កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool បន្ត​ឡើង​កៀក Man City ខណៈ Arsenal ចូល​តំបន់ Top 4 ក្រោយ​ឈ្នះ Man Utd
11, Mar 2019 , 10:28 am        
រូបភាព
Mane (ឆ្វេង) រកបានពីរគ្រាប់ឲ្យ Liverpool រីឯ Xhaka អបអរគ្រាប់បញ្ចូលទី​ពីចម្ងាយ​របស់ខ្លួនលើ Man Utd។ រូបថត Premier League
Mane (ឆ្វេង) រកបានពីរគ្រាប់ឲ្យ Liverpool រីឯ Xhaka អបអរគ្រាប់បញ្ចូលទី​ពីចម្ងាយ​របស់ខ្លួនលើ Man Utd។ រូបថត Premier League
ដោយ: ថ្មីៗ
Liverpool បន្ត​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City មួយ​ពិន្ទុ ខណៈ​ការប្រកួត​ឈានដល់​សប្តាហ៍​ទី​៣០​។ សម្រាប់​តំណែង Top 4, Arsenal តាម​ពីក្រោយ Tottenham Hotspur មួយ​ពិន្ទុ ក្រោយ​ឈ្នះ Manchester United រីឯ Chelsea ដែល​ប្រកួត​ត្រឹម​សប្តាហ៍​ទី​២៩ ក៏​មិនមាន​គម្លាត​មិន​ឆ្ងាយ​នោះដែរ​។​

 
Liverpool បាន​យកឈ្នះ​ភ្ញៀវ Burnley ៤-២ ដោយ Roberto Firmino និង Sadio Mane រកបាន​ម្នាក់​ចំនួន​២​គ្រាប់ រីឯ​២​គ្រាប់​របស់ Burnley សម្រេចបាន​ដោយ Ashley Westwood និង Johann Gudmundsson​។ ជ័យជម្នះ​នេះ នាំ​ឲ្យ ហង្ស​ក្រហម​មាន​៧៣​ពិន្ទុ តាម​ពីក្រោយ Manchester City មួយ​ពិន្ទុ​។ ក្រុម​មេឃ​ខៀវ រក្សា​តំណែង​កំពូល​តារាង ក្រោយ​ឈ្នះ Watford ៣-១ កាលពី​ថ្ងៃ​សៅរ៍​។​
 
Tottenham Hotspur ខកខាន​ឱកាស​នាំ​មុខដាច់​សម្រាប់​តំណែង​លេខ​បី បន្ទាប់ពី​ពួកគេ​រង​នូវ​ការខកចិត្ត ដោយ​ចាញ់​ម្ចាស់ផ្ទះ Southampton ២-១ ។ Harry Kane រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​តង់​ទីមួយ​សម្រាប់ Spurs ប៉ុន្តែ Yann Velery និង James Ward Prowse វាយបក​យកឈ្នះ​សម្រាប់ Southampton នៅ​តង់​ទី​ពីរ​។​
 
​ដោយឡែក​ជំនួប​នៅ Emirates Stadium ម្ចាស់ផ្ទះ Arsenal បាន​យកឈ្នះ Manchester United ២-០ ដែល​រកបាន​ដោយ Granit Xhaka និង Pierre-Emerick Aubameyang នៅ​តង់​នីមួយៗ​។ នេះ​ជា​បរាជ័យ​លើកដំបូង​ក្នុង Premier League របស់​បិសាច​ក្រហម ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer​។ ជ័យជម្នះ​នាំ​ឲ្យ កាំភ្លើង​ធំ ដណ្តើមបាន​លេខ​៤ ដោយមាន​៦០​ពិន្ទុ ពោលគឺ​តាម​ពីក្រោយ Spurs មួយ​ពិន្ទុ​។​
 
​រីឯ Chelsea ដែល​ទើប​ប្រកួត​បាន​២៩​សប្តាហ៍ មាន​៥៧​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដោយមាន​១​ពិន្ទុ​តិចជាង Manchester United​។ ក្នុងការ​ប្រកួត​លើ​ទឹកដី​របស់ខ្លួន Eden Hazard រកបាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​បន្ថែម ក្រោយ​ការនាំ​មុខ​របស់​ក្រុម​ភ្ញៀវ Wolverhampton Wanderers នៅ​ដើមតង់​ទី​ពីរ ដែល​សម្រេចបាន​ដោយ Raul Jimenez​។​
 
​សម្រាប់​ការប្រកួត​ផ្សេងទៀត Brigthton ឈ្នះ Crystal Palace ២-១, Cardiff ឈ្នះ West Ham ២-០, Bournemouth ឈ្នះ Huddersfield ២-០, Leicester City ឈ្នះ Fulham ៣-១ និង​Newcastle ឈ្នះ Everton ៣-២​។​
 
Fulham និង Huddersfield កាន់តែ​ប្រឈម​នឹង​ការ​កាត់ចេញ បន្ទាប់ពី​ពួកគេ​រកបាន​ត្រឹមតែ ១៧​ពិន្ទុ និង​១៤​ពិន្ទុ ប៉ុណ្ណោះ នា​ការប្រកួត​៣០​សប្តាហ៍​កន្លងមក​៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com