បុគ្គលិក្រុមហ៊ុន Ford រាប់ពាន់នាក់ជុំវិញពិភពលោក នឹងចូលរួមក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍កាលពីខែកញ្ញាឆ្នាំមុន ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង។ នេះគឺជាផ្នែកមួយនៃគម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថាន ជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកលរបស់ក្រុមហ៊ុន Ford (Ford Global Caring Month)។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន RMA Cambodia បានសាងសង់បណ្ណាល័យនៅវិទ្យាល័យហេងសំរិនចក ខេត្តត្បូងឃ្មុំ។ បណ្ណាល័យនេះ បានក្លាយជាមជ្ឈមណ្ឌលសិក្សា សម្រាប់សិស្សជាង 600 នាក់ដែលរស់នៅក្នុងសហគមន៍នោះ។
នៅឆ្នាំនេះអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន RMA Cambodia សហការជាមួយ សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុងការសាងសង់សាលាមត្តេយ្យសហគមន៍ចំនួន២ខ្នង ដែលមួយខ្នងស្ថិតនៅភូមិអន្លង់មាន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និង១ខ្នងទៀតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ក្នុងថ្ងៃនេះក្រុមហ៊ុន RMA Cambodia និងសមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association) បានរៀបចំពិធីសម្ពោធសាលាមត្តេយ្យសហគមន៍ទីមួយ ក្នុងភូមិអន្លង់មាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងបានចូលរួមលាបថ្នាំបន្ទប់រៀន សាងសង់សួនកុមារ ដាំកូនឈើរៀបចំសួនច្បារនៅសាលាមតេយ្យសហគមន៍ផងដែរ។
ក្រៅពីនេះក៏មានសកម្មភាពចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស ក៏ដូចជាគ្រឿងបរិក្ខារមួយចំនួនដូចជាតុ និងកៅអីសិក្សាផងដែរ។ ដោយឡែក សម្រាប់សាលាមត្តេយ្យសហគមន៍១ខ្នងទៀត ដែលស្ថិតនៅភូមិចំរេះ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នឹងត្រូវបានសាងសង់រួចរាល់ ក្នុងពេលឆាប់ៗនេះ។
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត ហ្វដ នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖«យើងពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងគម្រោងមូលនិធិ អភិរក្សនិងការពារបរិស្ថាន ជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកល របស់ក្រុមហ៊ុន Ford (Ford Global Caring Month) ហើយវាពិតជាអស្ចារ្យណាស់ ដែលក្រុមការងាររបស់យើងរួមគ្នា ដើម្បីជួយឲ្យមានភាពរីកចម្រើនដល់សហគមន៍យើង»។
មូលនិធិ អភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និងមូលនិធិគាំពារសហគមន៍ជាសកល របស់ក្រុមហ៊ុន Ford (Ford Global Caring Month) គឺជាផ្នែកមួយនៃគម្រោងមូលនិធិប្រចាំឆ្នាំ របស់ក្រុមហ៊ុន Ford។ ចាប់តាំងពីបើកដំណើរការដំបូងនៅឆ្នាំ 2005 ដោយលោក Bill Ford នាយកប្រតិបត្តិក្រុមហ៊ុន Ford ក្រុមស្ម័គ្រចិត្តរបស់ Ford បានចំណាយពេលវេលាសរុបប្រហែល 1,5 លានម៉ោង ក្នុងការចូលរួមចំណែកក្នុងសហគមន៍ នៅក្នុង 50 ប្រទេស ដែលក្នុងនោះមានការផ្ដល់ជាវិភាគទានសរុបជាង $40 លានដុល្លារ។
កាលពីខែកញ្ញា ឆ្នាំ 2018 ក្រុមអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន Ford នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងមួយចំនួនធំ នៅតាមទីក្រុង ទីប្រជុំជននិងភូមិនានានៅលើទ្វីបចំនួន 6 ។ មូលនិធិរបស់ក្រុមហ៊ុន Ford ជាង 700,000 ដុល្លារបានចូលរួមជាវិភាគទាន ដើម្បីទិញឧបករណ៍ និងសម្ភារផ្គត់ផ្គង់សម្រាប់គម្រោងជាច្រើននៅជុំវិញពិភពលោក។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់របស់ Ford នឹងចូលរួមនៅក្នុងគម្រោងជាច្រើននៅក្នុងប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីននិងក្រុមហ៊ុន Ford ដែលនៅតាមបណ្តាប្រទេសដទៃទៀត។
លោក Jim Vella ប្រធានមូលនិធិសកលរបស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ «អ្នកស្ម័គ្រចិត្តក្រុមហ៊ុនFord បានចូលរួមអភិវឌ្ឍន៍ដល់សហគមន៍ឲ្យមានការល្អប្រសើរឡើងមួយតាមរយៈសកម្មភាពផ្សេងៗដូចជា ការដាំដើមឈើ ការសាងសង់អណ្ដូងទឹកស្អាត សាងសង់ផ្ទះ និងសាងសង់សាលារៀន។ យើងកំពុងពង្រឹងសហគមន៍របស់យើងដោយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នា»៕
(អត្ថបទពាណិជ្ជកម្ម)