កីឡាអន្តរជាតិ
អន្តរជាតិ
ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​រង​ការ​រិះគន់ថា ប្រើ «​ស្តង់ដារ​ពីរ​» ព្រោះ​មិន​រំលឹក​ដល់​អ្នកស្លាប់​នៅ​នូ​វែ​ល​សេ​ឡង់​
18, Mar 2019 , 6:19 pm        
រូបភាព
កីឡាករ Man Utd និង Watford កំពុងគោរពការស្លាប់ក្រោយការវាយប្រហារនៅប៉ារីសឆ្នាំ២០១៥
កីឡាករ Man Utd និង Watford កំពុងគោរពការស្លាប់ក្រោយការវាយប្រហារនៅប៉ារីសឆ្នាំ២០១៥
ដោយ: ថ្មីៗ
​ក្របខណ្ឌ Premier League, Football League និង​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ត្រូវបាន​ចោទប្រកាន់ថា​មាន​«​ស្តង់ដារ​ពីរ​» ដោយសារ​ពួកគេ​មិន​គោរព​វិញ្ញាណក្ខន្ធ​ដល់​មនុស្ស​៥០​នាក់​ដែល​បាន​ស្លាប់​ដោយ​ការវាយប្រហារ​មួយ​នៅក្នុង​វិហារ​ឥស្លាម​ចំនួន​២​កន្លែង​ក្នុង​ក្រុង Christchurch របស់​នូ​វែ​ល​សេ​ឡង់​កាល​ថ្ងៃទី ១៥ ខែមីនា​។​

 
​ការប្រកួត​កីឡាបាល់ទាត់​ក្នុង​ក្របខណ្ឌ​ចំនួន​៦ និង​ការប្រកួត​លី​គ​បាល់ឱប​សុទ្ធតែ​បាន​ប្រារព្ធ​ពិធី​ស្មឹង​ស្មាធិ​ក្នុង​ទីលាន​មុន​ការប្រកួត​កាល​ចុង​សប្តាហ៍ ប៉ុន្តែ​ក្នុងការ​ប្រកួត​នៅ​លី​គ​កំពូល​អង់គ្លេស និង​ការប្រកួត FA Cup មិនបាន​បង្ហាញ​ការគោរព​នេះឡើយ​។​
 
​ក្លិប​នៅ Premier League ធ្លាប់​ចង​ក្រណាត់​ខ្មៅ​ហើយ​ចាក់​បទ​ចំរៀង​ជាតិ​របស់​បារាំង​បន្ទាប់ពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​បង្ហាញ​ការគោរព​ដល់​អ្នកស្លាប់ ១៣០​នាក់ ក្នុង​ហេតុការណ៍​នោះ​។​
 
​ទង្វើ​បែបនេះ លោក Yunus Lunat អតីត​ប្រធាន​គណៈកម្មាធិការ​សមភា​ព​ពូជសាសន៍​របស់ FA បាន​ហៅថា​ជា​អាកប្បកិរិយា «​បែប​លាក់ពុត​»​។​
 
​លោក Lunat បាន​ប្រាប់ BBC Sport ថា​៖«​មិនមែន​រឿង​អាច​ដោះសារ​ឡើយ នៅពេល​ដែលមាន​ហេតុការណ៍​កើតឡើង​ដូចគ្នា​តែ​ក្រុមកីឡា​បាល់ទាត់​មិនមាន​ការគោរព​ដូចគ្នា​នោះ​។ វា​ជា​ស្តង់ដារ​ពីរ​និង​ភាព​លាក់ពុត ហើយ​ការ​ស្មឹង​ស្មាធិ​រយៈពេល​មួយ​នាទី​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​»​។ 
 
​សូមបញ្ជាក់ថា ករណី​បាញ់ប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែមីនា បានសម្លាប់​រង្គាល​មនុ​ស្ស​អស់​ចំនួន​សរុប ៤៩​នាក់​។ អាជ្ញាធរ និង​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​បាន​ចាត់ទុកថា វា​ជា​ថ្ងៃ​ដ៏​អាក្រក់​និង​ខ្មៅ​ងងឹត​សម្រាប់​នូ​វែ​ល​សេ​ឡង់​ផងដែរ​៕

Tag:
 បាល់ទាត់​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com