ជាតិ
លោក Benny Widyono អតីតមេដឹកនាំ​ជាន់ខ្ពស់​អ៊ុនតាក់ ទទួលមរណភាព​ក្នុង​អាយុ​៨៣​ឆ្នាំ​
18, Mar 2019 , 12:04 pm        
រូបភាព
ដោយ: រួបរួម
​លោក Benny Widyono អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា (​អ៊ុនតាក់​) និង​ជា​អ្នកនិពន្ធ បានទទួល​មរណភាព​ក្នុង​អាយុ​៨៣​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ចែករំលែក​ពី​ដំណឹង​មរណទុក្ខ​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​



​បណ្ឌិត Benny Widyono  ជា​អ្នកការទូត​ម្នាក់​របស់​អង្គការសហប្រជាជាតិ​ដែល​បំពេញបេសកកម្ម​នៅ​កម្ពុជា ថៃ ស៊ី​លី និង​ញូវយ៉ក (​សហរដ្ឋអាមេរិក​)​។ បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​រូបនេះ ត្រូវបាន​ចាត់ទុក​ជាម​ហា​មិត្ត​ម្នាក់​របស់​កម្ពុជា តាមរយៈ​តួនាទី​ដ៏​ធំ​របស់លោក​ក្នុងនាម​ជា​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៧​។​

​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ លោក Widyono ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Connecticut សហរដ្ឋអាមេរិក ដើរតួនាទី​ជា​មេដឹកនាំ​រក្សា​សន្តិភាព​ក្នុង​ជួរ​អ៊ុនតាក់​នៅ​ខេត្តសៀមរាប ហើយពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៧ លោក​បាន​ធ្វើជា​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។​

​ទោះបីជា​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​លោក Widyono នៅតែ​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​កម្ពុជា តាមរយៈ​ការងារ​ជា​គ្រូ​ឧទ្ទេសនាម​។ បន្ថែម​ពីលើ​នេះ លោក​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ទៀត ក្នុង​មាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាដើម​។ លោក​ក៏មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​សង្គម​ស៊ីវិល​ផងដែរ​។​


​លោក Widyono ក៏​ជា​អ្នកនិពន្ធ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ច្បាស់​ពី​កម្ពុជា​។ ក្នុងចំណោម​សៀវភៅ​ល្បីៗ​របស់លោក សៀវភៅ « Dancing in the shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia» (​រេ​រាំ​ក្នុង​ស្រមោល​៖​សម្តេច​ព្រះសីហនុ​, ខ្មែរក្រហម និង អង្គការសហប្រជាជាតិ​ក្រោយ​សម័យ​ប្រល័យពូជសាសន៍ នៅ​កម្ពុជា​) ផ្តល់​ឯកសារ​ដ៏​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​។​


​លោក Widyono ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ជ្រោមជ្រែង​កម្ពុជា ជាពិសេស​ក្នុង​សំណុំរឿង​ព្រះវិហារ ដោយ​លោក​ធ្លាប់បាន​អះអាង​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ថៃ​បានធ្វើ​ការឈ្លានពាន​មកលើ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com