ជាតិ
សង្គមជាតិ
វគ្គ​បណ្តុះបណ្តាល​របស់​ទូរទស្សន៍​បារាំង CFI ជួយ​អ្នកកាសែត​ខ្មែរ​យល់​កាន់តែច្បាស់​ពី​បញ្ហា​បរិស្ថាន​
12, Mar 2019 , 3:20 pm        
រូបភាព
រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​ចំនួន​១៨​រូប​ដែល​មកពី​១២​ស្ថាប័ន​ផ្សេងៗ​គ្នា បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​ស្តីពី​«​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​» ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​បារាំង CFI នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមីនា កន្លងមក​។ ក្រោម​ការបង្រៀន​ពី​សំណាក់​លោក Florent Signifred ប្រធាន​គម្រោង​នៃ CFI និង​លោក Harry Surjadi អ្នកកាសែត​ឯករាជ្យ​ជនជាតិ​ឥណ្ឌូណេស៊ី សិក្ខាកាម​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា «​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​» ដែល​សាកលលោក​កំពុង​ប្រឈម និង​ត្រូវ​រួមគ្នា​ដោះស្រាយ​។​

 
​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ បានធ្វើ​ឲ្យ​អ្នកកាសែត​ខ្មែរ​១៨​នាក់​ពី​មកពី​ជាង​១០​ស្ថាប័ន​ផ្សេងៗ​គ្នា កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​បញ្ហា​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ទឹកស្អាត ជាដើម​។ បន្ថែម​ពីលើ​នេះ សិក្ខាកាម ក៏បាន​ចុះ​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​ពលរដ្ឋ​កំពុង​ជួបប្រទះ ផងដែរ​។​


រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
 
​លោក Florent Signifred ប្រធាន​គម្រោង​របស់ CFI បាន​គូសបញ្ជាក់ថា បន្ទាប់ពី​អ្នកសារព័ត៌មាន​ទាំងអស់​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​នេះ​រួច ពួកគេ​យល់ដឹង​បន្ថែម​អំពី​ការសរសេរ​ព៏​ត៌មាន​ផ្នែក​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។ អ្នកជំនាញ​បារាំង​រូបនេះ ជឿជាក់ថា សិក្ខាកាម​ទាំង​១៨​រូប នឹង​ក្លាយជា​អ្នកសារព័ត៌មាន​ដែល​អាច​ផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ឲ្យ​កាន់តែ​ទូលំទូលាយ​។ 


រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
 
​សម្រាប់​លោក Harry Surjadi អ្នកកាសែត​ឯករាជ្យ​ជនជាតិ​ឥណ្ឌូណេស៊ី និង​ជា​គ្រូបង្រៀន​វគ្គ​បណ្តុះបណ្តាល​អ្នកកាសែត​នេះ​ផ្ទាល់ វគ្គ​បណ្តុះបណ្តាល​នេះ ជា​ឱកាស​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​អាច​ជជែក​វែកញែក​ពី​បញ្ហា​ដែល​កើតឡើង​ចំពោះ​បរិស្ថាន និង​អាច​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ផងដែរ​។ លោក​ក៏បាន​ចែករំលែក​ចំណេះដឹង​ដល់​អ្នកសារព័ត៌មាន​ពី​របៀបរ​សរសេរ​ព័ត៌មាន​បែប​បរិស្ថាន និង​បង្រៀន​ពី​មូលដ្ឋានគ្រឹះ​ក្នុងការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​បញ្ហា​ដែល​ទាក់ទង​នឹង​បរិស្ថាន​។​


រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
 
​កញ្ញា ជាវ សៀវ​ហុង ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឲ្យ​នាង​យល់ដឹង​កាន់តែខ្លាំង​ពី​កិច្ចការ​ការងារ​ជា​អ្នកសារព័ត៌មាន​។ ជាពិសេស​នាង​យល់​ពី​ការចុះ​ទៅយក​ព័ត៌មាន ជាមួយ​ពលរដ្ឋ ដោយសារ​នាង​ជា​អ្នកកាសែត​ដែល​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​ជា​អ្នកសារព័ត៌មាន ភ្លាមៗ​នាង​មិនអាច​ប្រមូលបាន​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ នាង​ទទួលបាន​បទពិសោធន៍​ជាច្រើន​ពី​របៀបការ​សែ្វ​ងរ​កមុំ​នៃ​រឿង ដើម្បី​ជា​ទុន​មួយ​ក្នុងការ​អភិ​វ​ឌ្ឃ​ជំនាញ​របស់​នាង​ឲ្យ​បានល្អ​ប្រសើរ​នា​ថ្ងៃ​អនាគត​ផងដែរ​។ 


រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
 
​លោក កែវ សុខា អ្នកយកព័ត៌មាន​នៅ​វិទ្យុ​ស្ត្រី ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ បាន​និយាយថា វា​ជា​ចំណេះដឹង​ថ្មី​បន្ថែមទៀត​សម្រាប់​រូបលោក បាន​យល់ដឹង​ពី​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក កែវ សុខា ក៏​ធ្លាប់បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​ផ្តោត​សំខាន់​លើ កសិកម្ម របស់​ទូរទស្សន៍​បារាំង ម្តង​រួចមកហើយ​។ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ជាមួយ​លោកគ្រូ​ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី​មក លោក សុខា ជឿជាក់ថា ខ្លួន​នឹង​អាច​ផ្លាស់ប្តូរ​ការគិត​ឲ្យ​មក​ស្រឡាញ់​បរិស្ថាន ដើម្បី​ចូលរួម​ការពារ​បរិស្ថាន និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​បរិស្ថាន និង​ការប្រើប្រាស់​ទឹកស្អាត​ផងដែរ​។​


រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
 
​លោក ម៉ៅ សំណាង ក៏​ជា​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះដែរ បាន​ប្រាប់ថា ខ្លួន​ក៏បាន​ធ្លាប់​សរសេរ​រឿង​ដែល​ទាក់ទង​នឹង​បរិស្ថាន​ផងដែរ គ្រាន់តែ​ខ្លួន​មិនទាន់​យល់ច្បាស់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឲ្យ​ទូលំទូលាយ​នៅឡើយ​ទេ​។ ក្រោយពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ចុះ​កម្មវិធីសិក្សា​ផ្ទាល់ លោក ម៉ៅ សំណាង បាន​យល់​ពី​របៀប​សង្កេត​ពី​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ដែល​ផ្សារភ្ជាប់​ជាមួយ​បរិស្ថាន និង​យល់​ពី​របៀបរ​កមុំ​នែ​រឿង​ដែល​ទាក់ទង​នឹង​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។​


រូប អ្នកសារព័ត៌មាន​ចូលរួមវគ្គ​បណ្តុះបណ្តាល​​ស្តីពី បរិស្ថាន និង​ការ​ប្រែ​ប្រួលបរិស្ថាន
 
​ជា​អ្នកសារព័ត៌មាន​នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន លោក ម៉ៅ សំណាង គិតថា បរិស្ថាន​គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវតែ​ការពារ​។ លើសពីនេះ អ្នកសារព័ត៌មាន​ក៏​រឹត​តែមាន​តួនាទី​សំខាន់​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ដែល​ទាក់ទង​នឹង​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សម្រាប់​រូបលោក​ផ្ទាល់ នឹងចូលរួម​ចែករំលែក​ព័ត៌មាន​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​គំនិត​ក្នុងការ​ការពារ​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។   


រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
 
​សូមបញ្ជាក់ថា ទូរទស្សន៍​បារាំង CFI បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២​ដង​រួចមកហើយ លើក​ទី​១​ដល់​សិក្ខាកាម​ដែលជា​អ្នកសារព័ត៌មាន​ថ្មីៗ​នៅតាម​បណ្តា​ខេត្ត កាលពី​ថ្ងៃទី​៧ ដល់​១១ ខែកញ្ញា នៅ​រាជធានី​ភ្នំពេញ​។ លើក​ទី​២ ដល់​ក្រុម​អ្នកសារព័ត៌មាន​ដែល​មកពី​បណ្តា​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ​គ្នា នៅឯ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៧ ដល់​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ 


រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ


Tag:
 CFI
 ​អ្នកសារព័ត៌មាន​
 ​បរិស្ថាន​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com