អន្តរជាតិ
មេរោគ HIV អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​
12, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​បុរស​ផ្ទុកមេរោគ HIV ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​មនុ​ស្ស​ទី​ពីរ​នៅក្នុង​ពិភពលោក​ដែល​បានជា​សះស្បើយ​ពី​ជំងឺអេដស៍​។ នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង Seattle សហរដ្ឋអាមេរិក ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​សកលលោក​ដើម្បី​បញ្ចប់​ជំងឺអេដស៍​បានប្រកាសថា ទីភ្នាក់ងារ​សារ​ទរ​យ៉ាងខ្លាំង​ចំពោះ​ការរកឃើញ​វិធី​ព្យាបាល​ជំងឺអេដស៍​លើ​បុរស​ម្នាក់នេះ ប៉ុន្តែ​គេ​នៅ​ត្រូវការ​ពេលវេលា​យូរ​ទៀត​។

 
​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខិតខំ​ស្វែងរក​វិធី​ព្យាបាល​ជំងឺអេដស៍​រយៈពេល​៤០​ឆ្នាំ​មកហើយ​។ នាយក​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​នៃ​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNAIDS បានចាត់ទុក​ព័ត៌មាន​អំពី​បុរស​ម្នា​ក់នៅ​ទីក្រុង​ឡុង​ដ៏​ដែល​បានជា​សះស្បើយ​ពី​ជំងឺអេដស៍​ថា​ជាការ​រកឃើញ​យ៉ាងសំខាន់​មួយ​។​
 
​លោក Stephane Dujarric អ្នកនាំពាក្យ​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​បានប្រកាសថា «​ការរកឃើញ​នេះ​ផ្តល់​ឲ្យ​យើង​នូវ​ក្តីសង្ឃឹម​សម្រាប់​អនាគត ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ដឹងផង​ដែរ​ថា យើង​នៅ​ឆ្ងាយ​កម្រិតណា​ពី​ការ​ឆ្ពោះទៅរក​ការបញ្ចប់​ជំងឺអេដស៍​តាមរយៈ​វិទ្យាសាស្ត្រ ព្រមទាំង​សារៈសំខាន់​នៃ​ការបន្ត​ផ្តោតលើ​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ HIV និង​ការព្យាបាល​»​។​
 
​បុរស​ម្នាក់​នៅ​ទីក្រុង​ឡុង​ដ៏​បានជា​សះស្បើយ​ពី​មេរោគ HIV បន្ទាប់ពី​ទទួលបាន​ការព្យាបាល​តា​មរយៈ​ការ​ផ្សាំ​កោសិកា​បានមកពី​អ្នកផ្តល់​ឲ្យ​ដែលមាន​ប្រភេទ​ហ្សែ​ន​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​នោះ​មាន​ភាពស៊ាំ​នឹង​មេរោគ​អេដស៍​។ ហើយ​មេរោគ​មហារីក​របស់​អ្នកជំងឺ​នោះ​ក៏បាន​ជាសះស្បើយ​ផងដែរ​។​
 
​សាស្ត្រាចារ្យ Ravindra Gupta នៅឯ​សាកលវិទ្យាល័យ London បាន​ថ្លែងថា អ្នកជំងឺ​អេដស៍​ម្នាក់​នោះ​ឥឡូវនេះ​បាន​ឈប់​ប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​ជំងឺអេដស៍​ហើយ​។ លោក​សាស្ត្រាចារ្យ Ravindra Gupta បាន​ថ្លែងថា «​យើង​បាន​រង់ចាំ​រយៈពេល​១៦​ខែ មុននឹង​ឲ្យ​អ្នកជំងឺ​នោះ​ឈប់​ប្រើ​ថ្នាំ​នៅ​អំឡុងពេល​ក្រោយ​ការ​ផ្សាំ​កោសិកា​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មេរោគ​មហារីក​បានជា​សះស្បើយ ហើយ​អ្នកជំងឺ​មាន​សុខ​ភាពល្អ ហើយ​វិធី​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​ដោយ​បង្ហាញ​ឲ្យ​ឃើញថា​អ្នកជំងឺ​អេដស៍​គ្មាន​ផ្ទុកមេរោគ HIV តទៅ​»​។​
 
​លោក​សាស្ត្រាចារ្យ​នៅ​មិន​គិតថា​ការព្យាបាល​នេះ​ធ្វើ​ឲ្យ​អ្នកជំងឺ​ជាសះស្បើយ​នៅឡើយ​ទេ ប៉ុន្តែ​នេះ​គឺជា​អ្នក​ជំងឺអេដស៍​ទី​ពីរ​ហើយ ដែល​បានទទួល​ការព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​នេះ និង​បង្ហាញ​លទ្ធផល​ថា​គ្មាន​សញ្ញា​ផ្ទុកមេរោគ HIV តទៅទៀត​។ អ្នកជំងឺ​ទីមួយ​គឺជា​ជនជាតិ​អាមេរិកាំង​ម្នាក់​បានទទួល​ការព្យាបាល​នៅ​ទីក្រុង​ប៊ែ​កឡាំង​ប្រទេស​អាឡឺម៉ង់​កាលពី​១២​ឆ្នាំមុន​។​
 
​វេជ្ជបណ្ឌិត Rowena Johnston នាយក​ការស្រាវជ្រាវ​នៅឯ​មូលនិធិ amfAR ដែលជា​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺអេដស៍​បាន​ថ្លែងថា​ជោគជ័យ​ទី​ពីរ​នេះ​គឺជា​ជោគជ័យ​ដ៏​សំខាន់​មួយ​។ វេជ្ជបណ្ឌិត​បាន​ថ្លែងថា «​ឥឡូវនេះ​យើង​មាន​ហេតុផល​ដែល​ត្រូវ​ជឿថា អ្នកជំងឺ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​មិនមែនជា​អ្នកជំងឺ​ដែលជា​សះស្បើយ​ពី​មេរោគ​តែ​ម្នាក់​នោះទេ​។ លទ្ធផល​នេះ​គឺជា​ការ​បង្ហាញថា​យើង​ជិត​ឈានដល់​ការលុបបំបាត់​មេរោគ HIV បាន​ទាំងស្រុង​ពី​អ្នក​ជំងឺអេដស៍​ហើយ​»​។​
 
​លោក​សាស្ត្រាចារ្យ Gupta បាន​ថ្លែងថា ដូច​ទៅនឹង​អ្នកជំងឺ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ដែរ អ្នកជំងឺ​ជនជាតិ​អង់គ្លេស​ដែល​ត្រូវបាន​គេ​ហៅថា​អ្នកជំងឺ​នៅ​ទីក្រុង​ឡុង​ដ៍ ក៏បាន​ទទួល​កោសិកា​ផ្សាំ​ពី​អ្នកផ្តល់​ឲ្យ​ដែលមាន​ហ្សែ​ន​មហារីក​ដ៏​កម្រ​ឈ្មោះថា CCR5 ផងដែរ​។​
 
​លោក​សាស្ត្រាចារ្យ Gupta បាន​ថ្លែងថា «​ប្រសិនបើ​អ្នក​ដាក់​កោសិកា​ទាំងនេះ​ចូលក្នុង​ខ្លួន​អ្នកណាម្នាក់​ដែលមាន​ផ្ទុកមេរោគ HIV នោះ​អ្នក​ប្រហែលជា​អាច​ការពារ​កោសិកា​ថ្មី​ទាំងនោះ​ពី​ការឆ្លង​បាន​»​។​
​មាន​អ្នក​ផ្ទុកមេរោគ HIV ប្រមាណ​៣៧​លាន​នាក់​នៅ​ទូទាំង​សកលលោក​។ ប៉ុន្តែ​ការព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​មិនមែនជា​ការព្យាបាល​ដែល​អាច​អនុវត្តបាន​ងាយៗ​ទេ​។ ជាដំបូង​គេ​ត្រូវ​រក​អ្នក​ដែលមាន​កោសិកា​ត្រូវ​គ្នា ហើយ​បន្ថែម​លើ​នេះ អ្នកផ្តល់​ឲ្យ​នោះ​ត្រូវមាន​ហ្សែ​ន​មហារីក​ដែល​កម្រ​។ ហើយ​បន្ទាប់មកទៀត​អ្នកជំងឺ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ព្យាបាល ដែលមាន​ការឈឺចាប់​និង​ប្រថុយប្រថាន​ខ្លាំង​។​
 
​វេជ្ជបណ្ឌិត Sarah Fidler គឺ​សាស្ត្រាចារ្យ​ផ្នែក​ឱសថ​សាស្ត្រ​មេរោគ HIV នៅឯ​មហាវិទ្យាល័យ Imperial College London​។ លោកស្រី​បាន​ថ្លែងថា​ការប្តូរ​ខួរឆ្អឹងខ្នង​អាចមាន​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អ្នកជំងឺ​ដែលមាន​សុខភាព​ល្អ និង​ត្រូវ​លេបថ្នាំ​ព្យាបាល​មេរោគ​អេដស៍​រៀងរាល់ថ្ងៃ​។ លោកស្រី​សាស្ត្រាចារ្យ​បាន​ថ្លែងថា «​ដំណើរ​ការដូរ​ខួរឆ្អឹងខ្នង​មាន​លក្ខណៈ​ស្មុគស្មាញ​។ វា​តម្រូវ​ឲ្យ​គេ​យក​កោសិកា​ថ្មី​ទាំងអស់​ដាក់ចូល​ទៅក្នុង​ខ្លួន​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការព្យាបាល ហើយ​ដំណើរការ​នេះ​តម្រូវ​ឲ្យ​ដាក់​បង្កប់​កោសិកា​ទាំងនោះ​ទៅក្នុង​ខ្លួន​អ្នកជំងឺ​។ អ្នកជំងឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​មេរោគ និង​អាច​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​»​។​
 
​អ្នកជំងឺ​ទាំងពីរ​នាក់​ត្រូវបាន​ព្យាបាល​ជំងឺមហារីក និង​គ្មាន​ជម្រើស​អ្វី​ទេ ប៉ុន្តែ​ត្រូវ​សាកល្បង​ព្យាបាល​តាម​វិធីសាស្ត្រ​ថ្មី​ដែលមាន​ហានិភ័យ​នេះ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​បន្ត​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​ផ្សេងៗ​ទៀត​ដើម្បី​ព្យាបាល​មេរោគ HIV ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ដឹងថា មេរោគ​អេដស៍​អាច​ព្យាបាល​បាន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com