អន្តរជាតិ
សភាអង់គ្លេស ទាត់ចោលកិច្ចព្រមព្រៀង Brexit ជាលើកទីពីរ
× សភាចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែមីនា បានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបដែលស្នើដោយរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ។ នេះជាលើកទីពីរដែលសភាអង់គ្លេសទាត់ចោលកិច្ចព្រមព្រៀងនេះ ទោះជាលោកស្រី ម៉េយ៍ ប្រឹងប្រែងសុំសម្បទានបានច្រើនពីសហភាពអឺរ៉ុបក្ដី។ លទ្ធផលបែបនេះ ធ្វើឲ្យលេចជាសំណួរថា អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចសន្យា ឬក៏ត្រូវពន្យារពេលចាកចេញសិន។
ដោយសំឡេង៣៩១ទល់នឹង២៤២ សភាអង់គ្លេសបានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបជាថ្មីទៀត ខណៈនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ អង់គ្លេសត្រូវចាកចេញទៅហើយនោះ។ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ មិនពេញចិត្តលទ្ធផលបោះឆ្នោតនេះឡើយ ទោះជាលោកស្រីទទួលបានការធានាលើបញ្ហាសំខាន់ៗជាច្រើនពីសំណាក់ដៃគូនៅអឺរ៉ុប មុននឹងការបោះឆ្នោតនេះក៏ដោយ។
បញ្ហាសំខាន់ដែលសមាជិកសភាមិនពេញចិត្ត គឺការរក្សាព្រំដែនរវាងអង់គ្លេស និងអាណាខេត្តអៀរឡង់ខាងជើងឲ្យនៅចំហដដែល ពេលអង់គ្លេសចាកចេញ។ តាមពិតទៅ មុនការបោះឆ្នោត លោកស្រី ម៉េយ៍ បានធ្វើដំណើរទៅជួបមេដឹកនាំអឺរ៉ុបដើម្បីសុំការធានាពីបញ្ហានេះ ហើយក៏ទទួលបានការសន្យាផ្លូវច្បាប់ហើយដែរ។ ប៉ុន្តែទីបំផុត សភាអង់គ្លេសនៅតែបដិសេធកិច្ចព្រមព្រៀងដដែល។
ថ្លែងក្រោយការបោះឆ្នោតថ្ងៃទី១២ ខែមីនា លោកស្រី ម៉េយ៍ នៅតែអះអាងថា កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលលោកស្រីសម្រេចបាន ជាកិច្ចព្រមព្រៀងល្អបំផុត និងជាកិច្ចព្រមព្រៀងតែមួយគត់ផង។ យ៉ាងណាមិញ លោកស្រីបានសន្យាផ្ដល់ឱកាសឲ្យសភាបោះឆ្នោតលើជម្រើសចាកចេញដោយគ្មានកិច្ចព្រមព្រៀង ហើយបើសិនជាត្រូវបានបដិសេធម្ដងទៀតនោះ សភានឹងត្រូវបោះឆ្នោតថា ត្រូវសុំសហភាពអឺរ៉ុបពន្យារពេលចាកចេញឬយ៉ាងណា។
ក្រោយការបោះឆ្នោតនៅអង់គ្លេស សហភាពអឺរ៉ុបក៏ពេញចិត្តនឹងលទ្ធផលដែរ។ លោក Michel Barnier ប្រធានក្រុមចរចារបស់អឺរ៉ុបលើកឡើងថា អឺរ៉ុបគ្មានអ្វីត្រូវផ្ដល់ឲ្យអង់គ្លេសទៀតឡើយ ហើយត្រូវត្រៀមខ្លួនសម្រាប់ការលែងលះដោយគ្មានកិច្ចព្រមព្រៀង។ តាមរយៈ Twitter មន្ត្រីអឺរ៉ុបរូបនេះនិយាយថា សហភាពអឺរ៉ុបបានធ្វើគ្រប់យ៉ាងអស់ហើយដើម្បីជួយឲ្យកិច្ចព្រមព្រៀងចាកចេញដំណើរការតាមអ្វីដែលកំណត់។
ឱកាសទីបីសម្រាប់អង់គ្លេសគ្មានទៀតឡើយ។ នេះជាការប្រកាសរបស់លោក ហ្សង់-ក្លូដ ចាំងគើ ប្រធានគណៈកម្មការអឺរ៉ុបក្រោយជំនួបជាមួយលោកស្រី ម៉េយ៍ នៅថ្ងៃទី១១ ខែមីនា។ ចំណែកឯការសុំពន្យារពេលចាកចេញវិញ អឺរ៉ុបក៏ត្រូវសម្រេចចិត្តក្នុងចំណោមសមាជិករបស់ខ្លួន។ បានន័យថា បើសភាអង់គ្លេសពិតជាបោះឆ្នោតមិនឲ្យអង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀង អឺរ៉ុបប្រហែលជាទុកពេលឲ្យអង់គ្លេសទៀត ដោយមិនទាន់លែងលះគ្នានៅថ្ងៃទី២៩ ខែមីនានេះឡើយ៕
Tag:
Brexit
អង់គ្លេស
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com