អន្តរជាតិ
ប្រមុខ​ការពារជាតិ​តួ​ក​គី​៖ ណា​តូ​ជួយ​មិន​គ្រប់គ្រាន់ ទើប​តួ​ក​គី​ទិញ​ប្រព័ន្ធ​ការពារ​S-400 ពី​រុស្ស៊ី​
09, Mar 2019 , 3:59 pm        
រូបភាព
ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីដែលតួកគីទិញ (រូបភាព Sputnik)
ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីដែលតួកគីទិញ (រូបភាព Sputnik)
​ទោះ​រង​សម្ពាធ និង​ការព្រមាន​ពី​អាមេរិក​យ៉ាងណាក្ដី តួ​ក​គី​មិន​បោះបង់​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី  Hulusi Akar និយាយថា ការទិញ​ប្រព័ន្ធ​ការពារ​អាកាស​នេះ ជា​រឿង​ចំ​បាច់​សម្រាប់​តួ​ក​គី​ដើម្បី​ការពារ​ខ្លួន ខណៈ​សម្ព័ន្ធ​យោធា​ណា​តូ មិនបាន​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​តួ​ក​គី​ឡើយ​។ មេដឹកនាំ​កំពូល​របស់​តួ​ក​គី​ក៏​បញ្ជាក់​ហើយ​ថា តួ​ក​គី​មាន​សិទ្ធិ​ទិញ​អាវុធ​តាម​ដែល​ខ្លួន​ត្រូវការ​។

 
​តួ​ក​គី នៅតែ​មិន​ញញើតញញើម​នឹង​ការព្រមាន​របស់​អាមេរិក ហើយ​បន្ត​អនុវត្ត​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​មាន​ឥទ្ធិពល S-400 ពី​រុស្ស៊ី​ដដែល​។ រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី Hulusi Akar ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ថា ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នេះ នឹង​ចាប់ផ្ដើម​នៅ​ខែតុលា​ខាងមុខនេះ ដើម្បី​ការពារ​ប្រជាជន​ទាំង​៨២​លាន​នាក់​របស់​តួ​ក​គី​។​
 
​ការព្រមាន​ប្រើ​ធម៌​ក្ដៅ​របស់​ក្រុង​វ៉ាស៊ីនតោន មាន​ចាប់តាំងពី​ការ​គំរាម​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ដែល​ហ៊ាន​រកស៊ី​ជាមួយ​រុស្ស៊ី ការត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ F-35 ឡើងវិញ​រហូតដល់​ការ​លើកឡើងថា ប្រព័ន្ធ​ការពារ​រុស្ស៊ី មិន​សមស្រប​ជាមួយ​ស្តង់ដា​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៅទៀត​។ យ៉ាងណាមិញ ក្រុង​អង់កា​រ៉ា​មិន​ខ្វល់ខ្វាយ​ច្រើន​ឡើយ ដោយ​លោក Akar និយាយ​ផ្លែផ្កា​វិញ​ថា តួ​ក​គី​គោរព​តាម​កាតព្វកិច្ច​ជា​សមាជិក​ណា​តូ តែ​ណា​តូ​មិនបាន​ជួយ​ការពារ​តួ​ក​គី​ឲ្យ​បាន​គ្រប់គ្រាន់​វិញ​ឡើយ ដូចនេះ​ទើប​តួ​ក​គី​រក​ទិញ​ប្រព័ន្ធ​ការពារ​ពី​កន្លែង​ផ្សេង​។​
 
​នៅ​ដើម​សប្ដាហ៍​នេះ អាមេរិក​ក៏​គំរាម​តួ​ក​គី​ពី​ផលវិបាក​ដ៏​ខ្លាំងក្លា បើ​នៅតែ​ទទួលយក S-400 របស់​រុស្ស៊ី​ទៀត​។ តាមពិតទៅ អាមេរិក​បារម្ភ​ថា វត្តមាន​រួមគ្នា​របស់​យុទ្ធោបករណ៍​អាមេរិក និង​រុស្ស៊ី នឹងធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​បច្ចេកវិទ្យា​របស់​ណា​តូ ហើយ​ម្យ៉ាងទៀត​អាច​មានការ​បែកធ្លាយ​ការសម្ងាត់​របស់​អាមេរិក​ទៅ​រុស្ស៊ី​ផង​។​
 
​ការព្រមាន​របស់​អាមេរិក មិន​ធ្វើ​ឲ្យ​តួ​ក​គី​ព្រឺ​ប៉ុន្មាន​ឡើយ​។ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​តួ​ក​គី​នៅ​ថ្ងៃទី​៦ ខែមីនា ថា ការតស៊ូ​របស់​អាមេរិក​ប្រឆាំង​សម្ពាធ​អាមេរិក នៅតែ​រឹង​ដូច​ថ្ម ព្រោះ​តួ​ក​គី​ជា​ប្រទេស​ឯករាជ្យ ហើយ​មាន​សិទ្ធិ​រកស៊ី​ជាមួយ​ប្រទេស​ណា​តាមចិត្ត​ចង់​របស់ខ្លួន​។ មិនមែន​ត្រឹម S-400 ឡើយ លោក អ៊ែរ​ដូ​ហ្កា​ន់ ក៏​គំរាម​ដំឡើង​សមត្ថភាព​ទៅរក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-500 ដែល​រុស្ស៊ី​កំពុង​អភិវឌ្ឍ​ផង​៕
 

Tag:
 តួ​ក​គី​
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com