អន្តរជាតិ
ក្រុមហ៊ុន​អាមេរិក​«​ប៊ូ​អុីង​» ប្រឈម​នឹង​ការបាក់​មុខ និង​ខាត​ចំណូល ក្រោយ​ការធ្លាក់​យន្តហោះ​ស៊េរី 737 MAX8
13, Mar 2019 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ការធ្លាក់​នៃ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​កាលពី​យប់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​ដោយ​សម្លាប់​មនុស្ស​អស់ ១៥៧​នាក់ ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ប្រទេស​ជាច្រើន​បន្ត​ផ្អាក​ប្រើប្រាស់​យន្តហោះ​ប៊ូ​អ៊ីង ៧៣៧ MAX 8 បណ្តោះអាសន្ន​សិន​។ ការបន្ត​ហាម​ហោះហើរ​យន្តហោះ​ប៊ូ​អ៊ីង​ស៊េរី​ថ្មី​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ប៊ូ​អ៊ីង នេះ​បាក់មុខ​លើ​ឆាក​អន្តរជាតិ ហើយនឹង​អាច​ខាតបង់​ហិរញ្ញវត្ថុ​ខ្លាំង​ថែមទៀត​ផង​នៅពេល​ខាងមុខ​។


 
​ក្នុង​រយៈពេល​មិន​ដល់​កន្លះ​ឆ្នាំ​ស្រួលបួល​ផង យន្តហោះ​ប៊ូ​អ៊ីង​ប្រភេទ ៧៣៧ MAX 8 ធ្លាក់​ពីរដង​។ ករណី​ធ្លាក់​លើកទីមួយ​កើតឡើង​នៅ​ខែតុលា​ឆ្នាំមុន ពេល​យន្តហោះ​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​ក្រោយ​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ អ្នកដំណើរ ១៨៩​នាក់​បាន​ស្លាប់​ក្នុង​ឧប្បទ្ទវ​ហេតុនេះ​។ 
 
​ដល់​កើតមាន​ករណី​ធ្លាក់​យន្តហោះ​ដដែល​ជា​លើក​ទី​ពីរ ក្រុមហ៊ុន​អាកាសចរណ៍ និង​បណ្តា​ប្រទេស​ជាច្រើន​បានសម្រេច​ដាក់ចេញ​វិធាន​ការហាម​ហោះហើរ​យន្តហោះ​ប្រភេទ​នេះ ថ្វីបើ​បើ​ការស៊ើបអង្កេត​បន្តទៅ​មុខ និង​មិនទាន់មាន​ការរកឃើញ​បញ្ហា​បច្ចេកទេស​ក្នុង​យន្តហោះ​នេះ​ក៏ដោយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រទេស​មិនតិចជាង​ដប់​ឡើយ​ដែល​ដាក់ចេញ​វិធានការ​ផ្អាក​ការហោះហើរ​យន្តហោះ ៧៣៧ MAX 8 ហើយ​ក្រុមហ៊ុន​ខ្លះ​ចាត់វិធានការ​ខ្លួនឯង​ដើម្បី​ត្រួត​ពិនិត្យឡើងវិញ និង​ធានា​ពី​សុវត្ថិភាព​នៃ​ការហោះហើរ​។ រដ្ឋ​ទាំ​នោះ​មាន​ពី​អាស៊ី អាមេរិក អឺរ៉ុប អាហ្វ្រិក​ផង​សុទ្ធតែ​ដាក់ចេញ​វិធាន​ការហាម​ហោះហើរ​យន្តហោះ​នេះ​បណ្តោះអាសន្ន​សិន​ដើម្បី​ធានា​សុវត្ថិភាព​។  
 
​ប៉ុន្តែ​ប្រទេស​មួយចំនួន​ដូចជា សិង្ហ​បុរី​, អូស្ត្រាលី​, អូ​ម៉​ង់​, អង់គ្លេស​, ន័​រ​វែ​ស​, អៀក​ឡង់​បារាំង និង​តួ​ក​គី នាំគ្នា​ផ្អាក​ហោះហើ​រាល់​ប្រភេទ​យន្តហោះ​ប៊ូ​អ៊ីង​ម៉ូ​ដែល ៧៣៧ MAX ទាំងអស់​មិន​ត្រឹមតែ ៧៣៧ MAX 8​ឡើយ​។​
 
​ថ្វីបើ​ដូច្នេះ​ក្តី ភ្នាកងារ​សុវត្ថិភាព​អាកាសចរណ៍​អាមេរិក និង​សេត​វិមាន​អាមេរិក​ក្តី​បាន​ព្យាយាម​សម្រួល​ស្ថានការណ៍ ដោយ​បដិសេធ​ចេញ​វិធានការ​ដូច​ប្រទេស​ដទៃ​ដើម្បី​ផ្អាក​ហោះហើរ​យន្តហោះ​ប៊ូ​អ៊ីង​ម៉ូ​ដែល​ខាងលើ​ឡើយ​។ កាលពី​ថ្ងៃ​អង្គារ​ទី ១២ ខែមីនា ទីភ្នាក់ងារ​អាកាសចរ​ណ៍​អាមេរិក និង​អ្នកនាំពាក្យ​សេត​វិមាន​បាន​បកស្រាយ​ថា វា​ចាំបាច់​ត្រូវ​បន្ត​ការបន្ត​ការហោះហើរ​យន្តហោះ​ប៊ូ​អ៊ីង ៧៣៧ Max 8  ហើយ​រាល់​ការប្រញាប់​ប្រញាល់​សន្និដ្ឋាន ឬ​ចាត់វិធានការ​ភ្លាមនោះ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ​។​
 
​ឯ​ក្រសួង​ដឹកជញ្ជូន​អាមេរិក​វិញ​បានប្រកាសថា វា​មិនទាន់មាន​ការរកឃើញ​នៅឡើយ​ទេពី​បញ្ហា​ទាក់ទង​នឹង​ដំណើរការ​យន្តហោះ​នេះ​។ ប៉ុន្តែ​បើ​ក្នុងករណី​ដែលមាន​ការរកឃើញ​បញ្ហា​បច្ចេកទេស​ណាមួយ​មែន ការអនុវត្ត​ចំណាត់ការ​នឹងត្រូវ​ធ្វើ​ភ្លាមៗ​ដែរ​។ 
 
​យ៉ាងណាមិញ សមាជិក​ព្រឹទ្ធសភា​ដូចជា​លោក Ted Cruz និង​លោកស្រី Elizabeth Warren ក៏បាន​ចេញមុខ​ដាស់តឿន​ឲ្យ​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក​ដាក់​វិធានការ​ដូច​ប្រទេស​ដទៃ​ដែរ ដោយ​បក្ស្រាយ​ថា វា​ជា​រឿង​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព ទម្រាំ​មានការ​បញ្ជាក់​ច្បាស់​ថា​ការហោះហើរ​យន្តហោះ​មាន​សុវត្ថិភាព​មែន​។ 
 
-​ករណី​ធ្លាក់​យន្តហោះ​ប៊ូ​អ៊ីង ៧៣៦ MAX8 ធ្វើ​ឲ្យ​ប៊ូ​អ៊ីង​បាក់មុខ និង​ប្រឈម​វិបត្តិ​
 
​ការហាម​ហោះហើរ​យន្តហោះ​ប្រភេទ​ថ្មី​របស់​ក្រុម​យក្ស «​ផលិត​យន្តហោះ​»​របស់​អាមេរិក​នេះ​កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​មុខមាត់​ក្រុមហ៊ុន​ខ្លាំង​។ ត្រង់​ន័យ​នេះ គេ​អាច​និយាយបានថា បាក់មុខ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​ក៏​មិន​ខុសពី​បាក់មុខ​ប្រជាជាតិ​អាមេរិក​ទាំងមូល​ដែរ ដ្បិត​ជាធម្មតា​ប៊ូ​អ៊ីង​តំណាង​ឲ្យ​អាមេរិក​ទាំងមូល​។​
 
 ក្រុមហ៊ុន​ប៊ូ​អ៊ីង​ទើបតែ​ប្រារព្ធ​ខួប ១០០​ឆ្នាំ​កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​បើ​គេ​រកឃើញថា ករណី​ធ្លាក់​នេះ​ពិតជា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​យន្តហោះ​មែន ប៊ូ​អ៊ីង​អស់​ប្រជាប្រិយភាព និង​បាត់បង់​អតិថិជន​ច្រើន​មិនខានឡើយ​។​
 
​លើសពី​កិត្តិយស វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​ក្រុមហ៊ុន​ដែល​រំពឹង​កន្លងមក​ថា កើនឡើង​ព្រោះ​កាក់កប​ដោយ​លក់​យន្តហោះ​ស៊េរី​ថ្មី​នេះ​បាន​ច្រើន​ផង​។  បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យន្តហោះ​ស៊េរី​ប៊ូ​អ៊ីង ៧៣៧ MAX8 នេះ​ប្រហែល​៣៥០​គ្រឿង​រួចហើយ​កំពុង​ហោះហើរ​នៅ​ទូទាំង​ពិភពលោក ហើយ​យន្តហោះ​នេះ​ជិត ៥០០០​គ្រឿង​ត្រូវបាន​បញ្ជា​ទិញ​ទូទាំង​ពិភពលោក​ផង​។ ដូច​ឃើញស្រាប់​ថ្មី​នេះ វៀតណាម​ក៏បាន​បញ្ជា​ទិញ​យន្តហោះ​ប៊ូ​អ៊ីង ៧៣៧ MAX8 ចំនួន ១០០​គ្រឿង​ដែរ​។ 
 
​បច្ចុប្បន្ន ក្រុមហ៊ុន​ប៊ូ​អ៊ីង​ផលិត​យន្តហោះ​នេះ​បាន ៥២​គ្រឿង​រៀងរាល់ខែ ហើយ​ក្រុមហ៊ុន​នេះ​មាន​ផែនការ​បង្កើន​ការផលិត​ឲ្យ​ដល់ ៥៧​គ្រឿងក្នុង​មួយខែ​ក្នុងឆ្នាំនេះ​ដើម្បី​អាច​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​បាន​ចន្លោះ​ពី ៨៩៥​ដល់ ៩០៥​គ្រឿងក្នុង​ឆ្នាំ ២០១៩​នេះដែរ​។ ជា​មធ្យម យន្តហោះ​ប្រភេទ​នេះ​មួយគ្រឿង​មានតម្លៃ​ជិត ១២២​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​
 
​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​អាច​នឹង​នាំ​ឲ្យ​មានការ​លុបចោល​ការ​កុម្ម៉ង់​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​នៅ​ដំណាក់កាល​បច្ចុប្បន្ន មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​សម្រេច​លុបចោល​កា​រ​បញ្ជា​ទិញ​យន្តហោះ​ប៊ូ​អ៊ីង​ស៊េរី ៧៣៧ MAX ជា​ផ្លូវការ​ឡើយ​។ ប៉ុន្តែ​មានការ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Lion Air ឥណ្ឌូណេស៊ី​ចាប់ផ្តើម​ងាក​ទៅរក​ទិញ​យន្តហោះ​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប​មក​ជំនួស​យន្តហោះ​អាមេរិក​ហើយ​។  
 
​ដោយសារ​បញ្ហា​ទាំងនោះ​ធ្ងន់ធ្ងរ ថ្មីៗ​នេះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ផង​ដើម្បី​ពិភាក្សា​ពី​ដំណោះស្រាយ​សមស្រប​ឆ្លើយតប​នឹង​បញ្ហា​នេះ​។ អ្នកជំនាញ​ជាច្រើន​បានផ្តល់​យោបល់​ថា ក្រុមហ៊ុន​អាមេរិក​នេះ​គួរ​បន្ត​សហការ​ឲ្យ​អស់ពី​លទ្ធ​ភាពជា​មួយក្រុម​ស៊ើបអង្កេត ក៏ដូចជា​អតិថិជន​ដែរ​ដើម្បី​ស្វែងរក​បញ្ហា​ពាក់ព័ន្ធ​នឹង​ដំណើរការ​យន្តហោះ​ប៊ូ​អ៊ីង ៧៣៧ MAX និង​ធានា​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​៕ 
 

Tag:
 ប៊ូ​អ៊ីង​737 MAX8
  អាមេរិក​
  អេ​ត្យូ​ពី​
© រក្សាសិទ្ធិដោយ thmeythmey.com