កំហឹង​រុស្ស៊ី​ផង​។ ការបដិសេធ​នេះ កើតឡើង​អំឡុង​ជំនួប​រវាង​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្គែ​ល និង​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក Bloomberg ។



​បើតាម​ទូរទស្សន៍ Bloomberg នា​ជំនួប​ថ្ងៃទី​១៦ ខែកុម្ភៈ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​ប្រាប់​ឲ្យ​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្គែ​ល បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅកាន់​ច្រក​សមុទ្រ Kerch ដែល​នៅ​ចន្លោះ​ដែន​គោក​រុស្ស៊ី និង​តំបន់​គ្រី​មៀ​។ គោលដៅ​នៃ​វត្តមាន​នាវា​អាល្លឺម៉ង់ ជា​សញ្ញា​ប្រាប់​រុស្ស៊ី​ថា បស្ចិម​លោក​មិន​បោះបង់​ដែនទឹក​តំបន់​នោះ​ដោយ​ងាយៗ​ឡើយ​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​ពី​ប្រភព​ចំនួន​បី​។​

​យ៉ាងណាមិញ លោកស្រី មឺ​ហ្គែ​ល មិន​ព្រម​តាម​សំណើ​ឡើយ​។ ប្រភព​ដដែល​បន្តថា ការបដិសេធ​របស់​អធិការបតី​អាល្លឺម៉ង់ គឺ​យោងតាម​ជំហរ​របស់​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប៉េ​ត្រូ ប៉ូ​រ៉ូ​ស្ហេ​ន​កូ យល់ថា ការបង្ហាញ​កម្លាំងយោធា​ត្រឹម​មួយដង មិនអាច​ធ្វើ​អ្វី​បានឡើយ ហើយក៏​មិនអាច​ឲ្យ​ផ្លូវទឹក​ចន្លោះ​គ្រី​មេ និង​រុស្ស៊ី បើក​ដំណើការ​ជា​អចិន្ត្រៃយ៍​ដែរ​។ សូម្បីតែ​បារាំង​ក៏​បដិសេធ​ចូល​រួមការ​សម្ញែង​ឥទ្ធិពល​ដាក់​រុស្ស៊ី​ដែរ​។​

​ច្រក​សមុទ្រ Kerch ដែលមាន​ទទឹង​ពីរ​គីឡូម៉ែត្រ​នេះ ជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់ និង​ជា​ផ្លូវ​ដឹកជញ្ជូន​ចូលទៅ​កាន់​សមុទ្រ Azov របស់​អ៊ុយ​ក្រែ​ន​ផង​។ រុស្ស៊ី​ដែល​គ្រប់គ្រង​ឧបទ្វីប​នេះ​ទាំងស្រុង​នៅ​ឆ្នាំ​២០១៤ បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​ច្រក​សមុទ្រ​នេះ​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ទ័ពជើងទឹក​រុស្ស៊ី​បាន​ឃាត់​កប៉ាល់​អ៊ុយ​ក្រែ​ន​បី​គ្រឿង​ដែល​ធ្វើដំណើរ​សំដៅ​ច្រក Kerch នេះ និង​ចាប់ខ្លួន​នាវិក​អ៊ុយ​ក្រែ​ន ២៤​នាក់​ផង​។​

​ក្រោយ​ហេតុការណ៍​ខាងលើ អ៊ុយ​ក្រែ​ន​ក៏​ប្រឹងប្រែង​រក​ជំនួយ​អន្តរជាតិ​ដើម្បី​បើក​ច្រក​សមុទ្រ Kerch ឲ្យ​នៅ​ចំហ​រហូត​។ អ៊ុយ​ក្រែ​ន​ដែល​មិនអាច​ធ្វើ​អ្វី​ដាក់​រុស្ស៊ី​បាន​នោះ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ផង​។ រុស្ស៊ី​ឯណោះ​វិញ បាន​បង្កើន​ការគ្រប់គ្រង​លើ​តំបន់​គ្រី​មេ​កាន់តែខ្លាំង​ឡើង​។ បន្ទាប់​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ភ្ជាប់​គ្រី​មេ នឹង​ដែន​គោក​រុស្ស៊ី​រួច ក្រុង​មូ​ស្គូ​ក៏​ត្រៀម​ធ្វើ​ផ្លូវដែក​ទៅកាន់​ទឹកដី​ថ្មី​របស់ខ្លួន​ទៀត​។​

​តាមពិតទៅ ការបដិសេធ​របស់លោក​ស្រី មឺ​ហ្គែ​ល ធ្វើឡើង​ស្របពេល​ដែល​អាល្លឺម៉ង់ និង​អាមេរិក​កំពុង​មិនត្រូវ​គ្នា​លើ​គម្រោង​ស្ថាបនា​បំពង់​បង្ហូរ​ប្រេង Nord Stream 2 របស់​រុស្ស៊ី​។ អាមេរិក​ដែល​មិនត្រូវ​គ្នា​ជាមួយ​រុស្ស៊ី ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្អាក់​គម្រោង​នេះ ប៉ុន្តែ​រដ្ឋ​អឺរ៉ុប​ដែល​ត្រូវការ​ឧស្ម័ន​មានតម្លៃ​ថោក​របស់​រុស្ស៊ី​នោះ មិន​ធ្វើតាម​ឡើយ ហើយ​ជារឿយៗ​តែងតែ​ទាស់សម្ដី​គ្នា​លើ​បញ្ហា​នេះ​៕

Tag:
 ​អាល្លឺម៉ង់​
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com