ផ្លូវក្នុងប្រាសាទអង្គរវត្ត កំពុងរៀបចំកែលម្អថ្មីដើម្បីលើកសោភណភាព
ជាតិ
ផ្លូវក្នុងប្រាសាទអង្គរវត្ត កំពុងរៀបចំកែលម្អថ្មីដើម្បីលើកសោភណភាព
16, Mar 2019 , 5:37 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ផ្លូវថ្មើរជើងក្នុងបរិវេណប្រាសាទអង្គរវត្ត បាននិងកំពុងរៀបចំកែលម្អឡើងវិញ។ អាជ្ញាធរជាតិអប្សរាលើកឡើងថា ការងារនេះធ្វើឡើងដើម្បីលើកសោភ័ណភាពដែលកន្លងមក គន្លងផ្លូវក្នុងបរិវេណប្រាសាទនេះ មានភាពរញ៉េរញ៉ៃ (គន្លងផ្លូវច្រើន) ក៏ដូចជាសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរផងដែរ។

 
គម្រោងកែលម្អ និងរៀបចំផ្លូវថ្មីក្នុងបរិវេណប្រាសាទអង្គរវត្ត បានចាប់ផ្តើមដំណើរការហើយចាប់ពីពាក់កណ្ដាលខែ មីនា ហើយគ្រោងបញ្ចប់នារយៈពេល២ខែខាងមុខ។
 
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅពិនិត្យការដ្ឋានរៀបចំនៅព្រឹកថ្ងៃទី១២ មីនា បានឱ្យដឹងថា មូលហេតុមួយចំនួនដែលមានការរៀបចំផ្លូវថ្មីនេះ ក្នុងនោះរួមមាន ផ្លូវចាស់ដែលចាក់ក្រួសល្អិតៗនោះ បង្កជាសំឡេងពេលដើរ និងពេលខ្លះក្រួសទាំងនោះ ដោយតាមស្បែកជើងភ្ញៀវ ជ្រុះធ្លាក់លើថ្មប្រាសាទផងដែរ។ លោកបន្ថែមថា ក្រោយពីមានការឯកភាពពីគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ គម្រោងនេះបានចាប់ផ្តើមអនុវវត្តន៍ ហើយរំពឹងថា នឹងរួចរាល់នៅ២ខែខាងមុខទៀត។
 
តាមការបញ្ជាក់របស់លោក សុខ សង្វារ ការងារធ្វើផ្លូវនេះចែកជា៣ផ្នែក គឺទី១ ផ្លូវមួយចំនួនត្រូវលុបចោល ទី២ ផ្លូវមួយចំនួននៅរក្សា និងទី៣ ផ្លូវធ្វើថ្មី។ ក្នុងនោះដែរលោក សុខ សង្វារ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងពិចារណាធ្វើផ្លូវនៅតាមប្រាសាទមួយចំនួនទៀតផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com