កីឡាអន្តរជាតិ
អន្តរជាតិ
Ranieri ទំនង​ឡើងជា​គ្រូ Roma ជំនួស​លោក Di Francesco ដែល​ទើប​បញ្ចប់​តំណែង​
08, Mar 2019 , 3:58 pm        
រូបភាព
Roma បានបញ្ចប់​លោក Eusebio di Francesco ពី​តំណែង​គ្រូបង្វឹក ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ចេញពី​ក្របខណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ និង​បង្ហាញខ្លួន​មិន​បានល្អ​សម្រាប់​ការប្រកួត​លី​គ​ក្នុងស្រុក​រដូវ​កាល​នេះ​។ អតីត​គ្រូ Leicester City និង Fulham លោក Claudio Ranieri មាន​ភាគរយ​ខ្ពស់​ជាងគេ​ដើម្បី​ជំនួស​តំណែង​នេះ​។​



​ក្រុម​ពី​អ៊ីតាលី​បាន​ចាញ់​ក្រុម FC Porto ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ខណៈដែល​ជើង​ទីមួយ​ពួកគេ​ឈ្នះ ២-១​។ សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​លី​គ Serie A រដូវ​កាល​នេះ Roma ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ មាន​៤៤​ពិន្ទុ​ក្នុងចំណោម​២៦​ប្រកួត និង​ថែមទាំង​ចាញ់ Lazio ដល់​ទៅ ៣-០ កាលពី​សប្តាហ៍​មុន​។​

​លោក Di Francesco មាន​សញ្ជាតិ​អ៊ីតាលី វ័យ​៤៩​ឆ្នាំ​បាន​ចូលកាន់​តំណែង​នេះ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ និង​បាន​នាំ Roma ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​មុន​ផងដែរ​។​

​សម្រាប់​តំណែង​ដែល​នៅ​ទំនេរ ប្រធាន​ក្លិប Roma លោក Jim Pallotta កំពុងមាន​ការទាក់ទង​លោក Claudio Ranieri ដែល​ទើប​ត្រូវបាន Fulham បញ្ចប់​តំណែង កាល​សប្តាហ៍​មុន ដើម្បី​ទៅ​ជំនួស​កៅអី​លោក Di Francesco​។​

​គ្រូបង្វឹក​ជើងចាស់​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ធ្លាប់ជួយ Leicester ឈ្នះ​ពាន Premier League ក្នុង​ឆ្នាំ ២០១៦ មុន​ក្លិប​រហស្សនាម​កញ្ជ្រោង​បណ្តេញ​លោក​នៅ​រដូវ​កាល​បន្ទាប់​។​

Ranieri ក៏​ធ្លាប់ជា​អ្នកចាត់ការ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Rome នេះដែរ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៩-២០១១ និង​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​លី​គ Serie A នៅ​ឆ្នាំ ២០១០ ម្តង​ដែរ​៕

Tag:
 ​បាល់ទាត់​
  Roma
  Eusebio di Francesco
  Claudio Ranieri
© រក្សាសិទ្ធិដោយ thmeythmey.com