លោក ចៅ គុណ​សាង ប្រឹង​ពង្រីក​ទីផ្សារ​កែច្នៃ​ចំបើង​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​
ជាតិ
សេដ្ឋកិច្ច
លោក ចៅ គុណ​សាង ប្រឹង​ពង្រីក​ទីផ្សារ​កែច្នៃ​ចំបើង​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​
17, Mar 2019 , 5:05 pm        
រូបភាព
​ភ្នំពេញ​៖  ទីផ្សារ​ចំបើង​ក្នុងស្រុក​ធំ​ទូលាយ និង​មានតម្លៃ​ល្អប្រសើរ សម្រាប់​អ្នក​កែច្នៃ​ចំបើង​លក់ ដើម្បី​ផ្គត់ផ្គង់​ទៅឱ្យ​កសិដ្ឋាន​ចិញ្ចឹម​គោ និង​កសិដ្ឋាន​បណ្តុះ​ផ្សិត​ជាដើម​។ បច្ចុប្បន្ន​ចំនួន​អ្នកធ្វើអាជីវកម្ម​នេះ មាន​តិចតួច​នៅឡើយ   ដោយ​តម្រូវឱ្យ​មានការ​នាំចូល​ពី​បរទេស​។ លោក ចៅ គុណ​សាង ជា​អ្នកផ្គត់ផ្គង់​ចំបើង​កែច្នៃ​នៅ​ខេត្តបាត់ដំបង បាន​អះអាងថា ចំបើង​នឹង​កើន​ថ្លៃ​ពី​តម្លៃ​ធម្មតា​៤០០០​រៀល ក្នុង​រដូវប្រាំង ទៅ​៧០០០​រៀល ក្នុង​រដូវវស្សា​។



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey យុវជន​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​និយាយថា មូលហេតុ​ដែល​ចំបើង​ឡើងថ្លៃ​ក្នុង​រដូវវស្សា ព្រោះ​ក្នុង​រដូវ​នេះ​មិនសូវមាន​ការកែច្នៃ​ចំបើង និង​ការរក្សា​ទុកដាក់​ចំបើង​ដែល​កែច្នៃ​រួច​មិនមាន​លក្ខណៈ​បច្ចេកទេស​ល្អ​ត្រឹមត្រូវ និង​ធ្វើឱ្យ​ខូច ជាហេតុ​ធ្វើឱ្យ​ខ្វះ​ការផ្គត់ផ្គង់  នឹងធ្វើ​ឱ្យ​តម្លៃ​ឡើងថ្លៃ​ទៅតាម​លក្ខខណ្ឌ​សេដ្ឋកិច្ច​។​


 
​ចៅ គុណ​សាង បាន​បន្ត លោក​បានធ្វើ​អាជីវកម្ម​កែច្នៃ​ចំបើង​នេះ​លក់ នៅ​ដើមឆ្នាំ​២០១៨ ជាមួយ​ដើមទុន​ជិត​១​ម៉ឺន​ដុល្លារ ក្នុង​ការទិញ​ម៉ាស៊ីន​ផលិត​។ បច្ចុប្បន្ន  ទីតាំង​កែច្នៃ​ចំបើង​របស់លោក គុណ​សាង​មាន​ពីរ​កន្លែង ដែលមាន​ទីតាំង​នៅក្នុង​ខេត្តបាត់ដំបង និង​កំពង់ឆ្នាំង សម្រាប់​ដំណើរការ​នៃ​ការកែច្នៃ និង​ផ្គត់ផ្គង់​ចំបើង ទៅឱ្យ​អតិថិជន​នៅតាម​បណ្តា​ខេត្ត​នានា និង​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។ 
 
​អតីត​និស្សិត​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ចំបើង​កែច្នៃ​មួយ​ដុំ​មាន​ទម្ងន់​ជា​មធ្យម​១៥​គីឡូ​ក្រោម លក់បាន​៤០០០​រៀល​សម្រាប់​ចំបើង​ដែល​ផលិត​ចេញពី​ខេត្តបាត់ដំបង និង​៥០០០​រៀល សម្រាប់​ចំបើង​ផលិត​ចេញពី​ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​ក្នុង​រដូវវស្សា​តម្លៃ​ទាំងនេះ នឹង​កើន​ឡើងដល់​៧០០០​ទៅ​៨០០០​រៀល ក្នុង​មួយ​ដុំ​។​
 
​លោក ចៅ គុណ​សាង បាន​និយាយ​ដូច្នេះ​៖«​កាល​ឆ្នាំ​២០១៨ ខ្ញុំ​កែច្នៃ​ចំបើង​បានតែ​៤០០០​ដុំ​។ ចំនួន​នេះ គឺ​មិនអាច​បំពេញ​គ្រប់​នូវ​តម្រូវការ​របស់​អតិថិជន​ខ្ញុំ ព្រោះ​តម្រូវការ​មាន​ច្រើន ពិសេស​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​គោ និង​បណ្តុះ​ផ្សិត​តែម្តង ហើយ​ការផលិត និង​កែច្នៃ​ចំបើង​របស់ខ្ញុំ​នៅក្នុង​ឆ្នាំ​ដំបូង​នៅមានកម្រិត​នៅឡើយ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ខ្ញុំ​នឹង​កែច្នៃ​ចំបើង​បាន​លើសពី​១​ម៉ឺន​ដុំ  ជាក់ស្តែង​មកដល់ពេលនេះ ខ្ញុំ​ផលិត​បាន​ខ្ទង់​៨០០០​ដុំ​ទៅ​៩០០០​ដុំ​ហើយ​។ ដុំ​ចំបើង​ទាំងនោះ បាន​ពី​ការ​កៃ​ច្នៃ​ពី​គល់​ជ្រាំង​ស្រូវ ដែល​កសិករ​ប្រមូល​ផល​រួច​»​។​
 
​បើតាម​រូប​យុវជន​រូបនេះ​ដដែល  ការកែច្នៃ​ចំបើង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​អតិថិជន គឺ​លែង​ជា​បញ្ហា​ហើយ តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការរក្សា ឬ​ស្តុក​ទុក​នៃ​ដុំ​ចំបើង​ទាំងនោះ សម្រាប់​អតិថិជន​នៅក្នុង​រដូវវស្សា​។ តាមរយៈ ការសិក្សា​ទីផ្សារ​ច្រើន​ឆ្នាំ និង​ពិសោធន៍​អនុវត្ត​ផ្ទាល់​បាន​មួយឆ្នាំ​កន្លង ជាទូទៅ​ចំបើង​មានតម្លៃ​ខ្ពស់​ក្នុង​រដូវវស្សា​ដែល​អាច​ឈា​នៅ​ដល់​តម្លៃ​ជិត​១​ម៉ឺន​រៀល​ក្នុង​មួយ​ដុំ ព្រោះ​ក្នុង​រដូវ​នេះ​មិនសូវមាន​ការកែច្នៃ​ចំបើង និង​ការរក្សា​ទុកដាក់​ចំបើង​ដែល​កែច្នៃ​រួច​មិនបាន​ល្អ​(​ខូច​) ជាហេតុ​ធ្វើឱ្យ​ខ្វះ​ការផ្គត់ផ្គង់  នឹងធ្វើ​ឱ្យ​តម្លៃ​ឡើងថ្លៃ​ទៅតាម​លក្ខណៈ​សេដ្ឋកិច្ច​។ នេះ​បើតាម លោក ចៅ គុណ​សាង​។​
 
​ដោយឡែក លោក សួន កក្កដា ជា​កសិករ​បណ្តុះ​ផ្សិតចំបើង​មួយរូប​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល  បាន​និយាយថា លោក​តែងតែ​ទិញ​ចំបើង​ពី​អ្នក​កែច្នៃ​ចំបើង​លក់ ហើយ​ពេលខ្លះ​លោក ក៏បាន​ទិញ​ពី​កសិករ​ផ្ទាល់​ដែល​ប្រមូលស្រូវ​រួច​ដែល​នៅ​ស្រុក​គ្នា​ជិតៗ​គ្នា​ដែរ​។  លោក​បាន​បញ្ជាក់ថា « ជាទូទៅ​ខ្ញុំ​បញ្ជា​ទិញ​ចំបើង​កែច្នៃ​ពី​ខេត្តតាកែវ ដែលមាន​តម្លៃ​៣៥០០​រៀល ក្នុង​មួយ​ដុំ​ទម្ងន់​១៥​គីឡូ​ក្រោម នៅ​ខែប្រាំង និង ៧០០០​រៀល នៅ​ខែវស្សា​»​។ 
 
​លោក សួន កក្កដា បាន​បន្ត​ប្រាប់​សារព័ត៌មាន ThmeyThmey ដូច្នេះ​ថា លោក​បាន​បណ្តុះ​ផ្សិតចំបើង​លក់ នៅលើ​ផ្ទៃដី​ទទឹង​១៥​ម៉ែត្រ បណ្តា​យ​៣០​ម៉ែត្រ បាន​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ​៕ 



Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  កសិកម្ម​
  ចំបើង​
 ​បាត់ដំបង​
 ​កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com