ជាតិ
សម្ដេច ហ៊ុន សែន សន្យា​មិន​ឲ្យ​បញ្ហា​អគ្គិសនី ប៉ះពាល់​ដល់​ការវិនិយោគ​ក្នុងស្រុក​ឡើយ​
18, Mar 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ខ្វះ​កម្លាំង​អគ្គិសនី​៤០០​មេ​ហ្គា​វ៉ា​ត់ ទើប​ឲ្យ​តំបន់​មួយចំនួន មានការ​រអាក់រអួល ក្នុងការ​ប្រើប្រាស់​អគ្គិសនី​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ យោគយល់​លើ​បញ្ហា​អគ្គិសនី មួយរយៈ​ពេល​ចុង​ក្រោយនេះ​។​

 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ទៅ​រដ្ឋាភិបាល​តួ​ក​គី​ឲ្យ​ជួយ​បញ្ជូន​នាវា​ផ្ទុក​ម៉ាស៊ីនភ្លើង​មក​កម្ពុជា សម្រាប់​ទាញយក​កម្លាំង​អគ្គិសនី​ផ្គត់ផ្គង់​ក្នុងស្រុក​។ ប៉ុន្តែ​ការស្នើសុំ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ មិនទាន់មាន​ការឆ្លើយ​តប​ណាមួយ​ពី​ភាគី​តួ​ក​គី​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​សម្ដេច ហ៊ុន សែន ក៏បាន​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម និង​ថៃ ឲ្យ​ជួយផ្ដល់​កម្លាំង​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា ប៉ុន្តែ​ភាគី​ទាំងពីរ​នោះ មិន​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ តាម​សំណើ​របស់​កម្ពុជា​បានទេ ដោយសារ​ពួកគេ​ក៏​ជួប​បញ្ហា​កង្វះ​អគ្គិសនី​ប្រើប្រាស់​ក្នុងស្រុក​ដែរ ខណៈ​ឡាវ​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា ប៉ុន្តែ​កម្ពុជា​ខ្វះ​ឧបករណ៍​ត​ភ្ជាប់​។​
 
​ជា​ជម្រើស​ចុងក្រោយ​នៃ​ការដោះស្រាយ​បញ្ហា​អគ្គិសនី​នេះ សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​អាជីវកម្ម​នៅ​កម្ពុជា ប្រើប្រាស់​ម៉ាស៊ីនភ្លើង ដើម្បី​ទាញយក​កម្លាំង​អគ្គិសនី​ប្រើប្រាស់​សិន ទម្រាំ​តែ​ដំណើរការ​អគ្គិសនី​នេះ វិល​មករក​ធម្មតា​វិញ​។ ដ្បិត​ជួបប្រទះ​បញ្ហា​អគ្គិសនី​ក្តី ក៏​សម្ដេច ហ៊ុន សែន សន្យា​មិន​ឲ្យ​ប៉ះពាល់​ដល់​ការវិនិយោគ​នៅក្នុង​តំបន់ឧស្សាហកម្ម​នានា​ឡើយ​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​នឹង​បញ្ជូន​អគ្គិសនី​ទៅ​តំបន់​វិនិយោគ​ទាំងនោះ ឲ្យ​មានលទ្ធភាព​ប្រើប្រាស់​គ្រប់គ្រាន់ សម្រាប់​ចង្វាក់​ផលិតកម្ម ដោយ​មិន​ឲ្យ​ខ្វះខាត​នោះទេ​។​
 
​សូម​ស្ដាប់​សំឡេង​សម្ដេច​៖



 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​អ៊ីចឹង​បញ្ហា​(​អគ្គិសនី​)​នេះ ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​របស់​យើង​អត់ធ្មត់ ជាមួយ​សភាពការណ៍​ដ៏​លំបាក​នេះ​។ តែ​វា​មិន​ដល់​កម្រិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ផលិតកម្ម គឺ​អត់​ទេ​។ យ៉ាងណា​យើង​នៅមាន​ភ្លើង​ជាង​១០០០​មេ​ហ្គា​វ៉ា​ត់ កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ ហើយ​បើ​ប្រៀបធៀប​នឹង​តម្រូវការ​យើង​ខ្វះ​ជាង​៤០០​មេ​ហ្គា​វ៉ា​ត់​…»​។​
 
​ដោយសារតែ​កម្ពុជា​ខ្វះ​អគ្គិសនី​ជាង​៤០០​មេ​ហ្គា​វ៉ា​ត់​នេះហើយ ទើប​ឲ្យ​តំបន់​មួយចំនួន មានការ​រអាក់រអួល ក្នុងការ​ប្រើប្រាស់​។ នោះ​ក៏​ព្រោះតែ​ខាង​អគ្គិសនី​កម្ពុជា ត្រូវការ​រុញ​អគ្គិសនី​ពី​តំបន់​ខ្លះ យកទៅ​ផ្គត់ផ្គង់​តំបន់​ផ្សេងទៀត ដែលមាន​តម្រូវ​ការចាំបាច់​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​អះអាងថា បញ្ហា​អគ្គិសនី​នេះ វា​ជា​រឿង​ចាស់ ដែល​តែងតែ​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត​ប៉ុណ្ណោះ​។​
 
 
​ត្រង់ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល បាន​ពន្យល់ថា បញ្ហា​អគ្គិសនី​កើតឡើង​នេះ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង ដែលជា​មូលហេតុ​នាំ​ឲ្យ​ខ្វះខាត​ទឹក ក្នុងការ​ផ្គត់ផ្គង់​ដល់​វា​រី​អគ្គិសនី បញ្ចេញ​ថាមពល​ប្រើប្រាស់​។ 
 
​ទាក់ទង​នឹង​បញ្ហា​ទឹក​ដែរ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ចុះ​ដោះស្រាយ​ភ្លាមៗ ដល់​ពលរដ្ឋ​ក្នុង​តំបន់ និង​មូលដ្ឋាន​នីមួយៗ តាមរយៈ​ការជីក​អណ្ដូង ឬ​ប្រឡាយ​សម្រាប់​ពួកគេ ពោលគឺ​មិនចាំបាច់​ដឹក​ទឹក​ពី​កន្លែង​ផ្សេង​ទៅ​ផ្គត់ផ្គង់ ដែល​នាំ​តែមាន​ផល​លំបាក​នោះឡើយ​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​នឹងរង​ឥទ្ធិពល El nino ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ក្តៅ​ចាប់ពី​៤០-៤២​អង្សារ ចាប់ពី​ខែមេសា ដល់​ខែឧសភា​ខាងមុខនេះ​៕
 

Tag:
 ​ហ៊ុន សែន​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com