ជាតិ
ត្រី​ឆ្ពិន​ប្រាក់ ចូលចិត្ត​រស់នៅក្នុង​ទីជម្រក​ដែលមាន​ទឹកនឹង
13, Mar 2019 , 4:03 pm        
រូបភាព
​ស្ត្រី​ជា​អ្នកលក់​ត្រី​ម្នាក់​លើក​បង្ហាញ ត្រី​ឆ្ពិន​ប្រាក់ ដែល​គេ​នេសាទ​បាន​ពី​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ស្ត្រី​ជា​អ្នកលក់​ត្រី​ម្នាក់​លើក​បង្ហាញ ត្រី​ឆ្ពិន​ប្រាក់ ដែល​គេ​នេសាទ​បាន​ពី​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​រស់នៅ​ពី​ពាក់កណ្តាល​ជម្រៅ​ទឹក រហូតដល់​បាត ក្នុង​ទន្លេ ស្ទឹង វាលទំនាប​លិច​ទឹក និង​ជួនកាល​មាន​រស់នៅក្នុង​អាង​ស្តុក​ទឹក​ផងដែរ​។

 
​ត្រី​ឆ្ពិន​ប្រាក់ មានឈ្មោះ​វិទ្យាសាស្ត្រ (Barbonymus gonionotus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Silver barb​។ វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ៤០.៥ ស​.​ម​។ ត្រី​ប្រភេទ​នេះ ហាក់ដូចជា​ចូលចិត្ត​រស់នៅក្នុង​ទីជម្រក​ដែលមាន​ទឹកនឹង​មិន​ហូរ​។ ត្រី​ឆ្ពិន​ប្រាក់ ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ផ្លូវ​ឆ្ងាយ​។ វា​ចេញពី​ទន្លេមេគង្គ ចូល​ទៅតាម​ដៃទន្លេ​តូចៗ ស្ទឹង អូរ ព្រមទាំង​ចូលក្នុង​តំបន់​ព្រៃ​លិច​ទឹក អំឡុង​រដូវវស្សា​ផងដែរ​។ វា​នឹង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ អំឡុង​រដូវប្រាំង​ចូលមក​ដល់ ពោលគឺ​រដូវ​ទឹកសម្រក​។ វា​ពង​-​កូន ចាប់ពី​ខែតុលា ដល់​ខែមករា ពោលគឺ​ក្នុងពេលដែល​វា​មាន​អាយុ ៨​ខែ ព្រមទាំង​មាន​អត្រា​រស់​ខ្ពស់​ថែម​ទៀតផង​។ ត្រី​ប្រភេទ​នេះ ស៊ី​បំណែក​រុក្ខជាតិ​នៅក្នុង​ទឹក និង​សត្វល្អិតៗ​ផ្សេងៗ ជា​អាហារ​។​
 
​ត្រី​ត្រី​ឆ្ពិន​ប្រាក់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ជា​ប្រភេទ​ត្រី ដែលមាន​ការព្រួយបារម្ភ​តិចតួច ថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ មិនត្រូវ​បាន​គេ​ដឹង​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com