អន្តរជាតិ
លោក មហា​ធៀ​៖ ម៉ាឡេស៊ី មិន​ស្ដាប់​យោបល់​បរទេស​ឡើយ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​
08, Mar 2019 , 4:58 pm        
រូបភាព
​ការប្រកួតប្រជែង​រវាង​មហាអំណាច​អាមេរិក និង​មហា​យក្ស​ចិន ជា​រឿង​ឈឺក្បាល​សម្រាប់​ប្រទេស​តូចៗ​ទាំង​នៅ​អាស៊ី និង​នៅ​ជុំវិញ​ពិភពលោក​។ ប្រទេស​ខ្លះ​ងាក​ទៅ​អាមេរិក ហើយ​ខ្លះទៀត​ឱប​ចិន​ដែល​កំពុងមាន​សេដ្ឋកិច្ច​ស្ទុះ​ខ្លាំង​។ ចំពោះ​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ លើកឡើងថា ប្រទេស​លោក​នឹង​នៅ​ខាង​ចិន​ដែល​សម្បូរ​លុយ ជាទី​ផ្សារ​ដ៏​ធំ និង​ជា​អ្នកជិតខាង​មួយ​។ សម្រាប់​លោក មហា​ធៀ ចិន​មិនមែនជា​ប្រទេស​ត្រូវ​ខ្លា​ចឡើយ តែ​ជា​ប្រទេស​ដែល​មិនអាច​មិន​រកស៊ី​ជាមួយ​បាន​។



​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ហាក់​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​ការ​ងើបឡើង​របស់​ចិន ដែល​បណ្ដា​ប្រទេស​លោកខាងលិច​យល់ថា ជាការ​គំរាមកំហែង​មួយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​ហុងកុង South China Morning Post លោក មហា​ធៀ បានលើកឡើង​ពី​ការ​ប្រជែង​ឥទ្ធិពល​រវាង​អាមេរិក និង​ចិន និង​ការព្រួយបារម្ភ​របស់​ប​ស្ចិ​ម​ប្រទេស​ពី​គោលនយោបាយ​របស់​ក្រុង​ប៉េកាំង ពិសេស​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។​

​ប្រសិនបើ​ឲ្យ​ជ្រើសរើស​ភាគី​ណាមួយ​ក្នុងការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ លោក មហា​ធៀ និយាយថា ម៉ាឡេស៊ី​ចង់​ឈរ​នៅ​ខាង​ចិន​ដែលមាន​សេដ្ឋកិច្ច​ធំ​។ មិន​រើស​ខាង​អាមេរិក ក៏​ព្រោះ​លោក មហា​ធៀ យល់ឃើញថា អាមេរិក​មាន​នយោបាយ​មិន​ប្រាកដប្រជា ដែល​វា​ជា​រឿង​អវិជ្ជមាន​មួយ​សម្រាប់​អាមេរិក​ក្នុងការ​អូសទាញ​ប្រទេស​តូចៗ​ក្នុង​តំបន់​ឲ្យ​ឈរ​ខាង​ខ្លួន​។

​សព្វថ្ងៃ លោកខាងលិច សង្ស័យ​ចិន​កាន់តែខ្លាំង​ឡើងលើ​បញ្ហា​ជាច្រើន​ចាប់ពី​ការ​លួច​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​រហូតដល់​ការ​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង​។ ក្នុង​កិច្ច​សម្ភាស​ដែល​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែមីនា លោក មហា​ធៀ មិន​ខ្វល់ខ្វាយ​ការព្រួយបារម្ភ​របស់លោក​ខាងលិច​ឡើយ តែ​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​សម្រេចចិត្ត​ដោយ​ឯករាជ្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន មិន​ស្ដាប់​តាម​យោបល់​បរទេស​ឡើយ​។​

«​សម្រាប់​ម៉ាឡេស៊ី យើង​ត្រូវ​ទទួលស្គាល់ថា ចិន​នៅក្បែរ​យើង ជាទី​ផ្សារ​ដ៏​ធំ​មួយ ហើយ​យើង​ចង់​ទាញ​ប្រយោជន៍​ពី​ចិន​។​» នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ មុននឹង​បន្តថា សម្រាប់​ផ្លូវ​សេដ្ឋកិច្ច ម៉ាឡេស៊ី​ជ្រើសរើស​ចិន តែបើ​គិត​តាមផ្លូវ​នយោបាយ​វិញ ម៉ាឡេស៊ី​គ្មាន​ចំណាប់អារម្មណ៍​ការដឹកនាំ​តាមបែប​ផ្ដាច់ការ​ឡើយ​។

​ក្នុង​កិច្ច​សម្ភាស​ដែល​ធ្វើ​នៅ​ហ្វីលីពីន លោក មហា​ធៀ ក៏​និយាយ​ដល់​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​មុខសញ្ញា​រង​ការរិះគន់​កប់ៗ​មាត់​ពី​សំណាក់​អាមេរិក​។ ក្រុម​ប្រទេស​លោកខាងលិច​ជឿថា ការផ្ដល់​កម្ចី​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​នេះ​ជា​នយោបាយ​ការទូត​អន្ទាក់​បំណុល ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​ងើបមុខ​មិន​រួច​។ ការគ្រប់គ្រង​កំពង់ផែ Hambantota ពី​សំណាក់​ក្រុមហ៊ុន តែង​ត្រូវបាន​លើកឡើង​ជា​ភស្តុតាង​នៃ​អន្ទាក់​បំណុល​នេះ​។​

​ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អះអាងថា រដ្ឋាភិបាល​មាន​អធិបតេយ្យ​មួយ មាន​សិទ្ធិ​ខ្ចី ឬ​មិន​ខ្ចីលុយ​បរទេស​។ ប៉ុន្តែ​លោក​ក៏​ព្រមាន​ដែរ​ថា ប្រទេស​នានា​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​អ្វីដែល​ប្រទេស​ត្រូវការ ហើយ​អ្វីដែល​មិនចាំបាច់ ហើយ​ប្រទេសមួយ​ចង់​ខ្ចីលុយ​គេ​ច្រើន វា​ជាការ​សម្រេចចិត្ត​របស់​ប្រទេស​ប៉ុណ្ណោះ​។ លើសពីនេះ លោក មហា​ធៀ ក៏​ជឿថា មហាអំណាច​អាស៊ី​នេះ នឹងមិន​ធ្វើ​អាណានិគម​លើ​រដ្ឋ​អាស៊ី​ដូចដែល​អឺរ៉ុប​ធ្វើ​កាលពី​អតីតកាល​ឡើយ​៕

Tag:
 ម៉ាឡេស៊ី​
  ចិន​
  អាមេរិក​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com