រថយន្ត
អន្តរជាតិ
ស្ត្រីបារាំងម្នាក់រងពិន័យជាង១៥០ដុល្លារព្រោះជក់បារីក្នុងរថយន្តពេលកូននៅជាមួយ
× ច្បាប់នៅប្រទេសបារាំង បានហាមឃាត់អ្នកប្រើប្រាស់យានយន្តជក់បារី ខណៈដែលពួកគេស្ថិតនៅជាមួយអនីតិជន។ ស្ត្រីម្នាក់ឈ្មោះ Christelle បានភ្លេចខ្លួន ដោយគាត់បានល្មើសច្បាប់នេះ ហើយទីបំផុតរងការពិន័យចំនួន១៣៥អឺរ៉ូ (ជាង១៥០ដុល្លារអាមេរិក)។
អ្នកស្រី Christelle ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញលិខិតពិន័យ ដែលផ្ញើទុកក្នុងប្រអប់ដាក់សំបុត្ររបស់ខ្លួន។ ស្ត្រីដែលរស់នៅក្រុង Royan ដេប៉ាតឺម៉ង់ Charente-Maritime ប្រទេសបារាំង រូបនេះ រងការចោទប្រកាន់ថា បានជក់បារីនៅចំពោះមុខកូនរបស់ខ្លួន ខណៈស្ថិតនៅក្នុងរថយន្ត។
ក្រោយរងពិន័យ១៣៥អឺរ៉ូ អ្នកស្រី Christelle បានបញ្ជាក់ប្រាប់កាសែត Sud-Ouest ថា អ្នកស្រីច្រលំពាក់ព័ន្ធនឹងផ្លូវច្បាប់។ អ្នកស្មានថា ច្បាប់ហាមឃាត់តែការជក់មុខក្មេងក្រោយអាយុ១២ ឬ១៣ឆ្នាំប៉ុណ្ណោះ ដោយភ្លេចគិតថា កូនប្រុសរបស់គាត់ដែលមានអាយុ១៧ឆ្នាំ ក៏ជាអនីតិជនម្នាក់ផងដែរ។
មាត្រាច្បាប់នៅបារាំងស្តីពីសុខភាពសាធារណៈ បានហាមប្រាមការជក់បារីក្នុងរថយន្តដែលមានវត្តមានក្មេងអាយុក្រោម១៨ឆ្នាំ។ បើតាមគេហទំព័រ service-public.fr អ្នកប្រព្រឹត្តខុសប្រឈមការពិន័យរហូតដល់ទៅ៧៥០អឺរ៉ូផងដែរ ប៉ុន្តែជាទូទៅ គឺស្ថិតក្នុងរង្វង់១៣៥អឺរ៉ូ។
អ្នកស្រី Christelle សោកស្តាយចំពោះការធ្វេសប្រហែសរបស់ខ្លួន។ លោកស្រី Jacqueline Cazorla ស្នងការប្រចាំក្រុង Royan បានបញ្ជាក់ប្រាប់ Sud-Ouest ថា លោកស្រីមិនចង់ត្រឹមតែការហាមប្រាមជក់បារីនោះឡើយ តែលោកស្រីចង់ហាមការបើករថយន្តដោយប្រើទូរសព្ទ និងកាន់សាំងវិចនៅក្នុងដៃ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com