អន្តរជាតិ
រកឃើញប្លាស្ទិក៤០គីឡូក្រាម ក្នុងពោះត្រីបាឡែនងាប់មួយក្បាលនៅឆ្នេរហ្វីលីពីន
× ត្រីបាឡែនមួយក្បាល ត្រូវបានគេប្រទះឃើញថា ងាប់ និងត្រូវបានស្រង់ចេញពីទឹកសមុទ្រក្នុងប្រទេសហ្វីលីពីន។ ចំពោះមូលហេតុនៃការងាប់វិញ អ្នកស្រាវជ្រាវពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថា ប្លាស្ទិកប្រមាណ៤០គីឡូក្រាមក្នុងពោះរបស់សត្វនេះ។
ក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រមកពីសារមន្ទីរ The D’ Bone Collector ក្នុងទីក្រុង Davao នៃកោះ Mindanao ប្រទេសហ្វីលីពីន តក់ស្លុតជាខ្លាំង ក្រោយរកឃើញពីមូលហេតុនៃការស្លាប់ដ៏សាហាវរបស់ត្រីបាឡែនមួយក្បាលនេះ ដែលត្រូវបានស្រង់ចេញពីទឹកកាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនាកន្លងទៅ។
នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន សារមន្ទីរនេះ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យសាកសពត្រីនេះរួច ពួកគេបានរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាម រួមមាន បាវអង្ករចំនួន ១៦, ថង់ច្រកផ្លែចេកចំនួន ៤ និងថង់ទំនិញជាច្រើនប្រភេទទៀតនៅក្នុងពោះរបស់សត្វត្រីបាឡែននេះ។
ក្រុមអ្នកជំនាញមកពីសារមន្ទីរ The D’ Bone Collector ដែលជាអ្នកពិនិត្យលើសាកសពត្រីនេះ បានលើកឡើងថា វាគឺបរិមាណប្លាស្ទិកច្រើនបំផុតដែលក្រុមពួកគេធ្លាប់បានឃើញក្នុងពោះត្រីបាឡែន។ នេះបើតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកហ្វីលីពីន Inquirer.net ដោយបន្ថែមថា៖ «វាគួរឲ្យខ្ពើមខ្លាំងណាស់»។ ទន្ទឹមនឹងគ្នានេះ ក្រុមអ្នកស្រាវជ្រាវនេះ ក៏ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ ជាពិសេស គឺទៅលើក្រុមអ្នកបោះចោលសំរាមចូលទៅក្នុងទឹកសមុទ្រតែម្តង។
ការប្រើប្រាស់ប្លាស្ទិកគឺជារឿងដ៏ស្មុគស្មាញមួយ ដែលពិបាកនឹងទប់ស្កាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍ឆ្នាំ២០១៧មួយរបស់អង្គការ Ocean Conservancy បានបង្ហាញថា ប្រទេសចិន, ឥណ្ឌូណេស៊ី, ថៃ និងវៀតណាម កំពុងបោះចោលប្លាស្ទិកចូលទៅក្នុងមហាសមុទ្រច្រើនជាងប្រទេសនៅទូទាំងពិភពលោកបូកបញ្ចូលគ្នាទៅទៀត។
អ្នកជីវវិទូផ្នែកសមុទ្រម្នាក់ឈ្មោះថា Darrell Blatchley ដែលជាម្ចាស់នៃសារមន្ទីរ D’Bone Collector បាននិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោយពិនិត្យលើសត្វផ្សោតសមុទ្រនិងត្រីបាឡែន ប្រមាណ៥៧ក្បាលក្នុងចំណោមសត្វត្រីទាំងនោះ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែសំរាម និងប្លាស្ទិកនៅក្នុងពោះ។
សូមរម្លឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ត្រីបាឡែនមួយក្បាល ត្រូវបានប្រទះឃើញស្លាប់ក្នុងតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសថៃ បន្ទាប់ពីលេបថង់ផ្លាស្ទិកជាង៨០ដែលមានទម្ងន់៨គីឡូក្រាមចូលទៅក្នុងពោះ៕
Tag:
ហ្វីលីពីន
បា្លស្ទិក
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com