ពេល​មានទុក្ខ ស្ត្រី គួរ​យក​ជីវិត​នាង​បដា​ចារ មក​ពិចារណា​
ជាតិ
បទវិភាគ
សង្គមជាតិ
ពេល​មានទុក្ខ ស្ត្រី គួរ​យក​ជីវិត​នាង​បដា​ចារ មក​ពិចារណា​
28, Sep 2019 , 5:59 pm        
រូបភាព
រូបតំណាង៖ កូនពៅរបស់នាងបដាចារ ត្រូវសត្វខ្លែងឆក់ ហើយកូនបង ត្រូវបានទឹកកួចយកទៅ
រូបតំណាង៖ កូនពៅរបស់នាងបដាចារ ត្រូវសត្វខ្លែងឆក់ ហើយកូនបង ត្រូវបានទឹកកួចយកទៅ
ដោយ: ថ្មីៗ
​ជា​មេរៀន​ដ៏​ប្រពៃ​មួយ សម្រាប់​ស្ត្រី ដែល​គួរ​យក​ជីវិត​របស់​នាង​បដា​ចារ មក​ពិ​ចា​ណា នៅពេល​ជួប​វិបត្តិ​ឬ​ការឈឺចាប់​។ ការ​នឹក​គិតដល់​ខ្សែជីវិត​របស់​នាង​បដា​ចារ អាចធ្វើ​ឲ្យ​ការឈឺចាប់​របស់​ស្ត្រី ថយចុះ​ក៏​ថា​បាន​។​


 
​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ធ្លាប់បាន​ដឹងឮ​នូវ​រឿងនិទាន​របស់​នាង​បដា​ចារ ដែល​បាន​កើតឡើង តាំងពី​ពុទ្ធសម័យ​មកម្ល៉េះ​។ នាង​បដា​ចារ ជា​ស្ត្រី​មួយរូប ដែល​ណែន​ទៅដោយ​សេចក្តី​ទុក្ខ​។ សេចក្តី​ទុក្ខ​របស់​នាង​បដា​ចារ ពិបាក​នឹង​យក​សេចក្តី​ទុក្ខ​របស់​ស្ត្រី​ណា​ផ្សេង មក​ប្រៀបផ្ទឹម​ណាស់​។ 
 
​ហេតុ​ដូច្នេះហើយ ទើប​នាង​បដា​ចារ ត្រូវបាន​គេ​យកមក​ធ្វើជា​តួអង្គ ដែល​តំណាង​ឲ្យ​ការឈឺចាប់​និង​ទុក្ខសោក​។ កវី​ខ្មែរ និយម​បញ្ចូល​ឈ្មោះ​នាងបដា​ចារ ទៅក្នុង​កំណាព្យ​និង​បទ​ចម្រៀង ប្រសិនបើ​កំណាព្យ និង​បទ​ចម្រៀង​នោះ រៀបរាប់​ពី​ទុក្ខសោក​និង​ការឈឺចាប់​។  
 
​តើ​នាង​បដា​ចារ មាន​សេចក្តី​ទុក្ខ​កម្រិតណា​?  ហេតុអ្វី ពេល​មានទុក្ខ ស្ត្រី គួរ​យក​ជីវិត​របស់ខ្លួន ទៅ​ប្រៀបធៀប​នឹង​ជីវិត​របស់​នាងបដា​ចារ​?
 
​នាង​បដា​ចារ គឺជា​កូនស្រី​របស់​សេដ្ឋី ក្នុង​ក្រុង​សាវត្ថី​។ ពេល​ពេញវ័យ​ក្រមុំ នាង​បដា​ចារ ដែល​បរិបូរ​ទៅដោយ​រូប​សម្ផស្ស គួរ​ជាទី​គប្បី​ភ្នែក​នៃ​បុរស​ទាំងឡាយ ក៏​ត្រូវបាន​ឪពុកម្តាយ ឃុំគ្រង​យ៉ាង​តឹងរឹង ហើយ​ឲ្យ​រស់​នៅតែ​ក្នុង​បន្ទប់ ដោយ​មិន​ឲ្យ​ចេញ​ក្រៅ​។ ឪពុកម្តាយ បាន​ជួប​មាណ​ពម្នាក់ (​បុរស​) ដើម្បី​ឲ្យ​បម្រើ​និង​រែក​ទឹក​ឲ្យ​នាង​ងូត​រាល់ថ្ងៃ​។ 
 
​ជា​រៀងរាល់ថ្ងៃ នាង​បដា​ចារ បាន​ឃើញតែ​បុរស​នោះ​ប៉ុណ្ណោះ​។ ដោយសារតែ​បុរស​ជា​អ្នកបម្រើ តែង​ព្យាយាម​នឹង​ការងារ និង​មាន​ចរិត​ស្លូតបូត គួបផ្សំ​នឹង​ឧបនិស្ស័យ​ពី​បុព្វេ សេចក្តី​អាណិត​និង​សេចក្តីស្រឡាញ់ ក៏បាន​កើតមាន​ក្នុង​ចិត្ត​របស់​នាង​បដា​ចារ​។ ឯ​បុរស​ជា​អ្នកបម្រើ ក៏មាន​ចិត្ត​លើ​នាង​បដា​ចារ​ដែរ​។ យូរៗ​ទៅ អ្នក​ទាំងពីរ បានដឹងខ្លួន​ថា ពួកគេ បានកើត​ចិត្ត​ប្រតិព័ទ្ធ​លើ​គ្នា​។ 
 
​បន្ទាប់មក នាង​បដា​ចារ​និង​មាណ​ព្វ បាន​ពង្រាត់​គ្នា​ទៅ​រស់​នៅឯ​តំបន់​មួយ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ឪពុកម្តាយ​។  ពួកគេ មិនអាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បានឡើយ ព្រោះ​ប្រពៃណី​នៃ​ប្រទេស​ឥណ្ឌា​នា​សម័យ​នោះ បាន​បែងចែក​វណ្ណៈ​រវាង​អ្នកមាន​និង​អ្នកក្រ​។ វណ្ណៈ​ជា​ទាសករ (​អ្នកបម្រើ ឬ​អ្នក​ខ្ញុំគេ​) មិនអាច រៀប​អាពាហ៍ពិពាហ៍​ជាមួយ​វណ្ណៈ​អភិជន (​ស្តេច ឬ​សេដ្ឋី​) បានឡើយ​។   
 
​លុះ​ចំណេរ​ចីរកាល​ក្រោយមក នាង​បដា​ចារ ក៏​ប្រសូត​បានកូន​មួយ​។ ប៉ុន្មាន​ឆ្នាំ​កន្លងផុតទៅ នាង​បដា​ចារ បាន​ពពោះ​ម្តងទៀត​។  ពេល​ជិត​ដល់​ខែ​ប្រសូត​កូន​ទី​ពីរ  នាង​បដា​ចារ និង​ស្វាមី បានសម្រេច​ចិត្ត​នាំគ្នា ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​សុំ​ខមាទោស​ឪពុកម្តាយ និង​បានរស់នៅ​ជុំគ្នា​។ ពេលធ្វើ​ដំណើរ​តាមផ្លូវ នាង ក៏បាន​ប្រសូត​កូន​ទី​ពីរ​។ បុរស​ជា​ប្តី បាន​ទៅរក​ឧស ដើម្បី​យកមក​បង្កាត់ភ្លើង​ឲ្យ​នាង និង​កូន​ដែល​ទើបនឹង​ប្រសូត​។ ដោយសារតែ​ចាំ​យូរពេក នាង ក៏​នាំ​កូន ទៅរក​ប្តី​។ ខណៈនោះ នាង កើតក្តី​រន្ធត់​ជា​ពន់ពេក ដោយ​ឃើញ​ប្តី​ស្លាប់ នៅ​ជិត​ដំបូក​មួយ ដោយសារ​ពស់​ចឹក​។

នាង​បដា​ចារ បាន​ចាក​ចេញពី​សព​ប្តី​ទាំង​ទឹកភ្នែក ដោយ​ដៃ​ម្ខាង​បីកូន​ពៅ ហើយ​ដៃ​ម្ខាង​ទៀត ដឹក​ដៃ​កូន​បង ដើម្បី​ឆ្ពោះទៅកាន់​ផ្ទះ​ឪពុកម្តាយ​។ ដើម្បី​ទៅដល់​ផ្ទះ នាង ត្រូវ​ឆ្លងស្ទឹង​មួយ ព្រោះ​ពេល​នាង រត់គេច​ពី​ផ្ទះ ទៅ​រស់នៅ​ជាមួយ​ប្តី ក៏បាន​ឆ្លងស្ទឹង​នោះដែរ​។ ពេលទៅដល់​ស្ទឹង​នោះ នាង​បាន​ឲ្យ​កូន​បង រង់ចាំ​នៅ​ត្រើយម្ខាង​សិន ហើយ​នាង យក​កូនពៅ​ដែល​ទើបនឹង​កើត​តាមផ្លូវ ឆ្លង​ទៅមុន​។ ឆ្លង​ផុត​ហើយ នាង បានដាក់​កូនពៅ ឲ្យ​គេង​លើដី ហើយ​ត្រឡប់មក​យក​កូន​បង​។ 
 
​ដើរ​ដល់​ពាក់​កណ្តាលស្ទឹង ស្រាប់​តែមាន សត្វ​ខ្លែង​មួយ​ក្បាល ឆាប​យក​កូនពៅ​របស់​នាង​ទៅ​។ ឃើញ​ដូច្នេះ នាង ក៏​ទ្រហោយំ ដោយបាន​លើកដៃ​បក់​ផង​និង​ស្រែក​ផង ថា​កុំ​ឲ្យ​ឆក់យក​កូន​របស់​នាង​។ កូន​បង ដែល​នៅឯ​ក្រោយ​ម្ខាង​ទៀត   ស្មានតែ​ម្តាយ ស្រែក​បក់ដៃហៅ ក៏​ចុះ​ក្នុង​ស្ទឹង​ដើរ​ទៅរក​ម្តាយ​។ កូន​បង​នោះ ត្រូវបាន​ទឹកស្ទឹង​កួច​យកទៅ​បាត់​។​
 
​តែមួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ នាង​បដា​ចារ បាន​បាត់បង់​ស្វាមី​និង​កូន​ទាំងពីរ​។ នាង ស្ទើរតែ​បាត់ស្មារតី​ទៅហើយ ព្រោះតែ​សេចក្តី​ទុក្ខ​ដ៏​ធំ​ក្រៃលែង បាន​គ្របសង្កត់​។​
 
​នាងបដា​ចារ ចេះតែ​បន្តដំណើរ​ទាំង​ស្មារតី​មិន​នឹងន។ នៅតាម​ផ្លូវ ពេល​ឃើញ​អ្នក​គង្វាល​គោ នាង​ក៏រ​ត់ទៅ​ឱប ដោយ​ស្មានថា​ជា​ប្តី​។ ពេល​ឃើញ អ្នកភូមិ ពរ​កូនតូច នាង​ក៏​ស្ទុះ​ទៅរក ដោយ​ស្មានថា​ជា​កូន​របស់​នាង​។ តែ នាង​នៅ​ភ្ញាក់ស្មារតី​និង​ដឹងខ្លួន​តិចៗ ហើយក៏​ចេះតែ​បន្តដំណើរ​ទៅមុខ​។ ពេលទៅដល់​ស្រុកភូមិ​របស់ខ្លួន នាង ក៏បាន​ទទួលដំណឹង​ដ៏​សែន​រន្ធត់​មួយទៀត គឺ​ផ្ទះ​របស់​នាង បាន​ដួលរលំ​ដោយសារ​ខ្យល់​បោកបក់ ដែល​បណ្តាល​ឲ្យ​ឪពុកម្តាយ​និង​បងប្រុស បាន​ស្លាប់​ទាំងអស់គ្នា​។ 
 
​ត្រឹម​មួយ​យប់ មួយថ្ងៃ នាង​បដា​ចារ បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​។ ព្រោះតែ​ទុក្ខ​កើតឡើង​ផ្ទួនៗ​បែបនេះ ចិត្ត​វិបល្លាស ក៏​កើតឡើង​ចំពោះ​នាង ហើយ​នាង ក៏​ប្រែក្លាយ​ពី​មនុស្ស​ធម្មតា ទៅជា​មនុស្ស​វិ​កល​ចរិត​។ នាង បាន​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន​ទាំងអស់​។ នាង ចេះតែ​ដើរ​យំ​បណ្តើរ និង​សើច​បណ្តើ​រទាំង​អាក្រាតកាយ​។​
 
​ដើរ​យូរៗ​ទៅ នាង ក៏​ទៅដល់​វត្ត​ជេតពន ដោយ​មិនដឹង​ខ្លួន​។ នាង ទៅដល់​វត្ត​ជេតពន ចំ​ពេលដែល​ព្រះសម្មាសម្ពុទ្ធ កំពុង​សម្តែងធម៌ ប្រោស​បរិស័ទ​។ នាង​បាន​ដើរ​តម្រង់​ទៅកាន់​ព្រះពុទ្ធ​ទាំង​មិនមាន​សម្លៀកបំពាក់​។ ពេល​ចូល​ទៅដល់ បុរស​ម្នាក់ ក៏បាន​យក​ស្បៃ​ទៅ​គ្របដណ្តប់​ឲ្យ​នាង​។ នាង​ក៏​អង្គុយ​ស្តាប់​ការសម្តែង​ធម៌​របស់​ព្រះពុទ្ធ​។

ទីបំផុត នាង​ក៏បាន​ប្រែក្លាយជា​មនុស្ស​ដែលមាន​សតិ​ប្រក្រតី​វិញ​។ នាង បាន​បួស​ជា​ភិក្ខុនី ហើយ​បានសម្រេច​ធម៌ ក្លាយជា​ព្រះ​អរហន្តី​។ សេចក្តី​ទុក្ខ​ទាំង​អម្បាលម៉ាន បាន​រសាយ​ចេញ​អស់ពី​នាង​បដា​ចារ​។​
 
​មុននឹង​បានសម្រេច​ធម៌ នាង​បដា​ចារ ជា​ស្ត្រី​មួយរូប ដែលមាន​ទុក្ខ​ធ្ងន់​ជា​អនេក​។ មនុស្ស​ស្រី​ខ្លះ ពេល​មាន​វិបត្តិ​ផ្សេងៗ ដូចជា​ស្វាមី  ទៅ​មាន​អ្នកថ្មី ឬ​មាន​ភាព​រកាំរកូស​ក្នុង​គ្រួសារ ក៏​យល់ថា សេចក្តី​ទុក្ខ​របស់ខ្លួន ហាក់​មាន​ទំហំ​ធំ​ពេក​ណាស់ ហើយក៏​កើត​គំនិត​បែប​អកុសល​ចង់​ធ្វើអត្តឃាត​។ មនុស្ស​ស្រី​ខ្លះទៀត បានរស់នៅ​ដោយ​ដក់​ជាប់​ជាមួយនឹង​ទុក្ខ​កង្វល់​ទាំងនោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ បាក់​ទឹកចិត្ត​កាន់​ខ្លាំង​ទៅៗ ហើយ​អាច​បណ្តាល​មាន​ជំងឺ​ក៏មាន​។ 
 
​ស្ត្រី​គ្រប់រូប មិនគួរ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​សភាព​កាន់តែ​យ៉ាប់យ៉ឺន​បែបនេះ​ឡើយ​។ ពួកគេ គួរ​ស្វែងរក​វិធី​បន្សាប​សេចក្តី​ទុក្ខ ទើប​ប្រសើរ​ជាង​ការគិត​ខ្លី ដោយ​ចង់​បញ្ចប់ជីវិត​ខ្លួនឯង​។​
 
​ពួកគេ គួរ​ពិចារណា​ក្នុង​ចិត្ត​ថា​៖«​នាង​បដា​ចារ មានទុក្ខ​ធំ​ណាស់ គ្មាន​នរណា​មានទុក្ខ​ដូច​រូបនាង​ទេ​។ ប្តី​របស់​នាង ត្រូវ​ពស់​ចឹក ហើយ​កូន​មួយ ត្រូវ​ខ្លែង​ឆក់ ឯ​កូន​មួយទៀត ត្រូវ​លង់ទឹក​។ ចំណែក​ឪពុកម្តាយ​និង​បងប្រុស ត្រូវ​ផ្ទះ​រលំ​សង្កត់​លើ​រហូត​បណ្តាល​ឲ្យ​ស្លាប់​។ បើ​គិត​ទៅ​ទុក្ខ​របស់​នាង ធ្ងន់​ជាង​ទុក្ខ​របស់​អញ​ឆ្ងាយ​ណាស់​។ ទុក្ខ​របស់​អញ មិនអាច​ប្រៀប​ស្មើនឹង​ទុក្ខ​របស់​នាង​បដា​ចារ សោះឡើយ​។ គ្រាន់តែ​មានទុក្ខ​ប៉ុណ្ណឹង ហេតុអ្វី​អញ​ត្រូវ​រង​ការឈឺចាប់​ខ្លាំង​និង​យូរអង្វែង​បែបនេះ​។ គ្រាន់តែ​មានទុក្ខ​ប៉ុណ្ណឹង ហេតុអ្វី អញ ត្រូវ​សម្លាប់ខ្លួន​។ អញ ត្រូវតែ​ជ​ម្នះ​លើ​សេចក្តី​ទុក្ខ​នេះ​ឲ្យ​បាន​។ អញ ត្រូវតែ​រឹងមាំ និង​តស៊ូ ហើយ​បន្ត​រស់នៅ​ទៅមុខទៀត​......»​។​
 
​ពេល​មាន​សេចក្តី​ទុក្ខ​ឬ​ការឈឺចាប់​ដោយសារ​រឿង​អ្វីមួយ កុំ​ភ្លេច​យក​ខ្សែជីវិត​របស់​នាង​បដា​ចារ​មក​ពិចារណា​៕

Tag:
 ធម៌​
  ទស្សនៈ​
  រឿង​នាង​បដា​ចារ
© រក្សាសិទ្ធិដោយ thmeythmey.com