ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មិន​ចង់​ក្លាយជា​បន្ទុក​ក្នុង​គ្រួសារ និង​ចង់​ជួយ​អ្នក​ពិការ​ដូចគ្នា ទើប​កញ្ញា តាក់ ន្និ​កា បង្កើត​កន្លែង​ម៉ាស្សា​ដៃ​ទេព​ឡើង​
09, Mar 2019 , 8:59 pm        
រូបភាព
អ្នកនាង តាក់ ន្និការ ម្ចាស់ហាងម៉ាស្សា«ន្និការមជ្ឈមណ្ឌលម៉ាស្សាដៃទេពដោយជនពិការភ្នែក
អ្នកនាង តាក់ ន្និការ ម្ចាស់ហាងម៉ាស្សា«ន្និការមជ្ឈមណ្ឌលម៉ាស្សាដៃទេពដោយជនពិការភ្នែក
​ភ្នំពេញ​៖ មិន​ចង់ឱ្យ​ខ្លួន​ក្លាយជា​បន្ទុក​នៅក្នុង​គ្រួសារ ដោយសារតែ​ខ្លួន​ជា​ជនពិការភ្នែក​តាំងពី​កុមារភាព  អ្នកនាង តាក់ ន្និ​ការ បាន​ទៅ​រៀន និង​ចាប់យក​ជំនាញ​ម៉ាស្សា​ពី​អង្គការ​ម៉ា​រី​ណ​ល របស់​ជប៉ុន និង​ប្រកបមុខរបរ​ម៉ាស្សា​នេះ ដោយ​ខ្លួនឯង អស់​រយៈពេល​ជិត​២៥​ឆ្នាំ កន្លងមកហើយ​។ អ្នកនាង តាក់ ន្និ​ការ បាន​និយាយថា ការបើក​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​នេះ​ឡើង  គឺ​ដើម្បី​បង្កើត​ជំនាញ​មួយ​ឱ្យ​ច្បាស់លាស់​សម្រាប់​ខ្លួនឯង ដែលជា​ជនពិការភ្នែក និង​ផ្តល់ឱកាស​ដល់​អ្នក​ពិការភ្នែក​ដូចគ្នា មាន​ជំនាញ​ពិតប្រាកដ​មួយ សម្រាប់​រក​ចំណូល​ប្រចាំថ្ងៃ​ផ្គត់ផ្គង់​ជីវិត​។

 
​ជា​កូនស្រី​ពៅ​ក្នុងចំណោម​ខ្ញុំ​ប្អូន​៥​នាក់ ដែលមាន​គ្រួសារ​មាន​ជីវភាព​រស់នៅ​សមរម្យ នៅក្នុង​រាជធានី​ភ្នំពេញ  ដោយមាន​ឪពុក​-​ម្តាយ ខ្ញុំ​ប្អូន​ស្រលាញ់ ថ្នាក់​ថ្នូរ មិនឱ្យ​ស្ត្រី​ពិការភ្នែក​រូបនេះ​លំបាក​អ្វី​ច្រើន ដូច​អ្នក​ពិការ​ឯទៀត​ឡើយ​។ ថ្វី​ដ្បិត កញ្ញា ន្និ​ការ ទទួលបាន​ក្តី​ស្រលាញ់​ពេញលេញ​ពី​គ្រួសារ​របស់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​ស្ត្រី​ពិការភ្នែក​រូបនេះ​តែងតែ​យល់ឃើញថា អ្នក​ពិការ មិន​ថា​ពិការភ្នែក ពិការ​ដៃជើង និង​ពិការ​អ្វី​ទេ គឺ​សុទ្ធតែជា​បន្ទុកគ្រួសារ​។ ការយល់ឃើញ​ដូច្នេះ បូកផ្សំ​ជាមួយ​ឆន្ទៈ ដែល​ចង់​រៀន​ជំនាញ​ម៉ាស្សា​ពី​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ជន​ពី​ការ​ភ្នែក​(​ម៉ា​រី​ណ​ល​)​ផង​នោះ  ស្ត្រី​ពិការភ្នែក​ដោយសារ​ជំងឺ​កញ្ជ្រឹល​រូបនេះ បាន​ចូលរៀន​ជំនាញ​នេះ នៅក្នុង​វ័យ​១៨​ឆ្នាំ​។​


 
​អ្នកនាង តាក់ ន្និ​ការ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ « បានជា​ខ្ញុំ​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នេះ តាមពិតទៅ​ខ្ញុំ​លួច​ទៅ​រៀន​ទេ ព្រោះ​ឪពុក​-​ម្តាយ​មិនឱ្យ​ខ្ញុំ​ទៅ​រៀន ដោយសារ​យើង​ពិការភ្នែក​អ៊ីចឹង​ខ្លាច​គេ​ធ្វើបាប​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ស្រលាញ់​ការរៀនសូត្រ ហើយ​មាន​ឆន្ទៈ​ចង់​រៀន ចង់​អភិវឌ្ឍ​ខ្លួនឯង និង​គិតថា​យើង​ពិការភ្នែក​បែបនេះ មិនដឹងថា​នៅផ្ទះ​ធ្វើ​អ្វី ក៏​បានជា​ខ្ញុំ​សម្រេចចិត្ត​ទៅ​រៀន​ទៅ »​។ 
 
​មុខ​នឹង​រៀន​ជំនាញ​ម៉ាស្សា​បែប​ជប៉ុន​នេះ ស្ត្រី​ពិការភ្នែក​តាំងពី​វ័យ​ជំទង់​នេះ ក៏បាន​រៀន​ភាសា​ខ្មែរ​-​អង់គ្លេស តាមរយៈ​អក្សរ​ស្ទាប បាន​រយៈ​ពីរ​ឆ្នាំ នៅ​អង្គការ​ម៉ា​រី​ណ​ល​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៣​។ រហូតដល់​ឆ្នាំ​១៩៩៥  ទើប​ចាប់ផ្តើម​រៀន និង​អនុវត្ត​ជំនាញ​ម៉ាស្សា​នេះ នៅក្នុង​វត្ត​សារា​វ័ន​តេ​ជោ អស់​រយៈ​ពីរ​ឆ្នាំ​ទៀត​។  ក្រោយ​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ម៉ាស្សា​នេះ អង្គការ​ម៉ា​រី​ណ​ល បាន​ចងក្រង​អ្នក​ពិការ​ជា​ក្រុម និង​បង្កើត​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព ដែលមាន​ទីតាំង​ដំបូង​នៅ​ជិត​ក្រសួង​កិច្ចការនារី បន្ទាប់មកទៀត​បាន​ប្តូរ​មក​ទីតាំង​ថ្មី នៅ​ទល់មុខ​ប្រៃសណីយ​កម្ពុជា ដែល​កំពុងដំណើរការ​សព្វថ្ងៃ​។ នេះ​បើតាម អ្នកនាង ន្និ​ការ​។​
 
​ក្នុងអំឡុង​ឆ្នាំ​២០០៦ អ្នកនាង តាក់ ន្និ​ការ បាន​ផ្តាច់ខ្លួន​ចេញពី​ក្រុម​ម៉ាស្សា នៅ​ទួល​មុខ​ប្រៃសណីយ​កម្ពុជា  ដោយបាន​បង្កើត​ក្រុម​ម៉ាស្សា​ថ្មី​ដោយមាន​ជនពិការភ្នែក​សរុប​១៤​នាក់​(​បូក​ទាំង កញ្ញា និ្ន​ការ​) ដែលមាន​ទីតាំងនៅ​ម្តុំ​សាលារៀន​ទួល​ស្វាយព្រៃ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រុម​ថ្មី​នេះ មិនទាន់​គ្រប់គ្រង​ដោយ​អ្នកនាង តាក់ ន្និ​ការ ព្រោះតែ​រវល់​។ អស់​រយៈពេល​ជាង​៥​ឆ្នាំ នៃ​ដំណើរការ​ម៉ាស្សា​ជា​ក្រុម​នេះ ទើប​ស្ត្រី​ពិកា​ភ្នែក​រូបនេះ ចូលខ្លួន​មក​គ្រប់គ្រង អ្នក​ពិការ​ក្នុង​ក្រុម​របស់ខ្លួន ក្នុង​ឆ្នាំ​២០១១ ។ ដោយសារ​មិន​ចង់ឱ្យ​ខ្លួន​ក្លាយជា​បន្ទុក​នៅក្នុង​គ្រួសារ និង​ចង់​ជួយ​ដល់​អ្នក​ពិការ​ដូចគ្នា​ផង ទើប​អ្នកនាង តាក់ ន្និ​ការ បង្កើត​កន្លែង​ម៉ាស្សា​នេះ​ឡើង​។ 
 
​អ្នកនាង តាក់ ន្និ​ការ បាន​និយាយ​យ៉ាង​ដូច្នេះ​៖« ការបង្កើត​ក្រុម​ម៉ាស្សា​នេះ​ឡើង គឺ​ខ្ញុំ​ចង់​ផ្តាច់ខ្លួន​ចេញពី​ក្រុម​ម៉ាស្សា​ពិការភ្នែក​ដូចគ្នា ដែល​អង្គការ​បានរៀបចំ​ឱ្យ ព្រោះ​ខ្ញុំ​គិតថា​ខ្ញុំ​មាន​សមត្ថភាព ទាំង​ផ្នែក​ហិ​រញ្ញា​វត្ថុ និង​ជំនាញ​ម៉ាស្សា​បានល្អ​ប្រសើរ​ផងដែរ​។ អ្វីដែល​ជំរុញ និង​លើកទឹកចិត្ត​ខ្ញុំ​កាន់តែខ្លាំង​ក្នុងការ​ផ្តាច់ខ្លួន​នេះ គឺ​គំនិត និង​ឆន្ទៈ​ជួយ​ពិការ​អ្នក​ដូចគ្នា ដោយ​តែងតែ​គិតថា  ប្រសិនបើ​ខ្ញុំ​នៅតែ​ធ្វើ​ការងារ​នៅ​កន្លែង​ហ្នឹង​ទៀត គឺ​ខ្ញុំ​អត់​មានឱកាស​ជួយ​ប្អូនៗ​ពិការភ្នែក​ជំនាន់​ក្រោយៗ​ឱ្យមាន​ប្រភព​ចំណូល​ចិញ្ចឹម​ខ្លួនឯង​ដោយ​សេចក្តីថ្លៃថ្នូរ និង​ត្រឹមត្រូវ​បានទេ​»​។ 
 
​ក្នុង​ដំណើរការ​មុខរបរ​ម៉ាស្សា នៅ​ទីតាំង​ទួល​ស្វាយព្រៃ​នេះ មានការ​គាំទ្រ​ច្រើន​ពី​អតិថិ​ន​ជន ដោយសារ​ភាពប៉ិនប្រសព្វ​នៃ​ជំនាញ​របស់​ជនពិការ​ភ្នែក​ទាំង​១៣​នាក់ ដោយ​ក្នុង​មួយថ្ងៃ​អាចធ្វើ​ម៉ាស្សា​បាន​ពី​៧០​ទៅ​៨០​ម៉ោង​។ 
 
​ក្រោយពេល​បញ្ចប់​កុងត្រា​នៃ​ការជួល​ទីតាំង​គេ​នៅ​ទួល​ស្វាយព្រៃ​នោះមក អ្នក​ពិការភ្នែក​ទាំង​១៣​នាក់ ដែល​បាន​ធា្ល​ប់​ធ្វើការ​ជាមួយ​អ្នកនាង ន្និ​ការ បានចេញ​ទៅធ្វើ​ឱ្យគេ​នៅ​កន្លែង​ម៉ាស្សា​ជនពិការ​ដទៃ​រៀងៗ​ខ្លួន​។ ចំណែកឯ​ស្រី្ត​រូបនេះ​វិញ បាន​បង្កើត​ហាង​ម៉ាស្សា​ខ្លួនឯង ដោយមាន​ស្លាក​យីហោ​បច្ចុប្បន្ន​ឈ្មោះ​«​ន្និ​ការ​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​»​ឡើង នៅ​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​ថ្មី​ផ្ទាល់ខ្លួន នៅ​សង្កាត់​បឹង​កេងកង​៣ ក្នុង​ខណ្ឌចំការមន ដោយមាន​បុគ្គលិក​ជនពិការភ្នែក​ជំនាញ​ម៉ាស្សា ៥​រូប ដែល​បើក​សេវាកម្ម​ម៉ាស្សា​ជូន​ភ្ញៀវ​រៀងរាល់ថ្ងៃ ។​


 
​ក្នុងចំណោម​អ្នក​ពិការភ្នែក​ទាំង​៥​នាក់​នេះ គឺមាន​ស្រី​២​នាក់ បូក​ទាំង​ម្ចាស់​មជ្ឈមណ្ឌល​។ ហើយ​ពួកគាត់​សុទ្ធ​តែមាន​ជំនាញ​ផ្នែក​ម៉ាស្សា​ជាច្រើន​ឆ្នាំ អ្នកខ្លះ​មាន​បទពិសោធ ៤-៥​ឆ្នាំ និង​ខ្លះ​ជាង​១០​ឆ្នាំ ដោយឡែក កញ្ញា តាក់ ន្និ​ការ​មាន​បទពិសោធ​ជិត ២៥ ឆ្នាំ​ទៅហើយ​។ កញ្ញា បាន​និយាយថា​« ពួកគាត់​ទទួលបាន​ប្រាក់កម្រៃ​ពី​កន្លែង​ខ្ញុំ​គិត​ជា​ភាគរយ​គឺ​បាន ៥០​ភាគរយ ពី​ចំនួន​ភ្ញៀវ​ដែល​អញ្ជើញ​មក​ម៉ាស្សា​។ ចំណែកឯ​តម្លៃ​ម៉ាស្សា​វិញ មួយ​ម៉ោង មានតម្លៃ​៥​ដុល្លារ សម្រាប់​ភ្ញៀវ​ខ្មែរ និង ៧​ដុល្លារ សម្រាប់​ភ្ញៀវ​បរទេស​។  ហើយ​ក្នុង​មួយថ្ងៃ​យើង អាច​ទទួល​បម្រើសេវា​ម៉ាស្សា​ឱ្យ​អតិថិជន បានតែ​២០ ទៅ​៣០​ម៉ោង​ប៉ុណ្ណោះ ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម  ព្រោះ​មាន​អតិថិជន​បាន​ស្គាល់ និង​ចូលមក​ទទួល​សេវា​ម៉ាស្សា​នេះ​ច្រើន មិន​ថា​ភ្ញៀវ​ខ្មែរ និង​ភ្ញៀវ​បរទេស​ទេ​»​។ 
 
​ដោយសារ​សន្ទុះ​ភ្ញៀវ​គាំទ្រ​ច្រើន​ដល់​សេវាកម្ម​ម៉ាស្សា​នៅ​កន្លែង​ខ្លួន​នោះ ស្ត្រី​ពិការភ្នែក​វ័យ​៤២​ឆ្នាំ​រូបនេះ ក៏​តែងតែ​ប្រមូល និង​ជួយ​ដល់​អ្នក​ពិការ​ទាំង​ក្នុង​ទីក្រុង និង​ជនបទ ដែល​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម មក​បម្រើ​ការងារ​នៅ​កន្លែង ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់ខែ និង​ជំនាញ​ពិតប្រាកដ ដើម្បី​ជា​ទុន​សម្រាប់​អនាគត​ផងដែរ​។ «​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ខ្ញុំ កំពុង​ប្រមូល​អ្នក​ពិបាក​ភ្នែក​នៅតាម​បណ្តា​ខេត្ត ដែល​មិន​អស់សង្ឃឹម​ក្នុង​ជីវិត និង​មានបំណង​ចង់​រៀន​នូវ​ជំនាញ​ម៉ាស្សា​បែប​ជប៉ុន​នេះ  ខ្ញុំ​នឹង​យក​ពួកគេ​មក​បណ្តុះបណ្តាល​ក្នុង​ម​ជ្ឃ​មណ្ឌល​នេះ​ផ្ទាល់ ឬ​អង្គការ​លើកស្ទួយ និង​អភិវឌ្ឍ​ការងារ​ជនពិការ​កម្ពុជា ដោយ​មិន​យក​ថវិកា​ពី​ពួកគេ​។ ហើយ​នៅពេលដែល​ពួកគេ​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ពួកគេ​អាចធ្វើ​ការ​នៅ​កន្លែង​ខ្ញុំ ដោយ​ទទួលបាន​កម្រៃ​គិត​ជា​ភាគរយ ដូច​គេឯង​អ៊ីចឹង​។ បើ​ពួកគេ​មិន​ចង់​ធ្វើការ​កន្លែង​ខ្ញុំ ពួកគេ​អា​ចប​ប្រើ​ជំនាញ​ដែល​ចេះ​ពី​ខ្ញុំ ទៅធ្វើ​ការ​នៅ​កន្លែង​ម៉ាស្សា​ជនពិការភ្នែក​ដទៃ​ក៏បាន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង តាក់ ន្និ​ការ​។​
 
​ដ្បិត​ជា​កន្លែង​ម៉ាស្សា ប៉ុន្តែ​ក៏​មិនមែនជា​កន្លែង​ផ្ដល់​សេវាកម្ម​ផ្លូវភេទ​ដែរ​។ អ្នកនាង តាក់ ន្និ​ការ ស្នើ​ឲ្យ​ភ្ញៀវ​ដែល​ចូល​រក​សេវាកម្ម​ម៉ាស្សា ផល​តម្លៃ​ឲ្យ​ជនពិការ និង​ស្ត្រី​បម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា​ផងដែរ​។ ស្ត្រី​ពិការភ្នែក​វ័យ​៤២​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« សេចក្តីថ្លៃថ្នូរ​ត្រង់នេះ ខ្ញុំ​ចង់​បញ្ជាក់ថា មិន​ថា​កន្លែង​ម៉ាស្សា​របស់ខ្ញុំ ឬ​កន្លែង​ម៉ាស្សា​ជនពិការ​ដទៃ​ទេ  គឺ​ប្រើ​នូវ​ជំនាញ​ដែល​ខ្លួន​ទទួលបាន​ពី​ការបណ្តុះបណ្តាល​របស់​អង្គការ​នីមួយៗ​ត្រឹមត្រូវ ជាពិសេស​យើង​គោរព និង​ឱ្យ​តម្លៃ​ខ្លួនឯង​ច្បាស់​។ ឃ្លា​នេះ មានន័យថា អ្នក​ដែល​មក​ទទួល​សេវា​ម៉ាស្សា​នេះ គឺ​មក​តែ​ម៉ាស្សា មិនមែន​គិត ឬ​មក​ចង់រក​សេវា​ផ្លូវភេទ​នៅ​កន្លែង​ម៉ាស្សា​ជនពិការ​នេះ​ទេ​។ កុំ​ច្រឡំ​ថា​កន្លែង​ម៉ាស្សា​ជនពិការ ក៏​ជា​កន្លែង​បម្រើសេវា​ផ្លូវភេទ ដូច​កន្លែង​ម៉ាស្សា​មួយចំនួន​»​។ ដោយ​គិតថា​ខ្លួនឯង​មាន​សមត្ថភាព​នៃ​ជំនាញ​នេះ​បានល្អ​ប្រសើរ និង​មានការ​គាំទ្រ​ផ្នែក​ហិ​រញ្ញា​វត្ថុ​មួយចំនួន​ពី​ខ្ញុំស្រី​របស់ខ្លួន​ផង​នោះ ក៏បាន​ចងក្រង និង​បង្កើត​ក្រុម​ម៉ាស្សា​»​។​
 
​ក្រៅពី​បង្កើត​កន្លែង​ម៉ាស្សា​ជួយ​ជនពិការ​ហើយ អ្នកនាង ន្និ​ការ ក៏បាន​បង្កើត​អង្គការ​លើកស្ទួយ និង​អភិវឌ្ឍ​ការងារ​ជនពិការ​កម្ពុជា រយៈពេល​ជាង​៣​ខែ​មកហើយ​។ ការបង្កើត​អង្គការ​នេះ​ឡើង ក្នុង​គោលបំណង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ពិការភ្នែក​ជា​លើកដំបូង​របស់​អ្នកនាង ន្និ​កា ដើម្បី​បង្រៀន​ជំនាញ​ការងារ​ដល់​ជនពិការ  ទំនាក់ទំនង​ការងារ​ជូន​ដល់​ជនពិការ និង​ការពារ​សិទ្ធិ​របស់​ជនពិការ​៕
 

Tag:
 ពិការភ្នែក​
  ដៃ​ទេព​
  តាក់ ន្និ​ការ​
© រក្សាសិទ្ធិដោយ thmeythmey.com