អន្តរជាតិ
រដ្ឋអាជ្ញា ICC ៖ ទោះដកខ្លួន ហ្វីលីពីននៅតែស្ថិតក្រោមការស៊ើបអង្កេតដដែល លោកស្រី Fatou Bensouda ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ (រូបភាព AFP)
× រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី១៨ ខែមីនា បានអះអាងពីយុត្តាធិការរបស់ខ្លួនលើការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្វីលីពីនដដែល។ ហ្វីលីពីន បានដកខ្លួនចេញពីភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមផ្លូវការនៅថ្ងៃទី១៧ ខែមីនា បន្ទាប់ពីរដ្ឋអាជ្ញាតុលាការអន្តរជាតិមួយនេះចាប់ផ្ដើមនីតិវិធីស៊ើបអង្កេតបឋមរបស់ខ្លួនក្នុងសង្គ្រាមគ្រឿងញៀនដែលបង្កដោយរដ្ឋាភិបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ។ ប៉ុន្តែក្រុងម៉ានីលប្រកាសហើយថា ខ្លួនមិនសហការឡើយ។
ហ្វីលីពីន បានប្រកាសលុបចោលការផ្ដល់សច្ចាប័នលក្ខន្តិកៈទីក្រុងរ៉ូមកាលពីខែមីនា ឆ្នាំ២០១៨ ហើយមួយឆ្នាំក្រោយមក ក៏ដកខ្លួនផ្លូវការតែម្ដង។ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ សម្រេចចិត្តបែបនេះ ក៏ព្រោះតែលោកក្ដៅចិត្តនឹងរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda ផ្ដើមគំនិតបើកការស៊ើបអង្កេតលើករណីយុទ្ធនាការបោសសម្អាតគ្រឿងញៀនថា អាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឬទេ។
ការបើកការស៊ើបអង្កេតបឋមនេះ ធ្វើឡើងក្រោយតុលាការរកឃើញមូលហេតុសមស្របដើម្បីស្វែងរកការពិតក្នុងយុទ្ធនាការដែលសម្លាប់មនុស្សរាប់ពាន់នាក់មកហើយ។ ទោះជាហ្វីលីពីនដកខ្លួនចប់សព្វគ្រប់ហើយក៏ដោយ តុលាការព្រហ្មទណ្ឌ និងអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោកមួយនេះ នៅតែអាចបន្តការស៊ើបដដែល។ លោកស្រី Bensouda ប្រកាសថា ការស៊ើបអង្កេតមិនត្រូវបានបញ្ចប់ដោយការចាកចេញរបស់ហ្វីលីពីន។
ជាងមួយឆ្នាំមកនេះ លោកស្រីរដ្ឋអាជ្ញា Bensouda កំពុងប្រមែប្រមូលភស្តុតាងនានាដើម្បីត្រួតពិនិត្យតាមនីតិវិធីរបស់តុលាការ។ បន្ទាប់មក រដ្ឋអាជ្ញារូបនេះនឹងសម្រេចថា ករណីសម្លាប់មនុស្សរាប់ពាន់នាក់នៅហ្វីលីពីនអំឡុងពេលយុទ្ធនាការបោសសម្អាតរបស់លោក ឌូទើតេ គឺគ្រប់គ្រាន់ដើម្បីឈានទៅដល់ការស៊ើបអង្កេតផ្លូវការឬយ៉ាងណា។
តាមមាត្រា ៥ នៃលក្ខន្តិកៈក្រុងរ៉ូមដែលជាលិខិតបទដ្ឋានបង្កើត ICC នៅឆ្នាំ២០០២ បទល្មើសព្រហ្មទណ្ឌដែលស្ថិតក្នុងយុត្តាធិការតុលាការមានដូចជា បទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ , បទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, បទល្មើសឧក្រិដ្ឋកម្មសង្គ្រាម និងបទល្មើសឧក្រិដ្ឋកម្មនៃការឈ្លានពានជាដើម ។ រាល់ភាគី ដែលជាសមាជិករបស់តុលាការ នឹងត្រូវប្រឈមមុខជាមួយនឹងតុលាការ ប្រសិនបើបានប្រព្រឹត្តបទល្មើសទាំងនោះ។
យ៉ាងណាមិញ តុលាការនេះក៏រងការរិះគន់ខ្លាំងក្នុងការដោះស្រាយវិវាទកន្លងមក។ ប៊ូរុនឌីដែលដកខ្លួនចេញពីតុលាការនេះអះអាងថា តុលាការអន្តរជាតិកាត់ក្ដីតែមេដឹកនាំអាហ្វ្រិកប៉ុណ្ណោះ។ នេះក៏ព្រោះតែតែសំណុំរឿងដែលស្ថិតក្នុងដៃតុលាការទាំងកំពុងស្ថិតក្នុងដំណើរការកាត់ក្ដី ឬការស៊ើបអង្កេត គឺពាក់ព័ន្ធមេដឹកនាំអាហ្វ្រិកសុទ្ធសាធតែម្ដង។ នៅអាស៊ានវិញ ក្រៅពីហ្វីលីពីន មីយ៉ាន់ម៉ាក៏ជាប់ឈ្មោះក្នុងបញ្ជីស៊ើបអង្កេតបឋមដែរជុំវិញវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕
Tag:
ហ្វីលីពីន
ICC
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com